កីឡាជាតិ
ជាតិ
Hun Sen Cup៖ ធ្លាក់វគ្គ៨ក្រុម តែគិរីវង់ ទទួលបានការសរសើរពីគ្រូភ្នំពេញក្រោន
29, Feb 2024 , 3:09 pm        
រូបភាព
ការប្រកួតរវាងភ្នំពេញក្រោន និងគិរីវង់សុខសែនជ័យ រូបពី ក្លិបភ្នំពេញក្រោន
ការប្រកួតរវាងភ្នំពេញក្រោន និងគិរីវង់សុខសែនជ័យ រូបពី ក្លិបភ្នំពេញក្រោន
ភ្នំពេញក្រោន បន្តឈ្នះគិរីវង់សុខសែនជ័យ ១-០​ ក្នុងការប្រកួតជើងទី២ វគ្គ៨ក្រុមចុងក្រោយ ពានសម្ដេច ហ៊ុន សែន លើកទី១៧ វគ្គជម្រុះថ្នាក់ជាតិ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅកីឡដ្ឋាន Smart RSN។ លោក Oleg Starynskyi សរសើរតំបន់ប្រយុទ្ធរបស់គិរីវង់ ដែលបង្កការលំបាក ដល់តំបន់ការពាររបស់ភ្នំពេញក្រោន ក្នុងការលេងបាល់ពីខាងក្រោម។


ភ្នំពេញក្រោន បាននាំមុខ គិរីវង់សុខសែនជ័យ នៅតង់ទី១ នាទី៤២ ដោយការស៊ុតបញ្ចូលទីរបស់ខ្សែប្រយុទ្ធ លឹម ពិសុទ្ធ បន្ទាប់ពីកីឡករ លឹម វិសាល ដណ្ដើមបាល់បានពីខ្សែការពាររបស់គិរីវង់សុខសែនជ័យ រួចបញ្ជូនចូលក្នុងតំបន់គ្រោះថ្នាក់។ ម្ចាស់ផ្ទះ ភ្នំពេញក្រោន លេងបាល់បានល្អជាង តាមរយៈភាគរយ នៃការគ្រប់គ្រងបាល់ និងឱកាសក្នុងការបញ្ចប់ទី។ ចំណែក ក្រុមភ្ញៀវគិរីវង់សុខសែនជ័យ ធ្វើបានល្អជាងជើងទី១ នៅក្នុងទឹកដីនៃកីឡដ្ឋានគិរីវង់។ បញ្ចប់ការប្រកួតនេះ ភ្នំពេញក្រោន ឈ្នះ គិរីវង់សុខសែនជ័យ ១-០។ គិតគ្រាប់បាល់ទាំង២ជើង ភ្នំពេញក្រោនឈ្នះ គីរីវង់ ៣-០។
 
លោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោន យល់ថាទម្រង់លេងរបស់គិរីវង់សុខសែនជ័យល្អ ព្រោះបានធ្វើឲ្យកូនក្រុមខ្លួន ពិបាកក្នុងការលេងបាល់ពីតំបន់ខាងក្រោម។ គ្រូបង្វឹកសញ្ជាតិអ៊ុយក្រែនរូបនេះ ក៏បានសរសើរកីឡាករក្មេងៗមួយចំនួនរបស់ខ្លួនដែលដាក់ ឲ្យចូលលេងជាមួយកីឡាករ មានបទពិសោធន៍ច្រើន ហើយអ្នកទាំងនោះធ្វើបានយ៉ាងល្អ។
 
«វាមិនមែនជាការប្រកួតងាយស្រួលនោះទេ ដូចដែលយើងបានឃើញហើយ ពួកគេពិតជាលេងខ្លាំងទាំងពីរវគ្គដូច្នេះវាពិបាកសម្រាប់យើងក្នុងការលេងបាល់ពីខាងក្រោម (build-up)។

យើងបានដាក់កីឡាករក្មេងៗលេងច្រើន និងលាយគ្នាជាមួយកីឡាករមានបទពិសោធន៍មួយចំនួន។ ពួកគេបានបង្ហាញការលេងល្អ ហើយក៏មានចំនុចមួយចំនួនដែលតម្រូវឲ្យពួកគេត្រូវកែប្រែផងដែរ។»។
 
៤ក្រុមឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ គឺភ្នំពេញក្រោន, ព្រះខ័នរាជស្វាយរៀង, វិសាខា និងបឹងកេត។ ព្រះខ័នរាជស្វាយរៀង ទម្លាក់ណាហ្គាវើលដ៍ លទ្ធផលទាំង២ជើង ១០-១ ខណៈវិសាខា ឈ្នះ ព្រៃវែង ១-០។ ចំណែកបឹងកេត យកឈ្នះ អាយ អេស អាយ ដង្កោសែនជ័យ ទាំង២ជើង ៨-៤។
 
គួរបញ្ជាក់ផងដែរថា ក្រុមទាំង៤នេះ ធ្លាប់ជួបគ្នាក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ២លើករួចមកហើយ គឺក្នុងឆ្នាំ២០១៩ និងឆ្នាំ២០២១។ ព្រះខ័នរាជស្វាយរៀង ធ្លាប់ឈ្នះពានសម្ដេច ៤លើក (២០១១, ២០១២, ២០១៥, ២០១៧), វិសាខា ជើងឯក៣រដូវកាលជាប់គ្នា (២០២០, ២០២១, ២០២២), ភ្នំពេញក្រោន ២លើក (២០០៨, ២០០៩) និងបឹងកេត ១លើក ក្នុងឆ្នាំ២០១៩៕

Tag:
 បាល់ទាត់
  ពានសម្ដេច ហ៊ុន សែន
  Hun Sen Cup
© រក្សាសិទ្ធិដោយ thmeythmey.com