កីឡាអន្តរជាតិ
អន្តរជាតិ
មេ La Liga ចង់ឱ្យ Greenwood បន្តអាជីពនៅទឹកដីអេស្ប៉ាញ
01, Mar 2024 , 2:09 pm        
រូបភាព
លោក Javier Tebas ប្រធានក្របខណ្ឌបាល់ទាត់អេស្ប៉ាញ La Liga ចង់ឱ្យខ្សែប្រយុទ្ធ Mason Greenwood បន្តលេងនៅក្នុងទឹកដីប្រទេសអេស្ប៉ាញ បន្ទាប់ពីលក្ខណខ្ចីជើងរបស់គេត្រូវផុតកំណត់ក្រោយបញ្ចប់រដូវកាល ២០២៣-២៤ ជាមួយក្លិប Getafe។


កីឡាករអន្តរជាតិអង់គ្លេស វ័យ ២២ឆ្នាំ បានចូលរួមជាមួយក្រុមស្ថិតក្នុងទីក្រុងម៉ាទ្រីដ ដោយចាកចេញពី Man Utd កាលពីខែសីហា ក្រោយពេលមានបញ្ហាការ​ស៊ើប​អង្កេត​លើការប៉ុនប៉ងរំលោភ និងប្រើហិង្សាលើមិត្តស្រី។ 
 
រឿងក្តីចោទប្រកាន់លើ Greenwood ត្រូវបានទម្លាក់ចោល ប៉ុន្តែគេបានសម្រេចចិត្តចាកចេញពីក្លិបក្រោយមានរឿងអាស្រូវ និងគោលបំណងស្វែងរកទម្រង់លេងឡើងវិញ។ បច្ចុប្បន្ន Greenwood កំពុងមានទម្រង់លេងល្អប្រសើរឡើងវិញក្នុងក្លិបនៅទឹកដីអេស្ប៉ាញ។
 
​«Greenwood កំពុងតែធ្វើបានល្អ ហើយខ្ញុំសង្ឃឹមថាគេនឹងបន្តស្នាក់នៅទឹកដីអេស្ប៉ាញ។ រឿងនេះគឺពិតជាល្អប្រសើរសម្រាប់យើងទាំងពីរ។»។ លោក Tebas បាននិយាយប្រាប់អ្នកកាសែតក្នុងទីក្រុងឡុងដ៍បែបនេះ។
 
លេងបាន ២៥ប្រកួជាមួយ Getafe កីឡាករសញ្ជាតិអង់គ្លេសស៊ុតបាល់បញ្ចូលទី ៥គ្រាប់ ខណៈដែលកុងត្រារបស់គេជាមួយក្លិបចាស់ Man Utd នឹងផុតកំណត់ក្នុងខែមិថុនា ឆ្នាំ ២០២៥។
 
ការវិលត្រឡប់ទៅកាន់ក្លិបបិសាចក្រហមវិញ ហាក់ដូចជាមានបញ្ហាដែលពិបាកដោះស្រាយសម្រាប់ Greenwood ខណៈគ្រាកន្លងម្ចាស់គ្រប់គ្រងក្លិបថ្មីលោក Sir Jim Ratcliffe ធ្លាប់បានអះអាងថាក្លិបត្រូវការរក្សាភាពត្រឹមត្រូវ និងតម្លៃរបស់ក្លិប ព្រមទាំងនឹងមានការសម្រេចចិត្តបន្ថែមទៀតទៅលើកុងត្រារបស់កីឡាករវ័យ ២២ឆ្នាំនេះ។
 
ប្រធាន La Liga បានបន្ថែមថាលោកគ្មានរឿងអ្វីដែលនឹងត្រូវវិនិច្ឆ័យទៅលើបញ្ហារបស់ Greenwood ឡើយ ព្រោះថាកីឡាករត្រូវបានតុលាការទម្លាក់បទចោទរួចរាល់ហើយ៕

Tag:
 La Liga
  Javier Tebas
  Mason Greenwood
© រក្សាសិទ្ធិដោយ thmeythmey.com