កីឡាអន្តរជាតិ
អន្តរជាតិ
លោក Hwang Sun-hong ក្លាយជាគ្រូបណ្តោះអាសន្នក្រុមកូរ៉េខាងត្បូង ជំនួស Klinsmann
27, Feb 2024 , 8:59 pm        
រូបភាព
សមាគមបាល់ទាត់កូរ៉េខាងត្បូង បានជ្រើសយកលោក Hwang Sun-hong គ្រូបង្វឹកក្រុមអាយុក្រោម ២៣ឆ្នាំ មកដឹកនាំក្រុមជម្រើសជាតិកូរ៉េខាងត្បូងបណ្តោះអាសន្ន សម្រាប់ត្រៀមខ្លួនការប្រកួតជម្រុះពានរង្វាន់ World Cup 2026 តំបន់អាស៊ី ទល់នឹងថៃ នាពេលខាងមុខ។


ក្រោយពេលកូរ៉េខាងត្បូង បានសម្រេចបញ្ចប់តំណែងគ្រូបង្វឹករបស់លោក Jurgen Klinsmann រួចកាលពីសប្តាហ៍មុន គណៈកម្មាធិការបាល់ទាត់ជាតិកូរ៉េខាងត្បូង បានសម្លឹងរកមើលអ្នកមកជំនួសតំណែងបណ្តោះអាសន្ន។ លោក Klinsmann ត្រូវបណ្តេញចេញក្រោមមូលហេតុ ក្រុមធ្លាក់ពី Asian Cup 2023 ត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ព្រោះតែជម្លោះក្នុងក្រុម និងគ្មានទំនួសខុសត្រូវ។
 
លោក Hwang គ្រូបង្វឹកក្រុមកូរ៉េខាងត្បូងអាយុក្រោម ២៣ឆ្នាំ បានជួយក្រុមឈ្នះមេដាយមាស​ព្រឹត្តិការណ៍កីឡាអាស៊ីទីក្រុងហាងចូវ កាលឆ្នាំ ២០២២។ 
 
បុរសវ័យ ៥៥ឆ្នាំ ក៏ជាសមាជិកក្រុមជម្រើសជាតិកូរ៉េខាងត្បូង ពេលដែលប្រទេសនេះ ធ្វើសហម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ World Cup 2002 ជាមួយប្រទេសជប៉ុន ហើយបានជួយក្រុមឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលនោះ។
 
Asian Cup 2023 ត្រូវបានក្រុមជម្រើសជាតិកូរ៉េខាងត្បូង ដាក់គោលដៅឈ្នះពានរង្វាន់ជាចាំបាច់បំផុត បន្ទាប់ពីក្រុមនេះ បានរង់ចាំរយៈពេល ៦៤ឆ្នាំ សម្រាប់ជ័យជម្នះពានរង្វាន់ជាលើកទី៣ ក្នុងប្រវត្តិសាស្ត្រ។ តែបញ្ហាមុនការប្រកួតរវាងកីឡាករវ័យក្មេងក្នុងក្រុម និងកីឡាករវ័យចាស់ អំឡុងពិធីទទួលទានអាហាពេលល្ងាច មុនជំនួបសំខាន់មកដល់ បានធ្វើឱ្យប៉ះទង្គិចផ្លូវអារម្មណ៍ក្រុម ហើយប្រែជាប្រកួតចាញ់។ 
 
បញ្ហាបង្កឱ្យក្តីស្រម៉ៃត្រូវរសាត់ឆ្ងាយ លោក Klinsmann ជាគ្រូបង្វឹករងការរិះគន់ខ្លាំងពីសំណាក់ប្រជាជនកូរ៉េខាងត្បូង ព្រមទាំងបាត់បង់ទំនុកចិត្តពីសមាគម KFA។
 
កូរ៉េខាងត្បូង ត្រៀមលក្ខណៈជម្រុះ World Cup 2026 លោក Hwang នឹងដើរតួសំខាន់ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងល្អលើទីលានឡើងវិញ រវាងប្រធានក្រុម Heung Min Son របស់ក្លិប Tottenham Hotspur ជាមួយនឹងសិស្សប្អូន Lee Kang-In របស់ក្លិប Paris Saint Germain ផងដែរ៕

Tag:
 កូរ៉េខាងត្បូង
  Jurgen Klinsmann
© រក្សាសិទ្ធិដោយ thmeythmey.com