អន្តរជាតិ
សិង្ហបុរីបង្កើនថវិកាការពារជាតិដល់ ១៥ពាន់លានដុល្លារ និងទិញយន្តហោះ F-35 បន្ថែម
29, Feb 2024 , 5:39 pm        
រូបភាព
រដ្ឋមន្រ្តីការពារជាតិសិង្ហបុរី លោក Ng Eng Hen។ រូបភាព AFP
រដ្ឋមន្រ្តីការពារជាតិសិង្ហបុរី លោក Ng Eng Hen។ រូបភាព AFP
រដ្ឋមន្រ្តីការពារជាតិសិង្ហបុរី លោក Ng Eng Hen នៅថ្ងៃទី២៨ ខែកុម្ភៈ បានប្រកាសថា ការចំណាយថវិកាការពារជាតិសិង្ហបុរីនៅក្នុងឆ្នាំ២០២៤ នឹងមានទំហំ ១៥ពាន់លានដុល្លារ ដោយកើនឡើង២,៥ភាគរយ បើធៀបនឹងឆ្នាំ២០២៣។ ស្របគ្នានេះ សិង្ហបុរី បានប្រកាសទិញយន្តហោះចម្បាំងជំនាន់ទី៥ F-35A ចំនួន ៨គ្រឿងបន្ថែម ដើម្បីការពារសន្តិសុខជាតិ។
 
បើទោះជារដ្ឋតូចនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ សិង្ហបុរី តែងគិតគូរពីបញ្ហាសន្តិសុខជាអាទិភាពរបស់ខ្លួន។ ជាប្រទេសតែមួយគត់នៅក្នុងតំបន់មួយនេះ សិង្ហបុរី បានបញ្ជាទិញយន្តហោះចម្បាំង F-35B ដែលជាជំនាន់ចុងក្រោយ រហូតដល់ ១២គ្រឿងនៅពេលកន្លងមក។ ទន្ទឹមនេះ សិង្ហបុរី បានបញ្ជាទិញយន្តហោះចម្បាំង F-35A ចំនួន ៨ គ្រឿងបន្ថែម។ 
 
«យន្តហោះចម្បាំងទាំងនេះ នឹងត្រូវដឹកជញ្ជូនឱ្យក្នុងអំឡុងឆ្នាំ២០៣០»។ ប្រមុខការពារជាតិសិង្ហបុរី លោក Ng Eng Hen បានសង្កត់ធ្ងន់បែបនេះ នៅចំពោះមុខសមាជិកសភា ក្នុងថ្ងៃទី២៨ ខែកុម្ភៈ ដោយបន្តថា យន្តហោះចម្បាំងជំនាន់ទី៥នោះ នឹងត្រូវបានប្រើប្រាស់ ដើម្បីការពារសន្តិសុខជាតិ។ ជាការពិត F-35 ជាប្រភេទយន្តហោះ អាចកំបាំងខ្លួនពីរ៉ាដារបស់សត្រូវ និងត្រូវបានបំពាក់បច្ចេកវិទ្យាយ៉ាងទំនើបសម្រាប់ការប្រតិបត្តិការ។ 
 
ការបន្ថែមចំនួនយន្តហោះ F-35A ៨គ្រឿងបន្ថែម នឹងធ្វើឱ្យសិង្ហបុរីមានយន្តហោះប្រភេទ F-35 រហូតដល់ ២០គ្រឿងនៅពេលខាងមុខ។ លោក Ng Eng Hen មិនបានបញ្ជាក់ពីតម្លៃនៃការទិញយន្តហោះដ៏ទំនើបនោះឡើយ។ 
 
ទន្ទឹមនេះ រដ្ឋមន្រ្តីការពារជាតិ បានបន្ថែមទៀតថា នៅក្នុងឆ្នាំ២០២៤ សិង្ហបុរី នឹងចំណាយថវិកាលើវិស័យការពារជាតិរហូតដល់ ១៥ពាន់លានដុល្លារ ពោលគឺកើនឡើង ២,៥ភាគរយ បើធៀបនឹងឆ្នាំ២០២៣។ ក្នុងទំហំនេះ វាស្មើនឹង ៣ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ដែនកោះមួយនេះ។ 
 
បើទោះស្ថិតក្នុងត្រកូល F-35 មែន ប៉ុន្តែយន្តហោះF-35A មានសមត្ថភាពខ្លាំងជាង F-35B។ យន្តហោះ F-35A អាចហោះបានចម្ងាយប្រមាណ ២២០០គីឡូម៉ែត្រ និងផ្ទុកទម្ងន់បាន៨១៦០គីឡូក្រាម។ យ៉ាងណាមិញF-35B អាចហោះបានក្នុងចម្ងាយប្រមាណ ១៦៦៧គីឡូម៉ែត្រប៉ុណ្ណោះ និងផ្ទុកទម្ងន់បាន ៦៨០០គីឡូក្រាម។ ចំណែកបច្ចេកវិទ្យាផ្សេងទៀត យន្តហោះទាំងពីរប្រភេទមានលក្ខណៈស្រដៀងគ្នាដែរដូចជា ការកំបាំងខ្លួនពីរ៉ាដា និងការបំពាក់អាវុធជាដើម៕ 

Tag:
 សិង្ហបុរី
© រក្សាសិទ្ធិដោយ thmeythmey.com