RFI
អន្តរជាតិ
អាកាសធាតុឡើងក្តៅខ្លាំងហួសហេតុខុសប្រក្រតីនៅភាគខាងត្បូងវៀតណាម 29, Feb 2024 , 7:39 pm
អាកាសធាតុឡើងក្តៅខ្លាំងហួសហេតុខុសប្រក្រតីនៅភាគខាងត្បូងវៀតណាម REUTERS - ALY SONG
×
ដោយ៖អៀង សុខម៉ិញ /RFI ខេមរភាសា
ទីភ្នាក់ងារឧតុនិយមវៀតណាមបានប្រកាសនៅថ្ងៃទី ២៨ កុម្ភៈ ២០២៤នេះ ថាភាគខាងត្បូងប្រទេសដែលតំបន់យុទ្ធសាស្ត្រសម្រាប់ដាំដុះស្រូវ កំពុងរងរលកកម្តៅខ្លាំងហួសហេតុខុសប្រក្រតី។ ជាអាកាសធាតុក្តៅខ្លាំងហើយ មានរយៈពេលយូរ និងជាទូទៅតែម្តង។
តាមធម្មតា តំបន់ភាគខាងត្បូងប្រទេសវៀតណាម ក៏ដូចជាតំបន់អាស៊ីអាគ្នេយ៍ទាំងមូល តែងមានអាកាសធាតុក្តៅខ្លាំងបំផុតដល់កំពូល ខែមេសាឬនៅខែឧសភា ដោយសីតុណ្ហភាពអាចឡើងដល់៣៩អង្សា។ ប៉ុន្តែនៅឆ្នាំ២០២៤នេះ រលកកម្តៅបានឡើងខ្ពស់ខ្លាំងមុនរដូវ ហើយអូសបន្លាយពេលយូរខែទៀត និងមានលក្ខណៈក្តៅខ្លាំងជាទូទៅតែម្តង ជាមួយសីតុណ្ហភាពវិលម្តុំ ៣៧-៣៨អង្សា។ នេះបើតាមសេចក្តីប្រកាសរបស់លោក Dinh Quyet ប្រធានទីភ្នាក់ងារព្យាករណ៍ឧតុនិយមវៀតណាមភាគខាងត្បូង ដោយលម្អិតថា អាកាសធាតុក្តៅចម្លែក ខុសទម្លាប់នេះ បណ្តាលមកពីបាតុភូតធម្មជាតិអែលនីញ៉ូ បូកផ្សំនឹងការប្រែប្រួលអាកាសធាតុនៃភពផែនដីសម្រាប់ពិភពលោកទាំងមូលផង។
តាំងពីដើមខែកុម្ភៈ ក្រុងហូជីមិញ តំបន់ដែលតាទន្លេមេគង្គភាគខាងត្បូងប្រទេសវៀតណាម រងរលកកម្តៅយ៉ាងខ្លាំង ដែលធ្វើឱ្យបណ្តាញប្រលាយទឹកដ៏ចាំបាច់សម្រាប់ធ្វើស្រែនិងសម្រាប់ជាផ្លូវចរាចរណ៍ដឹកជញ្ជូនទំនិញកសិកកម្មបានហួតស្ទើរអស់។ បើតាមការពន្យល់របស់អាជ្ញាធរ ប្រលាយជាង៨០នៅស្រុកTran Van Thoi ខេត្តCa Mau បានរីង។ កសិករត្រូវធ្វើស្រែរំពឹងលើទឹកភ្លៀង ប៉ុន្តែដោយមិនអាចទប់ទឹកបានគ្រប់គ្រាន់ គេត្រូវបូមបន្ថែមពីប្រភពផ្សេងៗ ដែលជាហេតុធ្វើឱ្យស្ងួតប្រេះនិងបាក់ដី ប្រមាណ៣៤០កន្លែងហើយ គិតចាប់តាំងពីដើមឆ្នាំមក។ ឯដំណាំស្រូវមួយភាគធំនឹងក៏ផ្តល់មិនល្អដោយខ្វះទឹក។
អង្គការឧតុនិយមពិភពលោក និងទីភ្នាក់ងារសង្កេតមហាសមុទ្ទនិងបរិយាកាសអាមេរិក បានព្រមាន កាលពីកណ្តាលខែមករាថា ឆ្នាំ២០២៤ អាចនឹងបំបែកឯតទគ្គកម្មកម្តៅ ឆ្នាំចាស់ឆ្នាំ២០២៣។ ទីភ្នាក់ងារអាមេរិកប្រាកដក្នុងចិត្តស្ទើរទាំងស្រុង (៩៩%) ថា២០២៤នឹងជាប់ចំណាត់ថ្នាក់ក្នុងចំណោម ឆ្នាំទាំង៥ដែលក្តៅជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ៕
© រក្សាសិទ្ធិដោយ thmeythmey.com