កីឡាអន្តរជាតិ
អន្តរជាតិ
FIFA Series៖ ហ្គីយ៉ាន មានកម្រិតស្របាលកម្ពុជា រីឯកាប់វែរ និងហ្គីណេអេក្វាទ័រ កម្រិតលើ
27, Feb 2024 , 4:59 pm        
រូបភាព
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអំឡុងការប្រកួតជម្រុះ World Cup 2026 ក្នុងប្រទេសប៉ាគីស្ថាន
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអំឡុងការប្រកួតជម្រុះ World Cup 2026 ក្នុងប្រទេសប៉ាគីស្ថាន
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវជួបក្រុមកម្រិតខ្លាំងៗដូចជា កាប់វែរ និងហ្គីណេអេក្វាទ័រ ជើងខ្លាំងតំបន់អាហ្រ្វិក (CAF) លេចធ្លោខ្លាំងនៅ AFCON 2023 ចំណែកឯក្រុមហ្គីយ៉ាន មកពីតំបន់ CONCACAF មានកម្រិតប្រហាក់ប្រហែលកម្ពុជា។ កម្ពុជាត្រូវប្រកួតឆ្លងទ្វីបលើកដំបូង ក្រោយរង់ចាំរយៈពេល ៥៩ឆ្នាំ នៅក្នុងជំនួបមិត្តភាពអន្តរជាតិ ស្ថិតក្នុងគម្រោងរបស់ព្រឹត្តិការណ៍ FIFA Series​ ដែលទើបតែប្រកាស។


​FIFA Series បានបញ្ចូលក្នុងកាលវិភាគការប្រកួតអន្តរជាតិសម្រាប់ក្រុមបុរស នៅក្នុងខែមីនា ឆ្នាំ ២០២៤ នេះ ដែលជាគម្រោងសាកល្បងនៃគោលដៅយុទ្ធសាស្ត្រការប្រកួតសកល (Strategic Objectives for the Global Game: 2023-2027) ហើយត្រូវបានសម្រេចដោយក្រុមប្រឹក្សា FIFA កាលពីខែធ្នូ ឆ្នាំ ២០២២។ FIFA Series នឹងផ្តល់ឱកាសដល់ក្រុមបាល់ទាត់កម្រិតទាប និងក្រុមថ្នាក់ទាបដទៃទៀត អាចប្រកួតជាអន្តរទ្វីប។
 
ការប្រកួតមិត្តភាពអន្តរទ្វីបថ្មីរបស់ FIFA ផ្តល់ឱកាសដល់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាខ្លាំង ក្នុងការបង្ហាញសមត្ថភាពលើឆាកអន្តរជាតិ ជាថ្មី។ កាប់វែរ និងហ្គីណេអេក្វាទ័រ ជាក្រុមកម្រិតខ្ពស់ ២ មកពីតំបន់អាហ្វ្រិកនឹងត្រូវជួបទល់ទល់ជាមួយនឹងក្រុមកម្ពុជា រួមទាំងហ្គីយ៉ាន ដែលនឹងរៀបចំឡើងនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត ក្នុងខែមីនា ខាងមុខ។
  


កម្ពុជាមានកម្រិតចំណាត់ថ្នាក់ពិភពលោកលេខ ១៧៩ ខណៈប្រទេសហ្គីយ៉ាន មានកម្រិតមិនឆ្ងាយខ្លាំងលេខ ១៥៧ ហើយក្រុមកាប់វែរ មកពីតំបន់អាហ្រ្វិកមានកម្រិត ៦៥ពិភពលោក និងលេខ១៣ តំបន់អាហ្រ្វិក ចំណែកហ្គីណេអេក្វាទ័រកម្រិត ៧៩ពិភពលោក និងលេខ១៦ តំបន់ទ្វីបអាហ្រ្វិក។
 
មកស្គាល់ពីក្រុមដែលកម្ពុជា ត្រៀមប៉ះនាពេលខាងមុខក្នុងការប្រកួតមិត្តភាពអន្តរជាតិនៃព្រឹត្តិការណ៍ FIFA Series៖
 
ក្រុមជម្រើសជាតិកាប់វែរ​​ ជាក្រុមមានបទពិសោធន៍ការប្រកួតប្រជែងកម្រិតខ្ពស់មួយក្នុងតំបន់ទ្វីបអាហ្រ្វិក ដោយពួកគេធ្លាប់បានបង្ហាញខ្លួនចំនួន ៤លើក នៅក្នុងពានរង្វាន់ African Cup of Nations នៅឆ្នាំ ២០១៣, ២០១៥, ២០២១ និង ២០២៣។ 
  
ក្រុមបាល់ទាត់ជម្រើសជាតិហ្គីយ៉ាន

ក្រោយទទួលបានឯករាជ្យពីប្រទេសព័រទុយហ្កាល់ក្នុងឆ្នាំ ១៩៧៥ ក្រុមបាល់ទាត់ជម្រើសជាតិកាប់វែរ បានឈានជើងចូលការប្រកួតអន្តរជាតិលើកដំបូងក្នុងឆ្នាំ ១៩៧៨ និងបានបានបង្កើតសហព័ន្ធបាល់ទាត់នៅឆ្នាំ ១៩៨២ ក្រោយមកចូលរួមជាមួយសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) ក្នុងឆ្នាំ ១៩៨៦។ ប្រទេសកោះ ស្ថិតក្នុងឈូងសមុទ្រអាត្លង់ទីនមួយនេះ មានចំនួនប្រជាជនសរុបត្រឹមតែជាង ៥,៦សែននាក់ប៉ុណ្ណោះ នៅលើផ្ទៃដីប្រមាណ ៤,០៣៣ម៉ែត្រការ៉េ ភាគច្រើនកីឡាករបាល់ទាត់ក្នុងក្រុមជម្រើសជាតិនាពេលបច្ចុប្បន្ន ប្រកបអាជីព នៅក្នុងវិស័យបាល់ទាត់តំបន់អឺរ៉ុប និងនៅក្នុងតំបន់អាស៊ី ហើយជាកូនកាត់កើតនៅក្រៅកោះ។
 
