អន្តរជាតិ
វៀតណាម​មាន​ក្តីរំពឹង​ខ្លាំង​លើ​ការ​បង្កើន​ការ​នាំចេញ​ម្ហូប​អាហារ​និង​ផ្លែឈើ​ទៅ​ចិន
01, Mar 2024 , 6:59 pm        
រូបភាព
រូបឯកសារ៖ ផលិតផល​ធ្វើពីផ្លែធូរ៉េន​ដែលផលិតនៅប្រទេសវៀតណាមត្រូវបាន​ដាក់​លក់​នៅក្នុង​ផ្សារ​ទំនើប​មួយ ក្នុងទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២០។
រូបឯកសារ៖ ផលិតផល​ធ្វើពីផ្លែធូរ៉េន​ដែលផលិតនៅប្រទេសវៀតណាមត្រូវបាន​ដាក់​លក់​នៅក្នុង​ផ្សារ​ទំនើប​មួយ ក្នុងទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២០។
ដោយ: VOA
ប្រទេស​វៀតណាម​សង្ឃឹម​ថានឹង​បង្កើន​ការ​នាំចេញ​ផលិតផល​កសិកម្ម​ទៅ​កាន់​ប្រទេស​ចិនក្នុង​ឆ្នាំ​នេះ ខណៈ​ដែល​ប្រទេស​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នាពិនិត្យ​មើល​ឡើង​វិញ​លើ​គោលការណ៍មួយ​ចំនួន​ ដើម្បី​បើក​ទី​ផ្សារ​ទទួល​បរិមាណ​ផលិតផល​បសុបក្សី​ ត្រី​និង​ផ្លែ​ឈើ​ឱ្យ​កាន់​តែ​ច្រើន​ថែម​ទៀត។​


អ្នកស្រី​ ​Pham Thi Huan ​ស្ថាបនិក​នៃ​ក្រុមហ៊ុន Ba Huan Corp​ ក្នុង​ទីក្រុង​ហូជីមិញ​ ដែលជា​កន្លែង​ផ្គត់ផ្គង់​បសុបក្សី​និង​ស៊ុត​ដ៏​ធំបំផុត​មួយក្នុង​ប្រទេស​វៀតណាម ​និយាយ​ថា​ អ្នក​ស្រីទទួល​ស្វាគមន៍​ការប្រើ​ប្រាស់​ទី​ផ្សារ​ក្នុង​ប្រទេស​ចិន ដែល​មាន​អតិថិជន​ប្រមាណ ​១.៤០០ ​លាន​នាក់ ​កាន់​តែ​ខ្លាំង​ជាង​មុន។
 
អ្នកស្រី​បាន​ប្រាប់​វីអូអេភាសា​វៀតណាម​តាម​ទូរស័ព្ទ​ កាល​ពី​ថ្ងៃ​ទី​ ២១​ ខែកុម្ភៈថា៖​ «ក្រុមហ៊ុន​របស់​ខ្ញុំនៅ​មិន​ទាន់​បាន​នាំចេញ​សាច់មាន់​ឬ​ស៊ុត​ទៅ​ប្រទេស​ចិន​ដីគោក​នៅ​ឡើយ​ទេ។ ការ​ដកចេញ​បម្រាម​នេះ​នឹង​បើក​ទ្វារ​ឱ្យ​ក្រុមហ៊ុន​ខ្ញុំ និងកសិករ​វៀតណាម​ដែល​ចិញ្ចឹម​បសុសត្វ​ជា​ច្រើន​ទៀត»។
 
កាលពី​ឆ្នាំ ២០២៣​ ផលិតផល​បសុសត្វ​មាន​ចំនួន​តែ ​១​ភាគរយ​ប៉ុណ្ណោះ នៃផលិតផល​កសិកម្ម ព្រៃ​ឈើ​និងជលផល​ដែល​មាន​តម្លៃ​ ១២,២ ​ពាន់​លាន​ដុល្លារ ត្រូវ​បាន​នាំ​ចេញ​ទៅប្រទេស​ចិន។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ផ្លូវការ​វៀតណាម Vietnam Plus។ ​ការនាំ​ចេញ​ទឹក​ដោះគោ​ឬ​ផលិតផល​ទឹកដោះគោ​មាន​ចំនួន ៩៣​ភាគរយ​ នៃតម្លៃ​នាំចេញ​សរុបនៃ​ផលិតផល​បសុសត្វ​ទៅ​កាន់ប្រទេស​ចិន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​និង​អភិវឌ្ឍន៍​ជនបទ​វៀតណាម​។
 
