សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ក្រុមហ៊ុនសិង្ហបុរី បោះទុនអភិវឌ្ឍន៍លំនៅឋានក្បែរអាកាសយានដ្ឋានតេជោក្រុងតាខ្មៅ 29, Feb 2024 , 9:29 pm
រូបភាព ៖ Marum Estate
× ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Sir Stamford Raffles Group (SSRG) មានមូលដ្ឋាននៅសិង្ហបុរីបានដាក់បង្ហាញគម្រោងលំនៅឋានដំបូងនៅកម្ពុជាមានឈ្មោះថា Marum Estate។ គម្រោងនេះ សាងសង់លើផ្ទៃដីទំហំ ២២,៦ហិកតា ដែលមានទីតាំងជិតអាកាសយានដ្ឋានអន្តរជាតិថ្មី ខេត្តកណ្តាល។
គម្រោងលំនៅឋាន Marum Estate បានដាក់បង្ហាញជាសារធារណៈលើកដំបូងកាលពីថ្ងៃទី៣១ ខែមករា ស្ថិតនៅភាគខាងត្បូងទីក្រុងភ្នំពេញ ដែលមានការអភិវឌ្ឍន៍បែបចម្រុះរួមបញ្ចូលនូវលំនៅឋាន តំបន់ពាណិជ្ជកម្ម ការថែទាំសុខភាព ការអប់រំ និងគ្រឿងបរិក្ខារសម្រាប់ចាស់ជរា។
Marum Estate មានទីតាំងស្ថិតនៅជាប់នឹងទន្លេបាទី និងខាងក្រោយភ្នំតាម៉ៅ ដែលមានអាកាសយានដ្ឋានអន្តរជាតិតេជោតាខ្មៅនៅក្បែរផងនោះ។ ខេត្តកណ្តាល នឹងក្លាយជាច្រករបៀងសេដ្ឋកិច្ចថ្មីរបស់កម្ពុជា។
«ភាគខាងត្បូងខេត្តកណ្តាល ជាច្រករបៀងសេដ្ឋកិច្ចថ្មីដោយសារការរីកចម្រើននៃព្រលានយន្តហោះតេជោតាខ្មៅ។ អាកាសយានដ្ឋាននេះគ្រោងបញ្ចប់នៅឆ្នាំ២០២៥។ វាជាការតភ្ជាប់ដ៏ល្អជាមួយការអភិវឌ្ឍ Marum Estate។ លោក Ng Aung San ស្ថាបនិក SSRG និងជាសហនាយកប្រតិបត្តិក្រុមហ៊ុនបានប្រាប់សារព័ត៌មានបែបនេះក្នុងអំឡុងពេលសម្ពោធ Marum Estate ដែលធ្វើនៅក្នុងសណ្ឋាគារ Hyatt Regency Phnom Penh។
រូបភាព ៖ Marum Estate
លោកបន្ថែមថា ក្រៅពីព្រលានយន្តហោះថ្មី គម្រោងហេដ្ឋារចនាសម្ព័ន្ធដូចជា ស្ពានអាកាសព្រះមុនីវង្សថ្មី រំពឹងថានឹងកាត់បន្ថយការកកស្ទះចរាចរណ៍តទៅកាន់ខេត្តកណ្តាល។ «នៅពេលដែលវារួចរាល់ ការតភ្ជាប់ពី Marum Estate ទៅកាន់រាជធានីនឹងកាន់តែលឿន និងងាយស្រួលជាងមុន»។
គម្រោងលំនៅឋាន Marum Estate រំពឹងថានឹងបញ្ចប់នៅឆ្នាំ២០៣០ ហើយចែកការអភិវឌ្ឍជា២ដំណាក់កាល។ ដំណាក់កាលទី១ ការសាងសង់ភាគច្រើនផ្តោតលើលំនៅឋានរស់នៅ និងកន្លែងលក់ទំនិញមួយចំនួន ដែលនឹងចាប់ផ្តើមសាងសង់នៅត្រីមាសទី២ ឆ្នាំនេះ។
យោងតាម SSRG គម្រោង Marum Estate នឹងផ្តល់ជូនលំនៅឋានសរុបចំនួន៦៤២ ចែកចេញជា ៦ប្រភេទមាន Greenwood Residences (បន្ទប់គេង៣) Orchard Residences (បន្ទប់គេង៤) Sanctuary Residences (បន្ទប់គេង៥) Reserve Residences (បន្ទប់គេង៦) និង Reserve Residences (បន្ទប់គេង៨)។ តម្លៃលក់សម្រាប់លំនៅឋាននៅទីនេះចាប់ពី ១៩ម៉ឺនដុល្លារឡើងទៅ។ នេះបើតាមសារព័ត៌មាន The Edge។
គម្រោង Marum Estate ផ្តោតលើអតិថិជនក្នុងស្រុកជាចម្បង ។«យើងកំពុងកំណត់អតិថិជនគោលដៅសម្រាប់ប្រជាជនកម្ពុជាដែលមានជីវភាពធូរធារក្នុងស្រុកប្រហែល ៨០ទៅ៩០ភាគរយ... វាក៏នឹងផ្គត់ផ្គង់ដល់ការរស់នៅបែបចម្រុះ»។ លោកNg Aung San បានថ្លែងបែបនេះដោយបន្តថា ផ្នែកដែលនៅសេសសល់ ១០-២០ភាគរយគឺទុកសម្រាប់អតិថិជនបរទេស៕
Tag:
អចលនទ្រព្យ
សិង្ហបុរី
© រក្សាសិទ្ធិដោយ thmeythmey.com