ជាតិ
ព័ត៍មានសុខភាព
សុខភាព
ទុក​យូរ​កាន់តែ​យ៉ាប់ ! ជំងឺ​រលាក​ក្រពះ​ព្យាបាល​ត្រឹមត្រូវ​ឆាប់​ជា តែបើ​ទុក​យូរ​អាច​កើត​ជំងឺមហារីក​ក្រពះ
03, Mar 2024 , 6:59 am        
រូបភាព
ជំងឺ​រលាក​ក្រពះ​ពោះវៀន​ដោយសារ​ពពួក​វីរុស គឺជា​ការ​បង្ក​មេរោគ​នៅ​ក្នុង​ពោះវៀន ដែល​សម្គាល់​ដោយ​ការ​រាគ​ធ្ងន់ធ្ងរ ចុកពោះ ចង្អោរ ឬ​ក្អួត ហើយ​ជួនកាល​មាន​គ្រុនក្តៅ​។ មាន​គ្នា​យើង​មិន​តិច​នាក់​ទេ ទំនងជា​ធ្លាប់​ជួប​បញ្ហា​ក្រពះ ។ បើ​អ៊ីចឹង គ្នា​យើង​មាន​ធ្លាប់​លឺ​ពី​ជំងឺ​រលាក​ក្រពះ​ដែរ​ឬទេ ? រលាក​ក្រពះ ជា​ជំងឺ​កើតឡើង​ដោយសារ​ការ​រលាក ឬ​ហើម​ស្រទាប់​កម្រាល​នៃ​ក្រពះ ។
 
ជំងឺ​នេះ អាច​កើតឡើង​ភ្លាម​ៗ ឬ​កើត​មាន​រាប់​ឆ្នាំ​ហើយដោយ​យើង​មិន​បានដឹង​ជា​មុន ។ យ៉ាងណា រលាក​ក្រពះ មិនមែន​ជា​ជំងឺ​ធ្ងន់ធ្ងរ​នោះ​ទេ អាច​ព្យាបាល​ជា​ក្នុង​ពេល​ខ្លី បើសិនជា​ព្យាបាល​បាន​ត្រឹមត្រូវ​។ តែ​ករណី​ខ្លះ ជំងឺ​នេះ​អាច​នឹង​វិ​វត្ត​ជា​ដំបៅ​ក្រពះ នាំ​ឲ្យ​ប្រឈម​មុខ កើត ជំងឺមហារីក​ក្រពះ ទៀត​ផង​។
 
ជំងឺ​នេះ កើត​មាន​ជា​ញឹកញាប់​ណាស់ ហើយ​កាន់តែ​សម្បូរ​ចំពោះ​គ្នា​យើង​ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺចាប់ និង​ផឹកស្រា​។ ជំងឺ​រលាក​ក្រពះ​ភាគច្រើន​មិន​មាន​រោគ​សញ្ញា​នោះ​ទេ ប៉ុន្តែ​រោគ​សញ្ញា​ឧស្សាហ៍​ជួប​បំផុត​រួម​មាន​៖ មិន​ឃ្លាន​អាហារ ក្អួតចង្អោរ ចុកពោះ​ផ្នែក​ខាងលើ (​ចុងដង្ហើម​ជាដើម​) និង​ណែន​ពោះ​ក្រោយ​ពេល​ញ៉ាំ ។
 
បើសិនជា​មាន​ហូរ​ឈាម​ក្នុង​ស្រទាប់​កម្រាល​ក្រពះ យើង​អាច​នឹង​មាន​រោគ​សញ្ញា​ដូច​ខាងក្រោម​៖ លាមក​ខ្មៅ ក្អួត​ឈាម ឬ​ក្អួត​ពណ៌​កាហ្វេ ។
 
បើសិនជា​អាកា​រៈ​មិន​បាន​ធូរស្រាល គួរ​ទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ពី​បញ្ហា​ទាំងនេះ​។ យើង​ត្រូវ​ប្រាប់​ពេទ្យ​រាល់​បញ្ហា​យើង​កំពុង​ជួប​ប្រទះ ពិសេស​ថ្នាំ​មួយ​ចំនួន​យើង​កំពុង​ប្រើ​ផ្សេង​ៗ ៕

ត្រួតពិនិត្យដោយ៖ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com