អន្តរជាតិ
លោកបៃឌិនថា អុីស្រាអែល នឹងផ្អាកបទឈប់បាញ់ក្នុងតំបន់កាហ្សានៅខែរ៉ម៉ាឌន
27, Feb 2024 , 5:37 pm        
រូបភាព
លោក ចូ បៃឌិន ប្រធានាធិបតីអាម៉េរិក នៅក្នុងកម្មវិធី Late Night with Seth Meyers នៅថ្ងៃទី២៦ ខែកុម្ភៈ។ រូបភាព AFP
លោក ចូ បៃឌិន ប្រធានាធិបតីអាម៉េរិក នៅក្នុងកម្មវិធី Late Night with Seth Meyers នៅថ្ងៃទី២៦ ខែកុម្ភៈ។ រូបភាព AFP
អុីស្រាអែល នឹងផ្អាកសកម្មភាពយោធានៅនៅតំបន់កាហ្សាក្នុងអំឡុងពិធីបុណ្យ​រ៉​ម៉ា​ឌន។ លោកចូ បៃឌិន ប្រធានាធិបតីអាម៉េរិក បានបញ្ជាក់បែបនេះ នៅក្នុងកម្មវិធី «Late Night with Seth Meyers» ចេញផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ដោយមិនទាន់មានប្រតិបត្តិកម្មពីអុីស្រាអែល។ យ៉ាងណាមិញ ក្រុមហាម៉ាស បានចាត់ទុកសម្តីរបស់លោកបៃឌិន គឺលឿនពេក និងមិនត្រូវនឹងស្ថានការណ៍ក្នុងពេលបច្ចុប្បន្ន។
 
ពិធីបុណ្យរ៉ម៉ាឌនក្នុងឆ្នាំ២០២៤ នឹងចាប់ផ្តើមឡើងចាប់ពីថ្ងៃទី១០ ខែមីនា ដល់ថ្ងៃទី៩ ខែមេសា។ ជាដំណឹងដ៏ល្អមួយសម្រាប់ប្រជាជនប៉ាឡេស្ទីន លោក ចូ បៃឌិន ប្រធានាធិបតីអាម៉េរិក បានប្រកាសថា អុីស្រាអែល បានឯកភាពឈប់វាយប្រហារលើតំបន់កាហ្សាក្នុងរយៈពេលបារព្ធពិធីបុណ្យមួយនេះ។ 
 
«ពិធីបុណ្យរ៉ម៉ាឌនជិតចូលមកដល់ហើយ ហើយវាមានកិច្ចព្រមព្រៀងដោយភាគីអុីស្រាអែលថាពួកគេនឹងមិនមានសកម្មភាពក្នុងពិធីខែរ៉ម៉ាឌន»។ លោក បៃឌិន បានបញ្ជាក់បែបនេះនៅក្នុងកម្មវិធី«Late Night with Seth Meyers»របស់ទូរទស្សន៍ NBC បែបនេះ ដោយបន្លុយពាក្យព្រមានថា រដ្ឋាភិបាលក្រុង Tel Aviv នឹងបាត់បង់ការគាំទ្រពីសហគមន៍អន្តរជាតិ ប្រសិនបើករណីស្លាប់របស់ប្រជាជនស៊ីវិលនៅតែបន្តខ្ពស់។ 
 
ទោះមិនទាន់មានការប្រតិបត្តិកម្មពីភាគីអុីស្រាអែល មេដឹកនាំអាម៉េរិក បានបន្ថែមថា ការផ្អាកសកម្មភាពយោធាបែបនេះ នឹងផ្តល់វេលាសម្រាប់ចរចាលើចំណាប់ខ្មាំង។ លោកប្រធានាធិបតីអាម៉េរិក ក៏បានបញ្ជាក់ផងដែរថា អុីស្រាអែល បានប្តេជ្ញាយ៉ាងខ្លាំងក្នុងការជម្លៀសប្រជាជនប៉ាឡេស្ទីនចេញពីតំបន់ Rafah នៅទឹកដីកាហ្សា ក្នុងប្រតិបត្តិការវាយប្រហារក្រុមហាម៉ាសនៅតំបន់ភាគខាងត្បូង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ 
 
យ៉ាងណាមិញ មន្រ្តីក្រុមហាម៉ាស បានចាត់ទុកសម្តីរបស់លោកបៃឌិនមានភាពរហ័សពេក និងមិនទាន់ត្រូវនឹងស្ថានការណ៍។ 
 
ប្រភពស្និទ្ធនឹងកិច្ចចរចានៅក្រុងប៉ារីស ប្រទេសបារាំង បានបញ្ជាក់ថា បទឈប់បាញ់ នឹងអនុញ្ញាតឱ្យមន្ទីរពេទ្យ និងហាងអាហារ ត្រូវជួសជុលឡើងវិញ ខណៈជំនួយជាច្រើនអនុញ្ញាតឱ្យបញ្ជូនទៅតំបន់កាហ្សាជារៀងរាល់ថ្ងៃ។ ទន្ទឹមនេះ បទឈប់បាញ់ ក៏មានចែងពីការដោះលែងចំណាប់ខ្មាំង១ ធៀបនឹងអ្នកទោសនៅអុីស្រាអែលចំនួន ១០នាក់ផងដែរ។ 
 
ជាងរយៈពេល ៥ខែហើយ ជម្លោះរវាងអុីស្រាអែល និងហាម៉ាស ដោយការប៉ះទង្គិចនេះ បានបង្កឱ្យមានផលប៉ះពាល់ក្នុងតំបន់ និងការដឹកជញ្ជូននៅលើពិភពលោក៕ 
 

Tag:
 អុីស្រាអែល
  ហាម៉ាស
  កាហ្សា
© រក្សាសិទ្ធិដោយ thmeythmey.com