អន្តរជាតិ
ហាម៉ាសចោទកម្លាំងអុីស្រាអែល បាញ់សម្លាប់ប្រជាជនរង់ចាំជំនួយជាង ១០០នាក់
01, Mar 2024 , 4:40 pm        
រូបភាព
មនុស្សជាង ១០០នាក់ ត្រូវបានកងកម្លាំងអុីស្រាអែល បាញ់សម្លាប់នៅក្នុងពេលកំពុងរង់ចាំយកជំនួយនៅក្បែរក្រុងកាហ្សា។ អាជ្ញាធរប៉ាឡេស្ទីន គ្រប់គ្រងដោយក្រុមហាម៉ាស បានបញ្ជាក់បែបនេះ នៅថ្ងៃទី២៩ ខែកុម្ភៈ។ យ៉ាងណាមិញ អុីស្រាអែល បានបន្ទោសលើប្រជាជនប៉ាឡេស្ទីន ដែលរញ៉េរញ៉ៃ និងរត់ជាន់គ្នាក្នុងការយកជំនួយទៅវិញ។
 
អាជ្ញាធរប៉ាឡេស្ទីនគ្រប់គ្រងដោយក្រុមហាម៉ាសនៅក្នុងតំបន់កាហ្សា បានបញ្ចាក់ថា យ៉ាងណាហោចណាស់ប្រជាជនប៉ាឡេស្ទីនចំនួន ១១២នាក់ ត្រូវបានបាញ់សម្លាប់ និងមនុស្សចំនួន ៧៦០នាក់ផ្សេងទៀត បានរងរបួស ព្រោះការវាយប្រហារពីសំណាក់អុីស្រាអែល ស្របពេលប្រជាជនកំពុងរង់ចាំជំនួយ នៅក្បែរក្រុងកាហ្សា ក្នុងថ្ងៃទី២៩ ខែកុម្ភៈ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Al Jazeera។ 
 
ក្នុងករណីស្លាប់ដ៏ច្រើននេះ ក្រុមហាម៉ាស បានអះអាងថា វាអាចប៉ះពាល់ដល់កិច្ចចរចាភាគីទាំងពីរ ខណៈលោកប្រធានាធិបតីអាម៉េរិក ចូ បៃឌិន ដែលបានអះអាងថា នឹងមានបទឈប់បាញ់ក្នុងពេលឆាប់ៗ ក៏យល់ឃើញបែបនោះដែរ។ 
 
បន្ទាប់ពីហេតុការណ៍នោះ កម្លាំងអុីស្រាអែល បានការពារថា ប្រជាជនប៉ាឡេស្ទីន មានភាពរញ៉េរញៃក្នុងការដណ្តើមជំនួយ ខណៈប្រជាជនប៉ាឡេស្ទីនជាច្រើននាក់ បានសំដៅមកកម្លាំងអុីស្រាអែល។ ត្រង់ចំណុចនេះ អុីស្រាអែល បានចាត់ទុកការបាញ់ប្រហារនោះ ជាសកម្មភាពការពារខ្លួន។ 
 
បើទោះទទួលស្គាល់ថាមានការបាញ់សម្លាប់មនុស្សនៅក្បែរក្រុងកាហ្សាមែន ប៉ុន្តែមន្រ្តីអុីស្រាអែលម្នាក់ មិនបានទទួលស្គាល់ទិន្នន័យមនុស្សស្លាប់ ដែលផ្តល់ដោយពីសំណាក់អាជ្ញាធរប៉ាឡេស្ទីនទេ។ យ៉ាងណាមិញមន្រ្តីរូបនេះ ក៏មិនបានផ្តល់ទិន្នន័យផ្ទាល់ខ្លួនដែរ។
 
ក្នុងសន្និសីទសារព័ត៌មានចុងក្រោយ អ្នកនាំពាក្យកម្លាំងការពារអុីស្រាអែល លោក Daniel Hagari បានអះអាងថា ប្រជាជនប៉ាឡេស្ទីនជាច្រើននាក់ បានរត់ជាន់គ្នាស្លាប់ ឬរបួសក្នុងការវៃគ្នា ដើម្បីទទួលបានជំនួយពីរថយន្ត។ មន្រ្តីអុីស្រាអែលរូបនេះ បានបន្តថា វាមានការបាញ់ព្រមានលើប្រជាជន ហើយក៏គ្មានការបាញ់ប្រហារលើរថយន្តដឹកជញ្ជូនផងដែរ។ 
 
សូមបញ្ជាក់ថា ហេតុការណ៍បែបនេះ បានកើតមានស្របពេលតំណាងក្រុមហាម៉ាស និងអុីស្រាអែល បានជួបគ្នានៅកាតា ដើម្បីជជែកពីផែនការឈប់បាញ់ និងការបញ្ជូនជំនួយមនុស្សធម៌ជាដើម នៅក្នុងសប្តាហ៍នេះ។ យ៉ាងណាមិញជំនួបនោះ មិនទទួលបានផ្លែផ្កាឡើយ។ ដោយឡែកនាយករដ្ឋមន្រ្តីអុីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ នៅតែបន្តប្តេជ្ញាបើកការវាយប្រហារលើតំបន់ Rafah នៅកាហ្សា៕

Tag:
 អុីស្រាអែល
  ហាម៉ាស
  ប៉ាឡេស្ទីន
© រក្សាសិទ្ធិដោយ thmeythmey.com