អន្តរជាតិ
ប្រមុខការពារជាតិថៃថា សម្តេចហ៊ុន សែន និងលោកថាក់ស៊ីន មិនបានពិភាក្សាលើតំបន់ត្រួតស៊ីគ្នា
28, Feb 2024 , 2:02 pm        
រូបភាព
រដ្ឋមន្រ្តីការពារជាតិថៃលោក Sutin Klungsang។ រូបភាពបាងកកប៉ុស្តិ៍
រដ្ឋមន្រ្តីការពារជាតិថៃលោក Sutin Klungsang។ រូបភាពបាងកកប៉ុស្តិ៍
ប្រមុខការពារជាតិ លោក Sutin Klungsang នៅថ្ងៃទី២៧ ខែកុម្ភៈ បានច្រានចោលពីកិច្ចពិភាក្សារវាងសម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា និងលោកថាក់ស៊ីន ស៊ីណាវ៉ាត់ អតីតនាយករដ្ឋមន្រ្តីថៃ ពាក់ព័ន្ធនឹងតំបន់ត្រួតស៊ីគ្នានៅឈូងសមុទ្រថៃ។
 
វត្តមានរបស់សម្តេចហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា នៅក្នុងផ្ទះរបស់លោកថាក់ស៊ីន ស៊ីណាវ៉ាត់ អតីតប្រមុខរដ្ឋាភិបាលថៃ នៅថ្ងៃទី២១ ខែកុម្ភៈ កន្លងទៅ បានធ្វើឱ្យប្រជាជនថៃដាក់ការសង្ស័យថា អតីតមេដឹកនាំប្រទេសជិតខាងទាំងពីរ អាចជជែកពីតំបន់ត្រួតស៊ីគ្នានៅក្នុងឈូងសមុទ្រថៃ។ 
 
តបនឹងសំណួររបស់អ្នកសារព័ត៌មាននៅថ្ងៃទី២៧ ខែកុម្ភៈ លោក Sutin Klungsang រដ្ឋមន្រ្តីការពារជាតិថៃ បានច្រានចោលក្តីបារម្ភទាំងនោះ ហើយថាអតីតថ្នាក់ដឹកនាំប្រទេសទាំងពីរ មិនបានជជែកពីបញ្ហាខាងលើឡើយ។
 
«នេះមិនមែនជាទំនាស់នៃផលប្រយោជន៍ឡើយ ហើយខ្ញុំជឿថា អ្នកទាំងពីរ មិនបានពិភាក្សាពីបញ្ហានេះទេ»។ លោក Sutin បានបញ្ជាក់បែបនេះនៅថ្ងៃទី២៧ ខែកុម្ភៈ ដោយចង់សំដៅដល់តំបន់ត្រួតស៊ីគ្នា។ 
 
ពាក់ព័ន្ធនឹងតំប់ន់ត្រួតស៊ីគ្នាក្នុងឈូងសមុទ្រថៃ ដែលមានទំហំប្រមាណ ២៦០០០គីឡូម៉ែទ្រការ៉េ នាយករដ្ឋមន្រ្តីកម្ពុជា និងថៃ នៅពេលកន្លងមក បានឯកភាពពិភាក្សាគ្នាបន្ថែម ដើម្បីអភិវឌ្ឍរួមគ្នាលើធនធានធម្មជាតិនៅក្នុងតំបន់នោះ។
 
គួររម្លឹកថា នៅថ្ងៃទី២១ ខែកុម្ភៈ សម្តេច ហ៊ុន សែន បានធ្វើដំណើរទៅកាន់ក្រុងបាងកក ដើម្បីទៅសួរសុខទុក្ខ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ពោលគឺ៣ថ្ងៃ ក្រោយដែលអតីតនាយករដ្ឋមន្ត្រីថៃដ៏មានឥទ្ធិពល បានរួចទោស ហើយចាកចេញពីមន្ទីរពេទ្យប៉ូលិសទៅគេហដ្ឋានរបស់ខ្លួន៕

Tag:
 ថៃ
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com