កីឡាជាតិ
ជាតិ
ព្រំ សំណាង ឈ្នះដៃគូចាស់នៅស៊ីហ្គេម ទុនទុន មីន គ្រងខ្សែក្រវាត់ Kun Khmer
01, Mar 2024 , 10:59 am        
រូបភាព
ព្រំ សំណាង បានយកឈ្នះកីឡាករមីយ៉ាន់ម៉ា ទុនទុន មីន ដោយពិន្ទុ ក្នុងការប្រកួតប្រដាល់គុនខ្មែរដណ្តើមខ្សែក្រវាត់ Ultimate ASIAN Kun Khmer World Championship នៅសង្វៀនថោន យប់ថ្ងៃទី២៩ ខែកុម្ភៈ។ ឈ្នះមែន តែ ព្រំ សំណាង ថាដៃគូចាស់របស់ខ្លួនរួបនេះ ពិបាកទប់ទល់ជាងកាលជួបគ្នានៅស៊ីហ្គេមលើកទី៣២ នៅទឹកដីកម្ពុជា។


ក្រោយការប្រកួតគ្នាយ៉ាងស្វិតស្វាញចំនួន៣ទឹក ចៅក្រមបានសម្រេចឱ្យកីឡាករកម្ពុជា ព្រំ សំណាង ឈ្នះកីឡាករភូមា ទុនទុន មីន ដោយពិន្ទុ ក្នុងកម្មវិធីរាជសីហ៍គុនខ្មែរ ដើម្បីគ្រងខ្សែក្រវាត់ Khmer World Championship។ 
 
នេះជាការជួបគ្នាលើកទី២ហើយ រវាងកីឡាករជើងខ្លាំងប្រចាំប្រទេសទាំពីរ បន្ទាប់ពីប៉ះគ្នាលើកដំបូងក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ក្នុងការ​ប្រកួត​ផ្តាច់​ព្រ័ត្រ​ដណ្តើម​មេដាយមាសគុនខ្មែរ ក្នុងប្រភេទទម្ងន់​ ៨១ គីឡូក្រាម ។ កាលនោះព្រុំ សំណាង ឈ្នះមេដាយមាស ឯទុនទុន មីន ទទួលបានមេដាយប្រាក់ ដោយកីឡាករមីយ៉ាន់ម៉ារូបនេះ អះអាងថាខ្លួនចាញ់ទាំងមិនអស់ចិត្ត។ 
  


ជិត១​ឆ្នាំក្រោយ ជួបគ្នាម្តងទៀតនៅសង្វៀនថោន ទុនទុន មីន នៅតែមិនអាចសងសឹក ព្រុំ សំណាងបានដដែល។ យ៉ាងណាក៏ដោយ បើទោះរក្សាជ័យជម្នះរបស់ខ្លួន ប៉ុន្តែកីឡាករចាស់វស្សាកម្ពុជា ព្រុំ សំណាង សរសើរដៃគូចាស់របស់ខ្លួនពិបាកទប់ទល់ជាងមុន។
 
ម្ចាស់មេដាយមាសស៊ីហ្គេមកីឡាគុនខ្មែររូបនេះ ឆ្លើយនឹងសំនួរអ្នកសារព័ត៌មានក្រោយចប់ការប្រកួតថា៖«ដំបូងឡើយហាក់ដូចជាមើលស្រាលគេ ប៉ុន្តែក្រោយរងការទាត់ធ្ងន់ៗទើបដឹងថាទុនទុន មីន មិនស្រួលទប់ទល់ដូចប៉ះគ្នាដូចនៅស៊ីហ្គេមឡើយ»៕

Tag:
 ព្រំ សំណាង
  ទុនទុន មីន
  Kun Khmer
© រក្សាសិទ្ធិដោយ thmeythmey.com