សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ទីក្រុងហុងកុង លុបចោលការរឹតបន្តឹងលើអចលនទ្រព្យ ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ
29, Feb 2024 , 9:59 pm        
រូបភាព
ភាគខាងត្បូងទីក្រុងហុងកុង ។ រូបភាព ៖ Xinhua
ភាគខាងត្បូងទីក្រុងហុងកុង ។ រូបភាព ៖ Xinhua
ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ ទីក្រុងហុងកុងបានសម្រេចចិត្តដកការរឹតបន្តឹងពន្ធទិញផ្ទះ និងបន្ធូរបន្ថយគោលនយោបាយផ្តល់ប្រាក់កម្ចីសម្រាប់វិស័យអចលនទ្រព្យដែលដាក់អស់រយៈពេល ១៤ឆ្នាំ។
 
នៅក្នុងសេចក្តីប្រកាសថវិកាប្រចាំឆ្នាំនៅថ្ងៃទី២៨ ខែកុម្ភៈ លោក Paul Chan ដែលជាប្រធានលេខាធិការហិរញ្ញវត្ថុហុងកុងបាននិយាយថា ទីក្រុងនឹងលុបចោលការរឹតបន្តឹងទាំងអស់លើអ្នកទិញផ្ទះ ហើយក៏លុបបំបាត់ពន្ធចុះបញ្ជីលើប្រតិបត្តិការអចលនទ្រព្យដែលចូលជាធរមានភ្លាមចាប់ពីពេលនេះ។
 
លោក Chan បាន​បន្ត​ថា​៖ «​យើង​ចាត់​ទុក​វិធានការ​ទាំងនេះ ​លែង​ចាំបាច់​ក្នុង​បរិបទ​សេដ្ឋកិច្ច​និង​ទីផ្សារ​បច្ចុប្បន្ន​»​។ នេះបើតាមសារព័ត៌មាន CNN។ 
 
អត្រាពន្ធដែលត្រូវលុបចោលរួមមាន ៧,៥ភាគរយលើពន្ធប្រថាប់ត្រាចំពោះអ្នកទិញផ្ទះ ដែលមិនមែនជាអ្នករស់នៅអចិន្ត្រៃយ៍ក្នុងទីក្រុងហុងកុង។ ទន្ទឹមនេះ ពន្ធចុះបញ្ជី ៧,៥ភាគរយសម្រាប់អ្នកទិញផ្ទះទីពីរ និងពន្ធចុះបញ្ជី១០-១២ភាគរយសម្រាប់អ្នកលក់ផ្ទះក្នុងរយៈពេល២ឆ្នាំបន្ទាប់ពីទិញក៏ត្រូវបានលុបចោល។
 
ពន្ធទាំងនេះត្រូវបានដាក់តាំងពីឆ្នាំ២០១០ ដើម្បីរឹងបន្តឹងទីផ្សារអចលនទ្រព្យនៅទីនោះ។ អស់​រយៈពេល​ជាង​មួយ​ទសវត្សរ៍​​មកហើយ ដែលហុងកុង​​ស្ថិត​ក្នុង​ចំណោមអចលនទ្រព្យ​ ​មានតម្លៃ​ថ្លៃ​បំផុត​ក្នុង​ពិភពលោក ។
 
លើសពីនេះ រដ្ឋាភិបាលហុងកុងក៏នឹងបន្ធូរបន្ថយគោលនយោបាយផ្តល់ប្រាក់កម្ចីសម្រាប់វិស័យអចលនទ្រព្យ ដើម្បីជំរុញតម្រូវការឡើងវិញ។ វិស័យអចលនទ្រព្យ និងឧស្សាហកម្មដើរតួនាទីយ៉ាងសំខាន់សម្រាប់សេដ្ឋកិច្ចហុងកុងដោយមានចំណែក ២០ភាគរយនៃផលិតផលក្នុងស្រុកសរុប។ ប្រាក់ចំណូលពីការលក់ដីធ្លីក៏រួមចំណែក ២០ភាគរយនៃចំណូលថវិការបស់រដ្ឋាភិបាលហុងកុងដែរ។
 
ចាប់តាំងពីឆ្នាំ២០២៣ តម្លៃអចលនទ្រព្យនៅហុងកុងមានការប្រែប្រួលខ្លាំង។ កាលពីឆ្នាំមុន ទីក្រុងហុងកុងបានបន្ធូរបន្ថយគោលនយោបាយរឹតបន្តឹងរបស់ខ្លួនជាលើកដំបូង។ នៅខែមករាឆ្នាំ ២០២៤ សន្ទស្សន៍តម្លៃផ្ទះនៅទីនេះបានធ្លាក់ចុះរយៈពេល ៩ ខែជាប់ៗគ្នា ដែលមានរយៈពេលវែងបំផុតក្នុងរយៈពេល២ទសវត្សរ៍។ នៅខែមករា តម្លៃផ្ទះ​បាន​ធ្លាក់​ចុះ ២៣ភាគរយបើធៀប​កម្រិត​ខ្ពស់​បំផុត​នៅ​ខែ​កញ្ញា ឆ្នាំ២០២១។
 
គួរបញ្ជាក់ថា សេដ្ឋកិច្ចហុងកុងកំពុងព្យាយាមស្តារកំណើនឡើងវិញចាប់តាំងពីការបើកដំណើរការក្រោយបិទអស់រយៈពេល ២ឆ្នាំដោយសារតែកូវីដ-១៩។ កាលពីឆ្នាំមុន ផលិតផលក្នុងស្រុកសរុប (GDP) របស់ហុងកុងបានកើនឡើង ៣​,២ភាគរយ។ ការ​ប្រើ​ប្រាស់ ​និង​ទេសចរណ៍​នៅ​ហុងកុង​បាន​រីក​ចម្រើន​តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ​ បន្ទាប់​ពី​បើក​ឡើង​វិញ​។
 
ក្រៅ​ពី​ទីផ្សារ​អចលន​ទ្រព្យ ហុងកុង​ក៏​កំពុង​ប្រឈម​​ទីផ្សារ​ភាគហ៊ុន​​នៅ​ទ្រឹង។ សន្ទស្សន៍ Hang Seng កាលពីឆ្នាំមុនបានធ្លាក់ចុះ ១៤ភាគរយ ដែលស្ថិតក្នុងចំណោមសន្ទស្សន៍ដ៏អាក្រក់បំផុតនៅលើពិភពលោក។ ការធ្លាក់ចុះនេះ បណ្តាលឲ្យអ្នកវិនិយោគអន្តរជាតិមានការចាប់អារម្មណ៍តិចតួចមកលើហុងកុង៕

Tag:
 ហុង​កុង​
  អចលនទ្រព្យ
© រក្សាសិទ្ធិដោយ thmeythmey.com