ជាតិ
សង្គមជាតិ
ក្រសួងការពារជាតិ ព្រមានចាត់វិធានការលើអ្នកប្រើផ្លាកលេខ ខ.ម
29, Feb 2024 , 4:59 pm        
រូបភាព
ឡានមានស្លាកលេខ ខ.ម ចកគ្មានសណ្ដាប់ធ្នាប់នាពេលកន្លងមក។ រូបពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
ឡានមានស្លាកលេខ ខ.ម ចកគ្មានសណ្ដាប់ធ្នាប់នាពេលកន្លងមក។ រូបពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
ភ្នំពេញ៖ ក្រសួងការពារជាតិ សង្កេតឃើញមានអ្នកប្រើប្រាស់ផ្លាកលេខ ខេមរភូមិន្ទ (ខ.ម) មួយរយៈចុងក្រោយនេះ ដែលបានបង្កផលប៉ះពាល់ដល់សង្គមជាបន្តបន្ទាប់ ដូចជាគ្រោះថ្នាក់ចរាចរណ៍ និងបញ្ចេញភាពក្រអឺតក្រទម មិនសក្ដិសមជាមន្ត្រីយោធា។ ករណីនេះ ក្រសួងពិនិត្យឃើញថា មហាជនរិះគន់ជាហូរហែ ពិសេសប៉ះពាល់ដល់កិត្តិយសនៃកងយោធពលខេមរភូមិន្ទទាំងមូល។
 
បើតាមអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស នៃក្រសួងការពារជាតិ អ្នកប្រើប្រាស់ស្លាកលេខ ខ.ម បានលុះត្រាតែជានាយទាហាន ដែលមានសិទ្ធិពេញលេញ ដោយមិនអនុញ្ញាតឱ្យជនស៊ីវិល ឬជនបរទេសប្រើប្រាស់បានឡើយ។ ចំពោះការប្រើប្រាស់យានយន្តពាក់ស្លាកលេខចរាចរខេមរភូមិន្ទ ត្រូវស្របតាមការកំណត់របស់ក្រសួងការពារជាតិ ហើយក្រុមហ៊ុនសហការវិនិយោគ រួមទាំងវិស័យការពារជាតិនានា ក៏ត្រូវតែមានការអនុវត្តដូចគ្នាពីក្រសួងដែរ។
 
ក្រសួងបានព្រមានយ៉ាងដូច្នេះ៖ «ក្នុងករណីដែលអនុវត្តការប្រើប្រាស់ផ្ទុយខុសពីខ្លឹមសារខាងលើ អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិនឹងចាត់វិធានការច្បាប់ជាធរមាន»។
 
ជាមួយគ្នាដែរ ក្រសួងស្នើឲ្យបណ្តាស្ថាប័ន កងឯកភាពចំណុះក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងគ្រប់បណ្តាប្រភេទទ័ពជំនាញទាំងអស់ អនុវត្តតាមការណែនាំរបស់ក្រសួងឱ្យបានម៉ឺងម៉ាត់បំផុត៕
 

Tag:
 សង្គម
© រក្សាសិទ្ធិដោយ thmeythmey.com