ជាតិ
សភា បោះឆ្នោតជ្រើសតាំង លោក សុខ ឥសាន និងលោក ហេង ហាលីម ជាសមាជិកព្រឹទ្ធសភា
01, Mar 2024 , 11:04 am        
រូបភាព
លោក សុខ ឥសាន (ឆ្វេង) និង​បេក្ខជន​៣រូបទៀត
លោក សុខ ឥសាន (ឆ្វេង) និង​បេក្ខជន​៣រូបទៀត
លោក សុខ ឥសាន និងលោក ហេង ហាលីម ត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជាសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នាសម័យរដ្ឋសភាជាវិសាមញ្ញ ក្រោមអធិបតីភាពសម្តេច ឃួន សុដារី នៅព្រឹកថ្ងៃទី១ ខែមីនា នេះ។


ក្នុងចំណោមបេក្ខជន៤រូប លោក សុខ ឥសាន ទទួលបានសំឡេងគាំទ្រទាំង១១៣សំឡេងពីតំណាងរាស្ត្រក្នុងតំណែងដែលមានវត្តមាន ខណៈលោក ហេង ហាលីម ទទួលបានសន្លឹកឆ្នោតយល់ព្រមចំនួន១១២។ លោក អ៊ា ឃីម៉េង និងលោក ឌី ទេពកោសល្យ ទទួលបានត្រឹម២សំឡេងរៀងៗខ្លួនប៉ុណ្ណោះ។

លោក សុខ ឥសាន និងលោក ហេង ហាលីម ក្លាយជាសមាជិក២រូបនៃព្រឹទ្ធសភា ដែលត្រូវបានជ្រើសរើសតាំងដោយរដ្ឋសភា តាមសំឡេងមតិភាគច្រើន ខណៈសមាជិក២រូបផ្សេងទៀតក្នុងត្រូវចាត់តាំងដោយព្រះមហាក្សត្រ។

ក្រៅពីសមាជិកទាំង៤រូបដែលត្រូវចាត់តាំងដោយរដ្ឋសភា និងព្រះមហាក្សត្រ សមាជិក៥៨រូបទៀត ត្រូវជ្រើសតាំងដោយការបោះឆ្នោតអសកល។ លទ្ធផលនៃការបោះឆ្នោតកាលពីថ្ងៃទី២៥ ខែកុម្ភៈ បង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបាន៥៥អាសនៈ និងគណបក្សឆន្ទៈខ្មែរ បាន៣អាសនៈ៕



© រក្សាសិទ្ធិដោយ thmeythmey.com