ជាតិ
សេដ្ឋកិច្ច
កម្ពុជាពង្រីកការទូទាត់ប្រាក់រៀល​តាម QR Code ដល់ម៉ាឡេស៊ី
27, Feb 2024 , 8:19 pm        
រូបភាព
លោកស្រី ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជាចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ស្តីពី «កិច្ចសហប្រតិបត្តិការផ្នែកនវានុវត្តន៍ហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់សងប្រាក់» ជាមួយ លោក Abdul Rasheed Ghaffour ទេសាភិបាល ធនាគារកណ្តាលម៉ាឡេស៊ី ក្រោមអធិបតីភាពសម្តេច​ ហ៊ុន ម៉ាណែត និង លោក Anwar Ibrahim នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ី នៅក្នុងកិច្ចប្រជុំទ្វេភាគី អំឡុងដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេច នៅទីក្រុងកូឡាឡាំពួ នាថ្ងៃទី២៧កុម្ភៈ។ រូបថត៖ NBCjpg
លោកស្រី ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជាចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ស្តីពី «កិច្ចសហប្រតិបត្តិការផ្នែកនវានុវត្តន៍ហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់សងប្រាក់» ជាមួយ លោក Abdul Rasheed Ghaffour ទេសាភិបាល ធនាគារកណ្តាលម៉ាឡេស៊ី ក្រោមអធិបតីភាពសម្តេច​ ហ៊ុន ម៉ាណែត និង លោក Anwar Ibrahim នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ី នៅក្នុងកិច្ចប្រជុំទ្វេភាគី អំឡុងដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេច នៅទីក្រុងកូឡាឡាំពួ នាថ្ងៃទី២៧កុម្ភៈ។ រូបថត៖ NBCjpg
កម្ពុជាបានពង្រីកការទូទាត់ប្រាក់រៀលតាមប្រព័ន្ធឌីជីថល (ស្កេន QR Code) ជាមួយម៉ាឡេស៊ី។ នេះជាផ្នែកមួយនៃអនុស្សរណៈយោគយល់ ដែលត្រូវបាន​ចុះហត្ថលេខា​ដោយលោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ជាមួយលោក Abdul Rasheed Ghaffour ទេសាភិបាលធនាគារកណ្ដាលម៉ាឡេស៊ី​នាអំឡុងនៃដំណើរទស្សនកិច្ច​ផ្លូវការរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅម៉ាឡេស៊ីថ្ងៃទី២៧កុម្ភៈ។​
 
តាម​សេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជា កិច្ចសហប្រតិបត្តិការ​ជំរុញនវានុវត្តន៍ហិរញ្ញវត្ថុ និង​ប្រព័ន្ធទូទាត់សងប្រាក់ នឹងផ្តល់ប្រយោជន៍ដល់ប្រជាពលរដ្ឋ និងធុរជនរបស់ប្រទេសទាំងពីរ ជាពិសេសការ​ជួយលើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុក្នុងស្រុកសម្រាប់ការទូទាត់ ព្រមទាំងជួយ​គាំទ្រដល់យន្តការកិច្ចសហការត្រួតពិនិត្យការទូទាត់ឆ្លងដែន ឱ្យកាន់តែមានសុវត្ថិភាព។​
 
«ការណ៍នេះ នឹងផ្តល់នូវភាពងាយស្រួលដល់ពលរដ្ឋម៉ាឡេស៊ី អាចទូទាត់ប្រាក់របស់ខ្លួនដោយគ្រាន់តែស្កេនឃ្យូអរកូតរបស់អាជីវករណាមួយកម្ពុជា។ រីឯពលរដ្ឋកម្ពុជាក៏អាចទូទាត់តាមរយៈការស្កេនឃ្យូអរកូតនៅម៉ាឡេស៊ីទៅវិញទៅមក បានផងដែរ ដោយប្រើប្រាស់រូបិយវត្ថុក្នុងស្រុកសម្រាប់ការទូទាត់»។ នេះបើតាម​ការ​លើក​ឡើង​របស់​ធនាគារជាតិនៃកម្ពុជា។
 
