កីឡាជាតិ
ជាតិ
លោក ប៊ុយ សុភ័ណ្ឌ តំណាង NOCC ចូលរួមវគ្គបណ្តុះបណ្តាលគ្រូបង្គោលនៅ IOC
29, Feb 2024 , 6:59 pm        
រូបភាព
សិក្ខាកាម ៣០នាក់ មកពី២៩ប្រទេស ថតរូបជុំគ្នា រូបពី NOCC
សិក្ខាកាម ៣០នាក់ មកពី២៩ប្រទេស ថតរូបជុំគ្នា រូបពី NOCC
លោក ប៊ុយ សុភ័ណ្ឌ ទីប្រឹក្សាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានចូលរួមសិក្ខាសាលាបណ្ដុះបណ្ដាគ្រូបង្គោល និងការអប់រំគុណតម្លៃអូឡាំពិក ដែលរៀបចំដោយ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) នៅប្រទេសស្វីស។ វគ្គបណ្ដុះបណ្ដាលនេះ ដើម្បីពង្រឹងសមត្ថភាពគ្រូបង្គោល និងពង្រីកវិសាលភាព នៃការអនុវត្តគម្រោងកម្មវិធីអប់រំគុណតម្លៃអូឡាំពិក នៅតាមបណ្ដាប្រទេសជាសមាជិក IOC។


សិក្ខាកាម៣០នាក់ មកពី២៩ប្រទេស នៃទ្វីបទាំង៥ បានចូលរួមក្នុងសិក្ខាសាលា ដែលរៀបចំដោយ IOC នៅទីស្នាក់ការកណ្តាលក្នុងក្រុង Lausanne ប្រទេសស្វីស ចាប់ពីថ្ងៃទី២៦-២៩ ខែកុម្ភៈ ឆ្នាំ២០២៤។ លោក ប៊ុយ សុភ័ណ្ឌ បានបញ្ជាក់ថា សិក្ខាសាលានេះ រៀបចំដើម្បីពង្រឹងសមត្ថភាពគ្រូបង្គោល លើការរៀបចំផែនការ, ការរៀបចំកម្មវិធីសិក្សា, ការបង្កើតសកម្មភាពអប់រំកាយ និងកីឡា និង ការវាយតម្លៃ គរុកោសល្យ នៃការបង្រៀន។ 
 
គោលបំណងនៃសិក្ខាសាលាដដែលនេះ IOC ចង់ពង្រឹង និងពង្រីកវិសាលភាព នៃការអនុវត្តគម្រោងកម្មវិធីអប់រំគុណតម្លៃអូឡាំពិក នៅតាមបណ្ដាលប្រទេសជាសមាជិករបស់ខ្លួនផងដែរ។
 
ដោយឡែក គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា តែងតែអនុវត្តនូវផែកការអប់រំគុណតម្លៃអូឡាំពិក ដោយបានរៀបចំវគ្គបណ្ដុះបណ្ដាលមន្ដ្រីតាមស្ថាប័នកីឡា និងសហព័ន្ធកីឡាជាតិរបស់ខ្លួន។ ជាពិសេសទៀតនោះ NOCC តែងមានវគ្គអប់រំគុណតម្លៃអូឡាំពិកនៅតាមបណ្ដាលសាលារៀនទូទាំងរាជធានី-ខេត្ត រៀងរាល់ឆ្នាំ ដើម្បីបញ្ច្រៀបដល់សិស្សានុសិស្ស និងយុវជន អំពីគុណតម្លៃស្នូលទាំង៣ របស់ទស្សនវិទ្យាអូឡាំពិក រួមមាន៖ ឧត្តមភាព, ការគោរព និងមិត្តភាព៕
 
លោក ប៊ុយ សុភ័ណ្ឌ តំណាង NOCC ឈរនៅខាងស្ដាំដៃ រូបពី NOCC

Tag:
 ប៊ុយ សុភ័ណ្ឌ
  គុណតម្លៃអូឡាំពិក
© រក្សាសិទ្ធិដោយ thmeythmey.com