អន្តរជាតិ
បុរេអាពាហ៍ពិពាហ៍កូនប្រុសពៅមហាសេដ្ឋីឥណ្ឌា រៀប​ម្ហូបដល់ទៅ២៥០០មុខ
29, Feb 2024 , 2:39 pm        
រូបភាព
មហាសេដ្ឋីឥណ្ឌា លោក Mukesh Ambani(ឆ្វេង) និងកូនប្រុស លោកAnant Ambani មុនថ្ងៃបុរេអាពាហ៍ពិពាហ៍នៅក្នុងក្រុង Jamnagar។ រូបភាព AFP
មហាសេដ្ឋីឥណ្ឌា លោក Mukesh Ambani(ឆ្វេង) និងកូនប្រុស លោកAnant Ambani មុនថ្ងៃបុរេអាពាហ៍ពិពាហ៍នៅក្នុងក្រុង Jamnagar។ រូបភាព AFP
បុរេអាពាហ៍ពិពាហ៍កូនប្រុសពៅ មហាសេដ្ឋីឥណ្ឌា លោក Mukesh Ambani រៀបចំម្ហូបអាហារចំនួន ២៥០០មុខ មកពីបណ្តាប្រទេសជាច្រើននៅជុំវិញពិភពលោក។ បន្ថែមពីនេះ មហាសេដ្ឋីឥណ្ឌាមានទ្រព្យសម្បត្តិជាច្រើនពាន់លានដុល្លាររូបនេះ បានអញ្ជើញមេក្រុមហ៊ុនធំៗជាច្រើនរូបឱ្យចូលរួមផងដែរ ក្នុងនោះមានដូចជា​ Facebook និងMicrosoft ជាដើម។
 
បុរេអាពាហ៍ពិពាហ៍ (pre-wedding) របស់ លោកAnant Ambani និងគូដណ្ដឹង Radhika Merchant នឹងត្រូវប្រារព្ធឡើងពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែមីនា។ ក្នុងកម្មវិធីនេះ មហាសេដ្ឋីឥណ្ឌា លោក Mukesh Ambani នឹងរៀបចំដ៏ធំសម្បើម ហើយអញ្ជើញភ្ញៀវសុទ្ធតែអ្នកមានមុខមាត់។ 
 
តាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកឥណ្ឌា បុរេអាពាហ៍ពិពាហ៍កូនប្រុសពៅ​ មហាសេដ្ឋីឥណ្ឌា លោក Mukesh Ambani នឹងមានរៀបចំអាហារចំនួន ២៥០០មុខ ក្នុងរយៈពេល ៣ថ្ងៃ ដោយមុខម្ហូបទាំងនោះមានដូចជា ម្ហូបថៃ, ម្ហូបជប៉ុន និងម្ហូបនៃបណ្តាលប្រទេសជាច្រើនទៀត។ ក្នុងមួយពេលៗ ម្ហូបជាច្រើនមុខ នឹងដាក់នៅលើតុ ដើម្បីឱ្យភ្ញៀវចូលរួមជ្រើសរើស។
 
បន្ថែមពីនេះ ភ្ញៀវដែលត្រូវបានអញ្ជើញឱ្យចូលរួមមានដូចជា លោក Bill Gates សហស្ថាបនិកក្រុមហ៊ុន Microsoft, លោក Mark Zuckerberg សហស្ថាបនិក Facebook, លោកស្រី Ivanka Trump កូនស្រីលោកដូណាល់ ត្រាំ អតីតប្រធានាធិបតីអាម៉េរិក និងថ្នាក់ដឹកនាំក្រុមហ៊ុនធំផ្សេងៗទៀត។ លោក Bill Gates និង Mark Zuckerberg អាចនឹងចូលរួមកម្មវិធីនេះ ដោយសារអ្នកទាំងពីរមានវត្តមាននៅអាស៊ីស្រាប់។ 
 
បន្ថែមពីនេះ តារាល្បីៗរបស់ឥណ្ឌា និងតារា​ Rihanna ក៏អាចមានវត្តមានក្នុងពិធីដ៏ធំនៅក្នុងក្រុង Jamnagar ស្ថិតនៅតំបន់ភាគខាងលិចរបស់ឥណ្ឌាផងដែរ។ 
 
តាមការចុះផ្សាយរបស់ទស្សនាវដ្តីអាម៉េរិក Forb លោក Mukesh Ambani ជាមហាសេដ្ឋីពិភពលោកនៅលំដាប់ទី៩ ដោយមានទំហំទ្រព្យសម្បត្តិប្រមាណ ៨៣,៤ពាន់លានដុល្លារ៕ 

Tag:
 ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com