អនុរដ្ឋមន្ត្រីក្រសួង​កសិកម្ម​និង​អភិវឌ្ឍន៍​ជនបទ​លោក​ Tran Thanh Nam បាន​ប្រកាស​នៅ​ក្រោយ​ដំណើរ​ទស្សនកិច្ច​រយៈពេល ​ ៥​ថ្ងៃ​ទៅ​កាន់​ប្រទេស​ចិន កាល​ពី​ខែ​មករា​ថា​ ​ប្រទេស​ចិន​បាន​យល់ព្រមដើម្បី​ពិចារណា​ដក​ចេញបម្រាមលើ​ការ​នាំចូល​ផលិតផល​បសុសត្វ​មក​ពី​ប្រទេស​វៀតណាម​។ នេះ​បើ​តាមសារព័ត៌មាន​វៀតណាម​និងក្រសួង​កសិកម្ម​វៀតណាម ​ដែល​បាន​ផ្សព្វផ្សាយ​កាល​ពី​ថ្ងៃ​ទី​ ៣១ ខែ​មករាកន្លងទៅ។
 
លោក​ Nam ​និយាយ​ថា តម្រូវការរបស់​អតិថិជន​ចិន​លើ​ផលិតផល​សាច់​ មាន​តម្លៃ​ប្រមាណ ​៤​០០​ ពាន់​លាន​ដុល្លារជា​រៀងរាល់​ឆ្នាំ​ ហើយ​វា​មាន​សក្តានុពល​ជា​ខ្លាំងក្នុង​ការ​នាំ​ចូល​សាច់​ពី​ប្រទេស​វៀតណាម។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទី​ភ្នាក់ងារ​សារព័ត៌មាន​ចិន ​Xinhua ។
 
លោក ​Nam ​និយាយ​ថា​ ​ដំណើរទស្សនកិច្ច​ការងារ​របស់​លោក​ទៅ​កាន់​រដ្ឋធានី​ប៉េកាំង​ និង​ខេត្ត​ Guangzhou​ ​ក្នុង​ប្រទេស​ចិនពី​ថ្ងៃ​ទី ​១៤​ ដល់​ថ្ងៃ​ទី​ ២០ ​ខែ​មករា​កន្លង​ទៅ​ មានបំណងជំរុញកិច្ចសហ​ប្រតិបត្តិការរវាង​ប្រទេស​ទាំង​ពីរ​ ក្នុងសកម្មភាពនាំចេញនិង​នាំចូល​នៃផលិតផលកសិកម្ម។
 
កាល​ពី​ថ្ងៃ​ទី​ ១៦ ​ខែ​មករា​ លោក ​Nam ​មាន​កិច្ចប្រជុំ​ដាច់ដោយឡែកជាមួយ​អនុរដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​និង​កិច្ចការ​ជនបទចិន​ ​លោក ​Ma Youxiang និង​អគ្គនាយករង​គយ​និង​រដ្ឋាករ​ចិន​ ​លោក Zhao Zenglian ដើម្បី​ស្នើ​សុំ​ដល់​ប្រទេស​ចិនឱ្យ​បើក​ទី​ផ្សារ​របស់​ខ្លួន ​សម្រាប់ផលិតផលរបស់​វៀតណាម​។
 
លោក​ Nam បន្ថែម​ទៀត​ថា អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​បាន​យល់ព្រម​បញ្ចប់​ការ​ពិនិត្យ​មើល​ឯកសារ​ឱ្យ​បាន​ឆាប់ដើម្បី​ចុះ​ហត្ថលេខា​លើពិធីសារ​ចំនួន​ ៣ ​ជាមួយ​វៀតណាម។
 
កិច្ចព្រមព្រៀង​ទាំង​នេះ​នឹង​អនុវត្តលើ​ការ​នាំចេញ​គ្រឿង​សមុទ្រ ការ​នាំចេញ​សត្វ​ក្រពើ​ចិញ្ចឹម​ និង​ការ​នាំចេញ​សត្វ​ស្វាចិញ្ចឹម​សម្រាប់​ការ​សិក្សា​ស្រាវជ្រាវ​ផ្នែក​វិទ្យាសាស្ត្រពី​ប្រទេស​វៀតណាម​ ទៅ​កាន់​ប្រទេស​ចិន​។ នេះ​បើ​យោង​ទៅ​លើ​គេហទំព័រ​ក្រសួង​កសិកម្ម​និង​អភិវឌ្ឍន៍​ជនបទ​វៀតណាម។ ទន្ទឹម​នឹង​នេះ ​ប្រទេស​ទាំង​ពីរ​ក៏​បាន​ស្រុះស្រួល​គ្នា​ក្នុង​ការ​បើក​ទីផ្សារ​ប្រទេស​ចិន​ឡើង​វិញ​ ដើម្បី​នាំចូល​បង្កង​ថ្ម​ត្រូពិក​ពី​ប្រទេស​វៀតណាម​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Nam។ លោក​បន្ថែម​ទៀត​ថា​ ប្រទេស​ចិន​កំពុង​ពិចារណា​នាំចូលផ្លែ​បឺ​និង​ផ្លែ​ផាសិន​ពី​វៀតណាម​ផង​ដែរ។​
 
