FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
FIFA សង់មជ្ឈមណ្ឌលហ្វឹកហ្វឺនឱ្យឡាវ​ ដើម្បីជំរុញការអភិវឌ្ឍន៍វិស័យបាល់ទាត់
29, Feb 2024 , 4:29 pm        
រូបភាព
សហព័ន្ធបាល់ទាត់ឡាវ (LFF) បើកដំណើរការមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡាបាល់ទាត់ថ្មី ក្នុងក្រុងវៀងចន្ទន៍ នៅថ្ងៃទី២៤ ខែកុម្ភៈ ក្រោមជំនួយរបស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA)។ មជ្ឈមណ្ឌលនេះ បង្កើតឡើងក្នុងគោលបំណងបណ្តុះទេពកោសល្យកីឡាករយុវជន និងពង្រឹងសមត្ថភាពក្រុមបាល់ទាត់ជម្រើសជាតិឡាវ។


មជ្ឈមណ្ឌលបណ្តុះបណ្តាលកីឡាបាល់ទាត់ ដែលមានឈ្មោះថា ចំប៉ី-ចំប៉ា បានសាងសង់ក្នុងបរិវេណពហុកីឡដ្ឋានជាតិឡាវ ស្ថិតក្នុងវៀងចន្ទន៍ ប្រទេសឡាវ។ មជ្ឈមណ្ឌលហ្វឹកហ្វឺននេះ នឹងបម្រើសម្រាប់សកម្មភាពអភិវឌ្ឍន៍កីឡាបាល់ទាត់ឡាវ និងសម្រាប់ហ្វឹកហាត់កីឡាផ្សេងៗមួយចំនួនទៀត។ នេះបើតាមការផ្សាយរបស់កាសែត Vientiane Times។
 
ក្រោមជំនួយរបស់ FIFA តាមរយៈគម្រោងពិសេសដែលមានឈ្មោះថា FIFA Forward មជ្ឈមណ្ឌលនេះសាងសង់ឡើង ដោយផ្តោតសំខាន់លើការអភិវឌ្ឍន៍វិស័យបាល់ទាត់ឡាវ ទាំងក្រុមថ្នាល និងឈុតធំ រួមទាំងក្រុមស្ត្រីផង។ តាមរយៈជំនួយគាំទ្រនេះ LFF បានដាក់គោលដៅធ្វើយ៉ាងណា នាំក្រុមជម្រើសជាតិឡាវរីកមុតមាត់លើឆាកអន្តរជាតិ ដោយពង្រឹកចាប់ពីយុវជនថ្នាលទៅ។
  


បើតាមការអះអាងរបស់លោក Kunya Keomany អនុប្រធាន LFF និងជាសមាជិកក្រុមប្រឹក្សា FIFA៖ «ទីលានទាំងនេះ ជាកន្លែងសម្រាប់កីឡាករ-ការិនី រួមទាំងក្រុមជម្រើសជាតិទាំងបុរស-ស្ត្រី និងយុវជន ពង្រឹងសមត្ថភាព។ ទីតាំងហ្វឹកហាត់នេះ មានបំពាក់សម្ភារបរិក្ខាទំនើបៗ អន្តេវាសិកដ្ឋាន អាហារដ្ឋាន និងកន្លែងហាត់ប្រាណជាដើម»។
 
លោក Kunya បាននិយាយថា "យើងមានអំណរគុណចំពោះ FIFA សម្រាប់ការគាំទ្រដ៏មិនគួរឱ្យជឿនេះ និងសម្រាប់ការប្តេជ្ញាចិត្តរបស់ FIFA ក្នុងការអភិវឌ្ឍន៍បាល់ទាត់ [នៅក្នុងប្រទេសឡាវ] នៅគ្រប់កម្រិតទាំងអស់" ។
 
ប្រធាន LFF លោក Viphet Sihachakr បង្ហាញក្តីរីករាយ និងអរគុណ FIFA ចំពោះគម្រោងគាំទ្រកែលម្អហេដ្ឋារចនាសម្ព័ន្ធកីឡាបាល់ទាត់នៅក្នុងប្រទេសឡាវនេះ។ លោក Viphet នឹងយកអត្ថប្រយោជន៍ដែល LFF ទទួលបានពី FIFA Forward ទៅបណ្តុះធនធានកីឡាករ-ការិនីឱ្យកាន់តែមានផ្លែផ្កា។
 
បើតាមតំណាង FIFA លោក Kenny Jean-Marie មជ្ឈមណ្ឌលបណ្តុះបណ្តាលកីឡាបាល់ទាត់ ចំប៉ី-ចំប៉ា ជាគម្រោងទី១ ក្នុងទីក្រុងវៀងច័ន្ទ ប្រទេសឡាវ និងគ្រោងបង្កើតមជ្ឈមណ្ឌលស្រដៀងនេះបន្ថែមចំនួន ៣ទៀត នៅក្នុងខេត្តចំប៉ាសាក់ លួងប្រាបាំង និង Luang Namtha៕

Tag:
 FIFA
  ឡាវ
© រក្សាសិទ្ធិដោយ thmeythmey.com