អន្តរជាតិ
តម្លៃកាសគ្រីតូBitcoin ហក់ឡើងហួស ៥ម៉ឺនដុល្លារ ថ្លៃបំផុតចាប់តាំងពីចុងឆ្នាំ២០២១
27, Feb 2024 , 9:59 pm        
រូបភាព
រូបភាព Pixels
រូបភាព Pixels
តម្លៃកាសគ្រីតូ Bitcoin ដែលជាកាសពេញនិយមបំផុត បានហក់ឡើងរហូតដល់ជាង ៥៥០០០ដុល្លារ បើគិតត្រឹមម៉ោង១១ព្រឹក នៅថ្ងៃទី២៧ ខែកុម្ភៈ។ នេះបើផ្អែកតាមតម្លៃនៅលើទីផ្សារ Binance។
 
តាមទីផ្សាររូបិយប័ណ្ណគ្រីតូ Binance គិតត្រឹមម៉ោង ១១ព្រឹក នៅថ្ងៃទី២៧ ខែកុម្ភៈ តម្លៃកាសគ្រីតូ Bitcoin បានហក់ឡើងដល់ប្រមាណ ៥៥៧០០ដុល្លារ ក្នុងមួយកាស។ នេះជាចំនួនដ៏ខ្ពស់បំផុត បើគិតចាប់តាំងពីខែធ្នូ ឆ្នាំ២០២១មក។ កាសគ្រីតូ Bitcoin ធ្លាប់មានតម្លៃហក់ឡើងខ្ពស់បំផុតជិត ៦៩០០០ម៉ឺនដុល្លារ នៅក្នុងឆ្នាំ២០២១។ 
 
ការកើនតម្លៃក្នុងរយៈពេលចុងក្រោយនេះ ធ្វើឡើងក្រោយក្រុមហ៊ុន MicroStrategy បានទិញកាស Bitcoin ជាច្រើន ដោយផ្អែកលើយុទ្ធសាស្រ្តក្រុមហ៊ុនរបស់ខ្លួន។ ក្រុមហ៊ុន MicroStrategy នៅថ្ងៃទី២៦ ខែកុម្ភៈ បានអះអាងថា ខ្លួនបានទិញកាស Bitcoin បន្ថែមចំនួន ៣០០០ កាសបន្ថែម។ មកទល់ពេលនេះ ក្រុមហ៊ុនបង្កើតកម្មវិធីទូរសព្ទនេះ បានក្តោបក្តាប់តម្លៃកាស Bitcoin ក្នុងទំហំប្រមាណ ១០ពាន់លានដុល្លារ។ 
 
រូបិយប័ណ្ណគ្រីតូ ត្រូវបានប្រើប្រាស់ដើម្បីជួញដូរ ឬទិញទំនិញតាមទីផ្សារអនឡានមួយចំនួន។ យ៉ាងណាមិញ កាស Bitcoin ក៏មានហានិភ័យខ្ពស់ដែរ ដោយកន្លងមក កាសប្រភេទនេះ បានធ្លាក់ចុះសល់ត្រឹមប្រមាណ ២៨០០០ដុល្លារប៉ុណ្ណោះ កាលពីអំឡុងខែមិថុនា ឆ្នាំ២០២៣ ។ តម្លៃរឹតតែទាបជាងនេះ ពោលគឺមានតម្លៃត្រឹមតែជាង ១៦០០០ដុល្លារ កាលពីខែធ្នូ ឆ្នាំ២០២២។ ក្នុងពេលបច្ចុប្បន្ន កាស Bitcoin មានតម្លៃសរុបប្រមាណ ២,២ទ្រីលានដុល្លារ។ 
 
ក្រៅពីការតម្រូវការខ្ពស់ Bitcoin បានដាក់ចេញយុទ្ធសាស្រ្តកាត់បន្ថយពាក់កណ្តាលនៃការទាញយកកាស Bitcoin (Bitcoin halving) តាមរយៈ Blockchain ក្នុងរយៈពេល ៤ឆ្នាំ។ ទោះ Bitcoin ជាលុយឌីជីថល ប៉ុន្តែវាមិនអាចបង្កើតដោយគ្មានចំនួនឥតកំណត់បានទេ។ ជាគោលការណ៍ Bitcoin ត្រូវបានកាត់បន្ថយការផ្តល់ កាសទៅអ្នកទាញយក (Miner)ក្នុងរយៈពេល ៤ឆ្នាំ។ 
 
ជាក់ស្តែងនៅក្នុងឆ្នាំ២០២០មក កាស Bitcoin អាចទាញយកបានត្រឹមតែ ៦,៥ កាសប៉ុណ្ណោះ ក្នុងរយៈពេល ១០នាទី។ នៅក្នុងខែមេសា ឆ្នាំ២០២៤ ខាងមុខ កាស Bitcoin នឹងត្រូវកាត់បន្ថយមកត្រឹម ៣,១២៥ កាស។ ហេតុនេះ វាកាន់តែធ្វើឱ្យអ្នកទាញយកកាស Bitcoin កាន់តែលំបាក ហើយវាអាចជាហេតុផលមួយទៀត ធ្វើឱ្យតម្លៃកាសឡើងថ្លៃបន្ថែម។ 
 
ដោយសារតែគោលការណ៍រឹតត្បិតបែបនេះ អ្នកជំនាញបានវាយតម្លៃថា វាត្រូវការពេលរហូតដល់ឆ្នាំ ២១៤០ ឯណោះ ទើបអាចទាញចំនួន កាសBitcoin បានរហូតដល់ ២១លានកាស៕

Tag:
 Bitcoin
© រក្សាសិទ្ធិដោយ thmeythmey.com