លោក​ Dang Phuc Nguyen អគ្គលេខាធិការ​សមាគម​បន្លែនិង​ផ្លែឈើ​វៀតណាម​ ដែល​អមដំណើរលោក Nam​ ទៅ​កាន់​ប្រទេស​ចិន​ បាន​ប្រាប់​វីអូអេ​ភាសា​វៀតណាមតាម​ទូរស័ព្ទ​ កាល​ពី​ថ្ងៃ​ទី ​២១​ ខែ​កុម្ភៈ​ថា​: «ដំណើរ​ធុរកិច្ចរបស់​លោក Nam ទៅ​ចិន​ នឹង​ជួយ​ដល់​ការ​នាំចេញ​ផ្លែឈើ​និង​បន្លែ​វៀតណាម​ទៅ​កាន់​ប្រទេស​ចិនក្នុង​ឆ្នាំ​ ២០២៤»។
 
រូបឯកសារ៖ ប្រធានាធិបតីវៀតណាមលោក Vo Van Thuong និងប្រធានាធិបតីចិនលោក Xi Jinping ចាប់ដៃស្វាគមន៍​គ្នា នៅក្នុង​ជំនួបមួយ នៅទីក្រុង​ហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣។
 
វៀតណាម​ជាដៃ​គូពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​របស់ចិន​ក្នុង​ចំណោម​បណ្តា​ប្រទេស​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ឬ​អាស៊ាន​ចាប់តាំង​ពី​ឆ្នាំ ​២០១៦ ​ម​ក​ ដោយពាណិជ្ជកម្ម​ទ្វេភាគី​មាន​ចំនួន​ ២៥ ភាគរយ​ នៃ​ចំនួន​ពាណិជ្ជកម្ម​សរុប​របស់​ចិន​ទាំងអស់ជាមួយ​ប្លុកអាស៊ាន​ ដែល​មានប្រទេស​ ១០ ​ជា​សមាជិក​ ក្នុង​រយៈពេល ​១១​ ខែ​ ឆ្នាំ​ ២០២៣។ ​នេះ​បើ​យោង​ទៅ​លើ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​ប្រទេស​ចិន។
 
ប្រទេស​ក្បែរ​ខាង​ទាំង​ពីរ​នេះ​ ​មាន​កិច្ចសហប្រតិបតិ្តការ​ជាច្រើនក្នុង​វិស័យ​កសិកម្ម។​ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​របស់​ទី​ភ្នាក់ងារ​សារព័ត៌មាន​ផ្លូវការ​ចិន​ Xinhua ដែល​បានផ្សព្វផ្សាយ​កាល​ពី​ថ្ងៃ​ទី ​១៣ ​ខែ​ធ្នូ​កន្លង​ទៅ។
 
ក្នុង​រយៈពេល​ ១១ ខែ ​ឆ្នាំ ​២០២៣ កន្លង​ទៅ​ ប្រទេស​ចិននាំ​ចូល​ផលិតផល​កសិកម្ម​ពី​វៀតណាម ​ក្នុង​ចំនួន​ទឹកប្រាក់​ជាង ​៦.២០០​ លាន​ដុល្លារ​អាមេរិក​ ដែល​ធ្វើឱ្យ​មាន​ការ​កើន​ឡើងក្នុង​អត្រា​ ២០,៣​ ភាគរយ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ នេះ​បើ​តាមសេចក្តី​រាយការណ៍​របស់​ទី​ភ្នាក់ងារ​សារព័ត៌មាន​ Xinhua។
 
ក្នុង​ឆ្នាំ​ ២០២៣​ ផលិតផល​បសុសត្វរបស់​វៀតណាមមាន​ចំនួន​តែ​ ១ ភាគរយ​ប៉ុណ្ណោះ​នៃតម្លៃ​នាំ​ចេញ​សរុប​លើ​វិស័យ​នេសាទ ព្រៃឈើនិង​កសិកម្ម​ ដោយមាន​ទឹកប្រាក់​ប្រមាណ ​១២.​២០០ ​លាន​ដុល្លារ។ នេះ​បើ​យោង​លើ​តួលេខ​របស់ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​អន្តរជាតិ (ITC) ។
 
