កីឡាអន្តរជាតិ
អន្តរជាតិ
ក្រុមបាល់ទាត់នារីជប៉ុន ដាក់គោលដៅយកមេដាយមាសអូឡាំពិកលើកដំបូង នៅប៉ារីស
01, Mar 2024 , 5:19 pm        
រូបភាព
លោក Futoshi Ikeda គ្រូបង្វឹកក្រុមកីឡាបាល់ទាត់ជម្រើសជាតិនារីជប៉ុន និងកូនក្រុម កំណត់គោលដៅរួមគ្នាដណ្តើមយកមេដាយមាសកីឡាអូឡាំពិក ក្រុងប៉ារីស ឆ្នាំ២០២៤។ កំណត់គោលដៅដ៏ខ្ពស់នេះ បន្ទាប់ពីម្ចាស់មេដាយប្រាក់ក្រុងឡុងដ៍ បានកៅអីទៅបារាំង តាមរយៈការយកឈ្នះកូរ៉ខាងជើងទាំងលំបាកនៅវគ្គ Play-off តំបន់អាស៊ី។


ក្រុមនារីជប៉ុន បានយកឈ្នះកូរ៉េខាងជើងក្នុងលទ្ធផល ២-១ ក្នុងវគ្គ Play-off ជើងទី២ ដែលធ្វើឡើងនៅក្រុងតូក្យូ ថ្ងៃទី២៨ ខែកុម្ភៈ បន្ទាប់ស្មើគ្នា ០-០ នៅជើងទី១ ដែលធ្វើនៅទឹកដីកណ្តាល ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។
 
ក្រោយឈ្នះកៅអីពីតំបន់អាស៊ី ម្ចាស់មេដាយប្រាក់អូឡាំពិកក្រុងឡុងដ៍ឆ្នាំ ២០១២ ជប៉ុន បានដាក់គោលយកមេដាយមាសអូឡាំពិករដូវក្តៅជាលើកដំបូង ដែលធ្វើឡើងនៅប៉ារីស នាខែកក្កដា ឆ្នាំ២០២៤។
 
បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP លោក Ikeda ដែលជួយជប៉ុនលើកពាន Asian Games ឆ្នាំ២០២៣ ​លើកឡើង​ថា​៖ «​មាន​តែ ១២ ក្រុម​ប៉ុណ្ណោះ​ក្នុង​ការ​ប្រកួត​អូឡាំពិកលើវិញ្ញាសាបាល់ទាត់នារី ហើយ​យើង​ដឹង​ថា ពួកគេ​ទាំង​អស់​សុទ្ធតែ​ជា​ក្រុម​ខ្លាំង។ យើងបានពង្រឹង និងត្រៀមខ្លួនសម្រាប់ការប្រកួតប្រជែងនេះ ដោយដាក់គោលដៅក្លាយជាកក្រុមល្អបំផុតលើលោក តាមរយៈការឈ្នះមេដាយមាស»។ 
 
ក្រុមនារីជប៉ុន ដែលស្ថិតនៅចំណាត់ថ្នាក់លេខ៨ពិភពលោក​ ​បាន​ធ្លាក់​នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​នៅ​​អូឡាំពិក​ក្រុង​តូក្យូ ​ឆ្នាំ​២០២១ (ពន្យាទៅឆ្នាំ២០២២ ដោយសារកូវីដ-១៩) និងធ្លាក់​ក្នុង​វគ្គ​ដូច​គ្នា​ក្នុង​ព្រឹត្តិការណ៍ FIFA World Cup នារី ឆ្នាំ​២០២៣។
 
ដោយឡែក កូរ៉េ​ខាង​ជើងវិញ ​ត្រូវខកចិត្ត​ក្នុងការ​ចូល​រួម​ប្រកួត​កីឡា​អូឡាំពិក​ជា​លើក​ទី​៣ ក្រោយចាញ់ជប៉ុន។ នេះក៏ជាបរាជ័យលើកទី២ផងដែរ បន្ទាប់ពីពួកគេ​បាន​ត្រឡប់​ទៅ​ប្រកួត​បាល់ទាត់​អន្តរជាតិ​ក្នុង​ព្រឹត្តិការណ៍ Asian Games ឆ្នាំ​២០២៣ ​ជា​លើក​ដំបូង​គិតចាប់តាំងពីកូវី-១៩ ដោយ​ចាញ់​ជប៉ុន ៤-១ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្នុង​ក្រុង Hangzhou ប្រទេសចិន។
 
ក្រុមកីឡាបាល់ទាត់នារី ដែលបានកៅអីទៅប្រជែងមេដាយនៅប៉ារីស ឆ្នាំ២០២៤ មានម្ចាស់ផ្ទះបារាំង អេស្ប៉ាញ អាល្លឺម៉ង់ ជប៉ុន អូស្ត្រាលី ប្រេស៊ីល កូឡំប៊ី កាណាដា (ម្ចាស់ការពារមេដាយមាស) អាម៉េរិក និងនូវែលសេឡង់ ខណៈ២ក្រុមទៀត នឹងសម្រេចនៅវគ្គជម្រុះនៅខែមេសា មុនពិធីបើកអូឡាំពិកផ្លូវការ នឹងធ្វើឡើងនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤៕

Tag:
 អូឡាំពិក
© រក្សាសិទ្ធិដោយ thmeythmey.com