អនុស្សារណៈយោគយល់ដែលត្រូវបាន​ចុះហត្ថលេខា​នៅ​ចំពោះមុខ​ប្រមុខ​រដ្ឋាភិបាលទាំងពីរ ​នឹងជួយសម្រួលដល់សកម្មភាពពាណិជ្ជកម្ម និងវិស័យទេសចរណ៍របស់ប្រទេសទាំងពីរ ព្រមទាំងជួយទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចក្នុងតំបន់។ ជាមួយគ្នានេះ វានឹងផ្តល់​អត្ថប្រយោជន៍​ដល់​ពាណិជ្ជករទូទាត់រាយនៃប្រទេសទាំងពីរដែលទទួលយកការទូទាត់តាមស្កេនឃ្យូអរកូតមានប្រមាណ៥លានទីតាំង រាប់បញ្ចូលទាំងអាជីវកម្ម ខ្នាតតូច។
 
សម្រាប់​លោកស្រី ជា សិរី នេះជា​ការ​បោះជំហាន​ដ៏សំខាន់មួយដើម្បី​ឆ្ពោះ​ទៅរក​ការពង្រឹង​កិច្ច​សហប្រតិបត្តិការ​របស់​ធនាគារកណ្តាលទាំងពីរ។
 
លោកស្រីទេសាភិបាល បាន​បន្ថែមថា៖ «តាមរយៈអនុស្សរណៈយោគយល់នេះ ធនាគារជាតិនៃកម្ពុជានិងធនាគារកណ្តាលម៉ាឡេស៊ី នឹងសហការគ្នា ដើម្បីជំរុញនវានុវត្តន៍ហិរញ្ញវត្ថុ និងកែលម្អប្រព័ន្ធទូទាត់ឆ្លងដែនសំដៅជំរុញ សកម្មភាពពាណិជ្ជកម្ម និងបរិយាបន្នហិរញ្ញវត្ថុរបស់ប្រទេសទាំងពីរព្រមទាំងជួយលើកកម្ពស់ការប្រើប្រាស់ រូបិយវត្ថុក្នុងស្រុក ស្របតាមគោលដៅរបស់អាស៊ាន»។
 
ជាមួយគ្នានេះ លោក Abdul Rasheed Ghaffour ទេសាភិបាលធនាគារកណ្ដាលម៉ាឡេស៊ី មើលឃើញថា អនុស្សរណៈយោគយល់នេះបានឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តរបស់ធនាគារកណ្តាលទាំងពីរក្នុងការលើកកម្ពស់ប្រតិបត្តិការទូទាត់ឆ្លងដែន ការផ្ទេរប្រាក់ និងការទូទាត់ដោយប្រើប្រាស់រូបិយវត្ថុជាតិ។ «​កិច្ចសហការនេះ នឹងធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀត នូវកិច្ចសហប្រតិបត្តិការយូរអង្វែងរវាងធនាគារកណ្តាល ម៉ាឡេស៊ី និងធនាគារជាតិនៃកម្ពុជា ក្នុងបុព្វហេតុផលប្រយោជន៍របស់ពលរដ្ឋ និងធុរជននៃប្រទេសទាំងពីរ»។
 
សម្រាប់លោក Abdul Rasheed Ghaffour  ការណ៍ខាងលើនេះនឹងជាកម្លាំងចលករមួយក្នុងការជំរុញនវានុវត្តន៍ និងសមាហរណកម្មហិរញ្ញវត្ថុដែលនឹងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់។
 
បច្ចុប្បន្ន កម្ពុជាកំពុងអនុវត្តការទូទាត់សងប្រាក់តាមប្រព័ន្ធឌីជីថល(ស្កេនឃ្យូអរកូត) ជាមួយថៃ វៀតណាម ឡាវ និងជាមួយក្រុមហ៊ុន Union Pay International របស់ប្រទេសចិន។ 
 
ក្រៅពីនេះ ធនាគារជាតិនៃកម្ពុជានឹងពង្រីកកិច្ចសហប្រតិបតិ្តការនៃប្រព័ន្ធទូទាត់សងប្រាក់តាមប្រព័ន្ធឌីជីថលនេះ ជាមួយប្រទេសដៃគូពាក់ព័ន្ធផ្សេងទៀតក្នុងនោះមាន ឥណ្ឌា(ក្រុមហ៊ុន PNCI) ចិន (ក្រុមហ៊ុនAlipay)​ជប៉ុន សិង្ហបុរី ហ្វីជី កោះសូឡូម៉ុន និងរវ៉ាន់ដា ជាដើម៕ 

Tag:
 QR Code
  ប្រាក់រៀល
© រក្សាសិទ្ធិដោយ thmeythmey.com