កីឡាអន្តរជាតិ
អន្តរជាតិ
Pogba ប្រឈមបញ្ចប់អាជីព ក្រោយរងពិន័យពីសកម្មភាពបាល់ទាត់៤ឆ្នាំ ពាក់ព័ន្ធសារធាតុញៀន​
01, Mar 2024 , 3:39 pm        
រូបភាព
តារាបាល់ទាត់បារាំង Pual Pogba ត្រូវបានហាមឃាត់ពីសកម្មភាពបាល់ទាត់រយៈពេល ៤ឆ្នាំ បន្ទាប់ពីការធ្វើតេស្តវិជ្ជមានសារធាតុញៀនកាលពីខែសីហា ឆ្នាំ ២០២៣។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្លិប ​Juventus នាថ្ងៃទី២៩ ខែកុម្ភៈ។ អតីតខ្សែបម្រើ Manchester United នឹងដាក់ពាក្យប្តឹងឧទ្ធរណ៍ប្រឆាំងសេចក្តីសម្រេចនេះ។


បើតាមសម្តីរបស់អ្នកនាំពាក្យប្រាប់ទៅកាន់ទីភ្នាក់ងារសារព័ត៌មាន AFP ក្លិបត្រូវបានចូនដំណឹងពីការសម្រេចចិត្តប្រឆាំងនឹងកីឡាករ វ័យ៣០ឆ្នាំ ដែលជួយបារាំងឈ្នះជើងឯក World Cup 2018 ដោយព្យួរកិច្ចសន្យាបណ្តោះអាសន្ន ចាប់តាំងពីខែសីហា។
 
«យើងទទួលបានការជូនដំណឹងពីសាលាក្តីនៅព្រឹកថ្ងៃនេះ។»។ នេះបើតាមអ្នកនាំពាក្យ បន្ទាប់ពីតុលាការប្រឆាំងសារធាតុហាមឃាត់ក្នុងកីឡារបស់ប្រទេសអ៊ីតាលី សម្រេចពិន័យ Pogba ដល់ទៅ៤ឆ្នាំ។ 
 
ក្រោយទទួលបានដំណឹងពីការដាក់បម្រាម Pogba បានបង្ហោះសារភ្លាមៗលើបណ្តាញសង្គម ថាគេនឹងដាក់ពាក្យប្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេច ដែលប្រឈមនឹងការបញ្ចប់អាជីពពីបាល់ទាត់។
 
Pogba បង្ហោះនៅលើបណ្តាញសង្គម Instagram បែបនេះ៖«ខ្ញុំពិតជាសោកស្តាយ តក់ស្លុត និងខូចចិត្តដែលអ្វីៗទាំងអស់ ខ្ញុំបានសាងឡើងក្នុងអាជីពជាកីឡាកររបស់ខ្ញុំត្រូវបានដកចេញពីខ្ញុំ។ វាពិតជាមិនត្រឹមត្រូវ។ វាអាចកើតឡើងដោយអចេតនាពីការលេបថ្នាំគ្រាប់ណាមួយ ដែលបំពានលើបទប្បញ្ញត្តិប្រឆាំងសារធាតុហាមឃាត់។ ខ្ញុំនឹងប្តឹងឧទ្ធរណ៍ ទៅតុលាការអាជ្ញាកណ្តាលលើបញ្ហានេះ។»។
 
បម្រាម ៤ឆ្នាំ មានន័យថា Pogba នឹងមិនអាចចូលរួមលេងរាល់សកម្មភាពបាល់ទាត់ចាប់ពីពេលនេះ រហូតដល់ឆ្នាំ ២០២៧/២៨ ហើយទម្រាំអាចចូលលេងវិញ តារាបាល់ទាត់សញ្ជាតិបារាំងនឹងឈានដល់អាយុ ៣៤ឆ្នាំ។
 
ការធ្វើតេស្តវិជ្ជមានសារធាតុញៀននៅលើខ្លួន ​Pogba ត្រូវបានធ្វើឡើងកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ ២០២៣ ក្រោយ​ពេលដែលក្រុមរហស្សនាម ​Juventus ត្រូវប្រកួតតទល់ជាមួយនឹងក្រុម ​Udinese ជំនួបក្របខណ្ឌ Serie A។ ​ការធ្វើតេស្តលើកទី២​ តុលាការប្រឆាំងគ្រឿងញៀនក៏បន្តធ្វើតេស្តរកឃើញសារធាតុញៀនដដែល ហើយ Pogba ត្រូវបានហាមពីបាល់ទាត់តាំងពីពេលនោះមក៕

Tag:
 Paul Pogba
© រក្សាសិទ្ធិដោយ thmeythmey.com