ជាតិ
ព័ត៍មានសុខភាព
សុខភាព
មិន​បាន​ទេ ! គ្រោះថ្នាក់​ណាស់ មាន​ជំងឺ​លើស​សម្ពាធ​ឈាម​ហើយជក់បារី​ទៀត
01, Mar 2024 , 6:59 am        
រូបភាព
ជក់បារី​ប៉ះពាល់​ដល់​សម្ពាធ​ឈាម​បែប​ណា? មិន​ថា យើង​មាន​ជំងឺ​លើស​សម្ពាធ​ឈាម ឬ​អន់​នោះ​ទេ ការ​ជក់បារី​បង្ក​ផលវិបាក​ច្រើន​យ៉ាង​ចំពោះ​សុខភាព​។ បើសិនជា​យើង​កំពុង​មាន​ជំងឺ​លើស​សម្ពាធ​ឈាម ហើយ​ជក់បារី​ទៀត​កាន់តែ​គ្រោះថ្នាក់​ថែម​ខ្លាំង​។ ហេតុ​អ្វី?
 
១. អ្វី​ជា​ជំងឺ​លើស​សម្ពាធ​ឈាម

ដើម្បី​ឲ្យ​ងាយ​យល់​យើង​អាច​ប្រៀបធៀប​សរសៃឈាម​អាក់ទែ​ទៅ​នឹង​ទុ​យ​យោ​ទឹក ដែល​មាន​មាន​នាទី​នាំ​ឈាម​ទៅ​កាន់​បេះដូង និង​គ្រប់កន្លែង​នៃ​រាង​កាយ​។ សម្ពាធ​ឈាម គឺ​ការ​កើនឡើង​នៃ​កម្លាំង​របស់​ឈាម​ដែល​ដាក់​ទៅ​លើ​ជញ្ជាំង​នៃ​សរសៃឈាម​។ បើសិនជា​ឈាម​រត់​ឆ្លងកាត់​សរសៃឈាម ដោយ​មាន​កម្លាំង​ខ្លាំង​ជាង​ធម្មតា​នោះ​មាន​ន័យ​ថា​យើង​មាន​សម្ពាធ​ឈាម​ខ្ពស់​។
 
មិន​ថា​ក្មេង ឬ​ចាស់ គួរតែ​ពិនិត្យ​សម្ពាធ​ឈាម​របស់​ខ្លួន ពិសេស​អ្នកមាន​វ័យ​ចាប់ពី​២១​ឆ្នាំ​ឡើង​គួរ​ពិនិត្យ​យ៉ាងតិច​ម្ដង​ក្នុង​មួយ​ឆ្នាំ និង​សម្រាប់​អ្នក​ធ្លាប់​មាន​ប្រវត្តិ​លើសឈាម គួរតែ​ពិនិត្យ​ឲ្យ​បាន​ញឹកញាប់​ជាង​នេះ​។
 
ជំងឺ​លើស​សម្ពាធ​ឈាម​អាច​ធ្វើ​ឲ្យ​ខូច​សរសៃឈាម​អាក់ទែ និង​សរសៃឈាម​វែ​ន ឬ​និយាយ​ខ្លី​ថា​ធ្វើ​ឲ្យ​ខូច​សរសៃឈាម​។ ការ​ខូចខាត​សរសៃឈាម​អាច​ធ្វើ​ឲ្យ​យើង​មាន​ហានិភ័យ​ជួប​បញ្ហា​គ្រោះថ្នាក់​សរសៃឈាម​ខួរក្បាល ខូច​តម្រងនោម ជំងឺ​បេះដូង និង​គាំងបេះដូង​។
ដើម្បី​បញ្ចុះ​សម្ពាធ​ឈាម​វិញ គ្រូពេទ្យ​អាច​ណែនាំ​ឲ្យ​អ្នកជំងឺ​ផ្លាស់​ប្តូរ​បែបបទ​រស់នៅ​មួយ​ចំនួន ដូច​របប​អាហារ និង​ហាត់ប្រាណ​ជា​ប្រចាំ ជាដើម ប៉ុន្តែ​បើ​ការ​ផ្លាស់​ប្ដូរ​នេះ​មិន​ជួយ​បាន​ទេ គ្រូពេទ្យ​អាច​ចេញ​វេជ្ជបញ្ជា​ឲ្យ​ប្រើប្រាស់​ថ្នាំ ដើម្បី​បញ្ចុះ​សម្ពាធ​ឈាម​។
 
២. ជក់បារី​ប៉ះពាល់​បែប​ណា​លើ​អ្នកមាន​ជំងឺ​លើស​សម្ពាធ​ឈាម?

ជាតិ​នីកូទីន​នៅ​ក្នុង​បារី និង​ថ្នាំជក់ ធ្វើ​ឲ្យ​សរសៃឈាម​រួម​តូច និង​ធ្វើ​ឲ្យ​បេះដូង​ដើរ​ញាប់ ជា​ធម្មតា ជា​ហេតុ​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ឡើង​កាន់តែ​ខ្ពស់​។ មិន​ថា​យើង​ជក់បារី ឬ​ស្រូប​ផ្សេង​បារី​នោះ​ទេ វា​នឹង​បង្ក​ហានិភ័យ​ក្នុង​ការ​កកើត​ឡើង​នៃ​ដុំ​កំណកខ្លាញ់​នៅ​ក្នុង​សរសៃឈាម​របស់​អ្នក​ជក់ ឬ​អ្នក​ស្រូប​ផ្សេង​បារី ដែល​នេះ​ក៏​ជា​មូលហេតុ​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​។
 
រាល់ពេល​ជក់បារី អ្នក​ជក់បារី​នឹង​មាន​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ជា​បណ្ដោះអាសន្ន​ផង​ដែរ​។ បើសិនជា​យើង​ឈប់​ជក់បារី ឬ​ប្រើ​ថ្នាំជក់ នោះ​យើង​អាច​បន្ថយ​កម្រិត​សម្ពាធ​ឈាម និង​ហានិភ័យ​ជំងឺ​បេះដូង និង​អាកា​រៈគាំង​បេះដូង​បាន​ដែរ​។
 
ក្រៅពី​បារី ការ​ផឹក​គ្រឿង​ស្រវឹង ក៏​ធ្វើ​ឲ្យ​ឡើង​សម្ពាធ​ឈាម​ដែរ​សម្រាប់​មនុស្ស​មួយ​ចំនួន ហើយ​អ្នកមាន​ជំងឺ​លើស​សម្ពាធ​ឈាម​មិន​គួរ​ផឹកស្រា​បៀរ​លើស​ពី​មួយ​កំប៉ុង​ក្នុង​មួយ​ថ្ងៃ និង​បើ​ផឹក​ហើយ ឃើញ​ថា​សម្ពាធ​ឈាម​ឡើង គួរតែ​ឈប់​ផឹក​ជា​ជម្រើស​ល្អ​បំផុត​។

ត្រួតពិនិត្យដោយ៖ www.health.com.kh/

© រក្សាសិទ្ធិដោយ thmeythmey.com