អន្តរជាតិ
លោកវីដូដូ បំពាក់សក្តិឧត្តមសេនីយ៍ផ្កាយបួនកិត្តិយសដល់លោកប្រាបូវ៉ូ
28, Feb 2024 , 4:09 pm        
រូបភាព
ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ (ខាងឆ្វេង) ជាមួយលោកប្រាបូវ៉ូ សីប៊ីយ៉ាន់តូ រដ្ឋមន្រ្តីការពារជាតិ នៅថ្ងៃទី២៨ ខែកុម្ភៈ។ រូបភាព AFP
ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ (ខាងឆ្វេង) ជាមួយលោកប្រាបូវ៉ូ សីប៊ីយ៉ាន់តូ រដ្ឋមន្រ្តីការពារជាតិ នៅថ្ងៃទី២៨ ខែកុម្ភៈ។ រូបភាព AFP
ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ នៅថ្ងៃទី២៨ ខែកុម្ភៈ បានបំពាក់ឋានន្តរសក្តិដល់លោកប្រាបូវ៉ូ សីប៊ីយ៉ាន់តូ រដ្ឋមន្រ្តីការពារជាតិ ជាឧត្តមសេនីយ៍ផ្កាយបួនកិត្តិយស។ បើទោះរងការចោទប្រកាន់ ពាក់ព័ន្ធការបំពាក់សក្តិមានលក្ខណៈនយោបាយ ប៉ុន្តែលោកវីដូដូ បានការពារថា ដោយសារប្រមុខការពារជាតិឥណ្ឌូណេស៊ី បានចូលរួមចំណែកការពារសន្តិសុខជាតិ។
 
ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំរួមគ្នារវាងប៉ូលិស និងកងកម្លាំងប្រដាប់អាវុធជាតិនៅថ្ងៃទី២៨ ខែកុម្ភៈ នៅទីស្នាក់ការកណ្តាលយោធាឥណ្ឌូណេស៊ី ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ បានបំពាក់ឋានន្តរសក្តិ កិត្តិយសដល់លោកប្រាបូវ៉ូ សីប៊ីយ៉ាន់តូ ជាឧត្តមសេនីយ៍ផ្កាយបួន។ 
 
«ខ្ញុំសូមបំពាក់ឋានន្តរសក្តិពិសេសជាឧត្តមសេនីយ៍កិត្តិយសទៅលោក ប្រាបូវ៉ូ សីប៊ីយ៉ាន់តូ»។ ប្រធានាធិបតីឥណ្ឌូណេស៊ី បានបញ្ជាក់បែបនេះ ក្រោមហេតុផល ស្នាដៃរបស់លោកប្រាបូវ៉ូ បានជួយការពារជាតិ ការអភិវឌ្ឍផ្នែកសន្តិសុខ រួមទាំងមានការប្តេជ្ញាចំពោះប្រជាជន ប្រជាជាតិ និងសម្រាប់ប្រទេសរបស់ខ្លួនផ្ទាស់។ 
 
ស្ថិតក្នុងសំលៀកបំពាក់យោធា លោក ប្រាបូវ៉ូ ត្រូវបានលោកវីដូដូ ដោះផ្កាយបីចេញ និងបំពាក់ផ្កាយ៤ ជំនួសវិញ។ បន្ថែមពីនេះ លោកប្រធានាធិបតីក៏បានផ្តល់សេចក្តីសម្រេចរបស់លោកទៅកាន់លោកប្រាបូវ៉ូ ដែលនឹងគ្រោងបន្តវេនជំនួសលោកនៅពេលអនាគតផង។ 
 
រូបភាពបំពាក់សក្តិបែបនេះ ត្រូវបានមនុស្សមួយចំនួនចាត់ទុកថា ជាផ្នែកមួយនៃលក្ខណៈនយោបាយនៅក្នុងការបោះឆ្នោត។ ជាការឆ្លើយតប លោកវីដូដូ បានអះអាងថា ប្រសិនបើជាលក្ខណៈនយោបាយមែន ការបំពាក់ឋានន្តរសក្តិកិត្តិយសខាងលើ គួរតែធ្វើឡើងមុនការបោះឆ្នោតប្រធានាធិបតីឥណ្ឌូណេស៊ី ដែលបានប្រារព្ធនៅថ្ងៃទី១៤ ខែកុម្ភៈ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Antara News។ 
 
ក្នុងការបោះឆ្នោតកន្លងមក លោក ប្រាបូវ៉ូ បាននាំមុខបេក្ខជនប្រធានាធិបតីផ្សេងទៀត ក្នុងសំឡេងដ៏ច្រើនលើសលុប ដោយរដ្ឋមន្រ្តីការពារជាតិរូបនេះ ត្រូវបានរំពឹងថា មានភាគរយខ្ពស់ ក្នុងការស្នងតំណែងប្រធានាធិបតីពីលោកវីដូដូ នៅពេលខាងមុខនេះ៕ 
 

Tag:
 ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com