ជាតិ
សង្គមជាតិ
គ្រោះថ្នាក់ចរាចរណ៍ច្រើន! ពលរដ្ឋ បារម្ភពីការធ្វើដំណើរតាមផ្លូវពេលយប់
01, Mar 2024 , 4:09 pm        
រូបភាព
ឮភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ ជាឃាតកលាក់មុខ ដែលបានសម្លាប់ពលរដ្ឋមួយថ្ងៃ៥នាក់ និងធ្វើឱ្យបាត់បង់ថវិកាជាតិជិត៤០០លានដុល្លារក្នុងមួយឆ្នាំ ។ នេះបើតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ។


សូមអញ្ជើញប្រិយមិត្តទស្សនាវីដេអូដូចតទៅ៖

 

ឃាតកតាមដងផ្លូវ បានធ្វើឱ្យពលរដ្ឋមួយចំនួន  មានភាពភ័យខ្លាច និងបារម្ភពីការធ្វើដំណើរតាមដងផ្លូវពេលយប់។ ពេលធ្វើដំណើរតាមម៉ូតូ នៅ​ពេលយប់មនុស្សមួយចំនួនហាក់ភ័យខ្លាច និងប្រុងប្រយ័ត្នជាងមុន។  កញ្ញា ឆោន ឈិញអឺ  ជានិស្សិតម្នាក់ដែលធ្លាប់ត្រូវបានរ៉ឺម៉កប៉ះពារ អំឡុងពេលឈប់ម៉ូតូតាមដងផ្លូវ ក៏​មានអារម្មណ៍ខ្លាច ពេលធ្វើដំណើរពេលយប់ម្ដងៗ។

យុវតីវ័យ២១ឆ្នាំរូបនេះ រៀបរាប់ដូច្នេះ៖« អ្នកជិះរ៉ឺម៉កខ្លះបើកបរមិនគោរពអ្នកដទៃនោះទេ ពេលខ្លះគៀម៉ូតូខ្ញុំ ធ្លាប់ផ្លូវទៀតផង ដែលធ្វើឱ្យខ្ញុំបាត់បង់ស្មារតី ព្រួយបារម្ភ និងប្រយ័ត្នជាងមុន»។
 
មិនខុសគ្នាពីកញ្ញា ឆោន ឈិញអឺ ​លោក ស៊ឹម ខាលី ក៏មានក្ដីបារម្ភពីការ​ធ្វើដំណើរពេលយប់ដែរ។ យុវជន ខាលី បានឱ្យដឹងថា ការ​ធ្វើដំណើរតាមដងផ្លូវ រូបលោកតែងតែមើលកញ្ចក់ក្រោយជានិច្ចដោយសារខ្លាចអ្នកបើកឡាន ដែលមានជាតិស្រវឹងបុកពីក្រោយ។ និស្សិតរូបនេះ អះអាងដូច្នេះ៖ « ជិះម៉ូតូយប់ស្ងាត់មិនសូវជាមានសុវត្ថិភាពនោះទេ​  ទើប ខ្ញុំភ័យខ្លាចពេលបើកបរពេលយប់ជ្រៅម្ដងៗ ព្រោះខ្លាចមានគ្រោះថ្នាក់ដោយចៃដន្យ»។  
 
ជារៀងរាល់ថ្ងៃមានមនុស្សស្លាប់លើដងវិថីជាច្រើន ដែលជារឿងគួរឱ្យភ័យខ្លាចបំផុត ខណៈគ្រោះថ្នាក់ចរាចរណ៍ទាំងនោះបានកើតឡើងដោយសារតែអ្នកបើកបរមិនបានគោរពច្បាប់ចរាចរណ៍ផ្លូវគោកត្រឹមត្រូវ។ ទន្ទឹមនឹងនេះ មនុស្សម្នាក់ៗសុទ្ធតែមានតួនាទីដើម្បីរួមចំណែកក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ ដើម្បីចៀសផុតពីគ្រោះថ្នាក់ចរាចរណ៍ ត្រូវតែបើកបរដោយគោរពច្បាប់ចរាចរណ៍។
 
លោក វឿន វាសនា ជានិស្សិតឆ្នាំទី២នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានលើកឡើងថា៖ «រាល់ថ្ងៃខ្ញុំឃើញថាគ្រោះថ្នាក់ចរាចរណ៍កើនឡើងច្រើនជាងមុន​។ ជំងឺខ្ញុំមិនសូវខ្លាចនោះទេ អ្វីខ្លាចតែរឿងគ្រោះថ្នាក់ចរាចរណ៍ ព្រោះឃើញគ្រោះថ្នាក់ចរាចរណ៍បុកគ្នាសុទ្ធតែស្លាប់។ អារម្មណ៍ភ័យខ្លាច គឺខ្លាចមានបញ្ហាអ្វី អ្នកផ្ទះទទួលយកអត់បាន »។
 
បន្ថែមពីនេះ វាសនា ស្នើសុំដល់អ្នកធ្វើដំណើរពេលយប់ ធ្វើដំណើរដោយប្រុងប្រយ័ត្នទាំងអស់គ្នា បើកបរដោយទំនួលខុសត្រូវ ព្រោះអ្នកស្រលាញ់ជីវិតអ្នក អ្នកដទៃក៏ស្រលាញ់ជីវិតគេដែរ  ហើយចូលរួមគោរពរច្បាប់ចរាចរណ៍ទាំងអស់គ្នា។
 
សូមជម្រាបថា យោងតាមរបាយការណ៍ នៅឆ្នាំ២០២៣ មានគ្រោះថ្នាក់ចរាចរណ៍ ៣ ៣១៧លើក ដែល ៥៥ភាគរយកើតឡើងនៅពេលយប់។ គ្រោះថ្នាក់នេះ បណ្តាលឱ្យមានអ្នកស្លាប់ ១ ៥៩០នាក់ និងរបួស ៤ ៥១៥នាក់។ មូលហេតុចម្បងនៃគ្រោះថ្នាក់ទាំងនោះ មានដូចជាបើកបរល្មើសល្បឿន មិនគោរពសិទ្ធិ មិនប្រកាន់ស្តាំប្រជែងគ្រោះថ្នាក់ កត្តាយាន និងស្រវឹងជាដើម៕

Tag:
 ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com