ជាតិ
សេដ្ឋកិច្ច
រដ្ឋគ្រោងចំណាយជាង១០ម៉ឺនដុល្លារ​ ដើម្បីរៀបចំបុណ្យទន្លេនៅខេត្តសៀមរាប
29, Feb 2024 , 8:19 pm        
រូបភាព
លោក សូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍។ រូបថត៖ សូ​ ម៉ារ៉ា
លោក សូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍។ រូបថត៖ សូ​ ម៉ារ៉ា
រដ្ឋាភិបាលគ្រោងចំណាយថវិការ៤៥០លានរៀល(ប្រមាណ១១ម៉ឺនដុល្លារ)  សម្រាប់រៀបចំពិធីបុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាប។ នេះបើតាមលោក សូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ដោយរំពឹងទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិជាង១លាននាក់ នៅក្នុងពិធីបុណ្យនេះ។
 
ក្រសួងទេសចរណ៍ សហការ​ជា​មួ​​​យ ​រដ្ឋបាល​ខេត្ត​សៀមរាប សហភាពសហព័ន្ធយុវជនកម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងវិស័យឯកជន រៀបចំពិធីបុណ្យទន្លេលើក​ទី៨ ក្រោមប្រធានបទ «ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ» ដែលនឹងប្រព្រឹត្តទៅនៅ​​ថ្ងៃទី១៦-១៧ ខែមីនា ឆ្នាំ២០​២៤ នៅក្នុងទឹកដីខេត្តសៀមរាប។
 
បើតាមលោក សូ ម៉ារ៉ា សម្រាប់ការរៀបចំបុណ្យទន្លេលើក​ទី៨នេះ ត្រៀមចំណាយប្រមាណ៤៥០លានរៀលប៉ុណ្ណោះ ដែលទំហំនេះ គឺតិចជាងការរៀបចំបុណ្យសមុទ្រ៣ដង។ លោក បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានស្ដីពីការរៀបចំពិធីបុណ្យទន្លេនៅខេត្តសៀមរាប​ នាថ្ងៃទី២៨កុម្ភៈ ថា​៖ «ការណ៍ដែលរដ្ឋអាចប្រើប្រាស់ថវិកាសម្រាប់រៀបចំពិធីធំៗនេះបាន គឺដោយសារការឧបត្ថម្ភគាំទ្រពីវិស័យឯកជនខ្លះ ក្នុងស្មារតីចូលរួមលើកស្ទួយវិស័យទេសចរណ៍»។

លោក​ សូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ដឹកនាំសន្និសីទសារព័ត៌មានស្ដីពីការរៀបចំពិធីបុណ្យទន្លេនៅខេត្តសៀមរាប នៅក្រសួងទេសចរណ៍ នាថ្ងៃទី២៨កុម្ភៈ។ រូបថត៖ ពីលោក សូ ម៉ារ៉ា​

ពិធីបុណ្យទន្លេរយៈពេល២ថ្ងៃនៅលើទឹកដីបេតិកភណ្ឌពិភពលោកនេះ នឹងមានសកម្មភាពសំខាន់ៗ សម្រាប់ការទស្សនា និងកម្សាន្ត ជាច្រើន។ ក្នុងនោះ មានការសម្ដែងសិល្បៈ ការប្រគុំតន្ត្រី ការបាញ់កាំជ្រួចអបអរសាទរពិធីបុណ្យទន្លេលើកទី៨ឆ្នាំ២០២៤ ព្រមទាំងយុទ្ធនាការឆ្នាំទស្សនាសៀមរាប២០២៤។
 
ជាមួយគ្នានេះ ក៏មានតាំងពិព័រណ៍ផលិតផលទេស​ចរណ៍ និងផលិតផលទូទៅ មហោស្រពម្ហូបអាហារមេគង្គដែលមានជាង៥០០ស្ដង់ ព្រមទាំងសកម្មភាពកម្សាន្តនានានៅតាមបណ្តោយដងស្ទឹងសៀមរាប និងតំបន់ Pub Street ផងដែរ។
 
តាមរយៈសកម្មភាពកម្សាន្តសប្បាយទាំងនេះ លោក​ សូ ម៉ារ៉ា ជឿជាក់ថា ពិធីបុណ្យទន្លេនៅខេត្តសៀមរាប នឹងទាក់ទាញភ្ញៀវទេសចរប្រមាណ១លាននាក់។  បើតាមលោករដ្ឋលេខាធិការក្រសួងទេសចរណ៍ ព្រឹត្តិការណ៍នេះ នឹងជួយជំរុញកំណើនភ្ញៀវទេសចរ និងបង្កើនការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តសៀមរាប និងបណ្តាខេត្តតាមដងទន្លេនៅកម្ពុជា ស្របជាមួយនឹងយុទ្ធនាការឆ្នាំទស្សនាសៀមរាប២០២៤ ព្រមទាំងជួយជំរុញផ្សព្វផ្សាយផងដែរនូវភាពសម្បូរបែបនៃមហាអនុតំបន់មេគង្គ៕

Tag:
 ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com