ទោះមិនធ្លាប់បានជាប់វគ្គជម្រុះទៅកាន់ការប្រកួតពានពិភពលោក World Cup តែកាប់វែរ បានអភិវឌ្ឈកម្រិតសមត្ថភាពខ្លាំងក្នុងតំបន់អាហ្រ្វិក ដោយជាក្រុមមានកម្រិតប្រកួតប្រជែងខ្ពស់ ហើយកាលឆ្នាំ ២០១៣ និង ២០២៣ កន្លងទៅពួកគេបានឈានជើងដល់វគ្គ ៨ក្រុមចុងក្រោយ។ 
 
នៅ AFCON 2023 កាប់វែរ ធ្វើឱ្យកក្រើក ដោយប្រកួតស្មើអេហ្ស៊ីប និងបំបាក់ក្រុមខ្លាំងដូចជាហ្គាណា និងម៉ូសាំបិក នៅវគ្គចែកពូល ឈរក្នុងនាមជាក្រុមកំពូលតារាងឡើងវគ្គ ១៦ក្រុម ហើយទម្លាក់ក្រុមម៉ូរីតានី ឡើងវគ្គ ៨ក្រុមចុងក្រោយ។
  
ក្រុមបាល់ទាត់ជម្រើសជាតិហ្គីណេអេក្វាទ័រ

ចំណែកហ្គីណេអេក្វាទ័រ ​ក៏ស្ថិតក្នុងតំណែងក្រុមបញ្ចប់ចំណាត់ថ្នាក់កំពូលតារាង ពូល A ក្នុងពានរង្វាន់ AFCON 2023 នាពេលកន្លងទៅ ហើយបានធ្វើឱ្យភ្ញាក់ផ្អើលខ្លាំងក្រោយយកឈ្នះលើម្ចាស់ផ្ទះកូតឌឺវ័រម្ចាស់ពានទ្វីបអាហ្រ្វិក លទ្ធផល ៤-០ ក្នុងវគ្គចែកពូល។ យ៉ាងណាប្រទេសនេះមិនធ្លាប់បានប្រជែងជាប់ទៅកាន់ការប្រកួត World Cup ម្តងឡើយ។
 
ក្រុមជម្រើសជាតិស្ថិតក្នុងប្រទេសដែលមានចំនួនប្រជាជនសរុប ១,៦លាននាក់ លើផ្ទៃដីសរុប ២៨,០៥០គីឡូម៉ែត្រការ៉េ ធ្លាប់បានបង្ហាញខ្លួនក្នុងពានរង្វាន់ AFCON ចំនួន ៤លើក ហើយធ្លាប់បានឈានជើងឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅការបង្ហាញវត្តមានលើកទីពីរក្នុងឆ្នាំ ២០១៥ បន្ទាប់ពីបង្ហាញខ្លួនដំបូងឆ្នាំ ២០១២ ឡើងដល់វគ្គ៨ក្រុម ដូចឆ្នាំ ២០២១។ 
  
ក្រុមបាល់ទាត់ជម្រើសជាតិកាប់វែរ

ស្ថិតនៅ​តំបន់អាម៉េរិកខាងត្បូង ហ្គីយ៉ាន មានកម្រិតមិនឆ្ងាយពីកម្ពុជា ប្រហាក់ប្រហែលនឹងក្រុមក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលតែងបង្ហាញខ្លួនលេងក្នុងពានរង្វាន់កម្រិតតំបន់ការ៉ាប៊ីន ក្រោមការគ្រប់គ្រងរបស់សហព័ន្ធបាល់ទាត់ CONCACAF។
 
ហ្គីយ៉ាន​ ដើមឡើយត្រូវបានគេស្គាល់ឈ្មោះថា ហ្គីយ៉ាណាអង់គ្លេស បានចូលលេងការប្រកួតអន្តរជាតិលើកដំបូងក្នុងឆ្នាំ ១៩០៥ បន្ទាប់មកប្រទេសនេះទទួលបានឯករាជ្យក្នុងឆ្នាំ ១៩៦៦ នឹងចាប់ផ្តើមលេងពានរង្វាន់អន្តរជាតិអន្តរទ្វីបលើកដំបូងក្នុងឆ្នាំ ១៩៧១ មានឈ្មោះថា CONCACAF Championship។ 
 
ភាគច្រើនពានក្នុងតំបន់រួមមាន Caribbean Nations Cup ហ្គីយ៉ាន តែងបង្ហាញខ្លួនលេង មុនពេលឆ្នាំ ២០១៩ ដែលពួកគេអាចឈ្នះវគ្គជម្រុះទៅលេងក្នុងពាន CONCACAF Gold Cup។ ប្រទេសមានទីតាំងជាប់ប្រទេស វេណេស៊ុយអេឡា និងគូប្រជែងដ៏ស្វិតស្វាយរបស់ស៊ូរីណាម កាលពីឆ្នាំ ២០១៤ ធ្លាប់បានប្រជែងឡើងដល់ជុំទី៣ នៃវគ្គជម្រុះ World Cup៕



Tag:
 កម្ពុជា
  FIFA Serie
© រក្សាសិទ្ធិដោយ thmeythmey.com