ក្រុម​ប្រឹក្សា​ពាណិជ្ជកម្ម​អន្តរជាតិ ​ITC​ និយាយ​ថា​ អត្រា​ភាគរយទាប​នេះ​ដោយ​សារ​តែ​កង្វះ​ការ​អនុញ្ញាត​ជា​ផ្លូវការ​សម្រាប់ការ​នាំ​សាច់​ចេញ​ទៅ​ប្រទេស​ចិន​ ដោយ​យោង​លើ​បម្រាម​នាំចូល​ ដែល​ពាក់ព័ន្ធ​នឹង​ជំងឺ​ផ្តាសាយ​បក្សី ដែល​ត្រូវ​បាន​ដាក់​បម្រាមដោយ​ចិន។ ​ ​
 
អស់​ពេល​ជា​ច្រើន​ឆ្នាំ​កន្លង​ទៅ​ហើយ​ ផលិតផល​បសុសត្វ​របស់​វៀតណាម​ជាច្រើន​ ​ដែល​រួម​មាន​សាច់​ជ្រូក​ ​សាច់គោ​ មាន់​ និង​សាច់​ក្របី​ ត្រូវ​ស្ថិត​ក្រោម​ចំនួននាំ​ចូល​ដែល​បាន​កំណត់នៅ​កន្លែង​ឆ្លងកាត់​ព្រំដែន​។ នេះ​បើ​តាម​ក្រុម​ប្រឹក្សា​ពាណិជ្ជកម្ម​ ITC ​ដែល​មាន​សមាជិក ​១៧៩ ​ប្រទេស។​ ផលិតផល​ទាំង​នេះ​ជួប​ឧបសគ្គ​ជា​ច្រើន​នៅ​ព្រំដែន​ ​និង​មាន​បទដ្ឋានត្រួតពិនិត្យ​តឹងតែង​ខ្លាំង។ ​នេះ​បើ​យោង​ទៅ​លើ​ក្រុមប្រឹក្សា​ ITC។
 
ប្រទេស​ចិន​ជា​ទីផ្សារ​នាំចូល​ផ្លែឈើ​ដ៏​ធំ​បំផុត​ពី​វៀតណាម​ ដោយ​មាន​ការនាំចូលគិត​ជា​ទឹក​ប្រាក់​ប្រមាណ ​៣.៧០០​ លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ ​២០២៣​ ដែល​ឡើង​ជិត​ដល់ ២៥០ ​ភាគរយ​នៃ​តម្លៃ​ និងចំនួន ​៦៥ ​ភាគរយ​នៃ​តម្លៃ​ភាគ​ហ៊ុន​ទីផ្សារ បើ​ប្រៀបធៀប​កាល​ពី​ឆ្នាំ ​២០២២។​ នេះបើ​តាម​ការ​ផ្សព្វផ្សាយ​របស់​សារព័ត៌មាន​វៀតណាម​។
 
ប្រទេស​វៀតណាម​មាន​ផ្លែ​ឈើនិង​ផលិតផល​កសិកម្ម​ចំនួន ​១៤ ​ប្រភេទ​ ដែល​មាន​អាជ្ញាបណ្ណ​ផ្លូវការ​អាច​នាំ​ចូលប្រទេស​ចិន​បាន​ ដែល​ក្នុង​នោះ​រួម​មាន​ផ្លៃ​ស្រកានាគ​ ​ឪឡឹក​ ចេក គូលែន​ មៀន​ សាវម៉ាវ​ ខ្នុរ​ ស្វាយ​ មង្ឃុត​ ធុរេន ​និង​ផ្លែ​ផាសិន​ ចាហួយខ្មៅ​ ដំឡូងជ្វា​ និង​សំបុក​ត្រចៀកកាំ។ ​នេះ​បើ​យោង​ទៅ​លើ​គេហទំព័រ​សេដ្ឋកិច្ចផ្លូវការ​វៀតណាម ​និង​វិទ្យុ​វៀតណាម។
 
កិច្ចព្រមព្រៀង​នាំ​ចូល​ផ្លែ​ឪឡឹកពី​វៀតណាមត្រូវ​បាន​ចុះហត្ថលេខា​ក្នុង​អំឡុង​ពេល​ដំណើរ​ទស្សនកិច្ចផ្លូវ​រដ្ឋ​របស់​ប្រធានាធិបតី​ចិន​លោក Xi Jinping​ ​ទៅ​កាន់​ប្រទេស​វៀតណាម​ កាល​ពី​ខែ​ធ្នូ​ឆ្នាំ​ទៅ​ ​ដែល​ត្រូវ​បាន​បន្ថែម​បញ្ចូល ​៥ ​មុខ​ទៀត ក្នុងពិធីសារ​ក្នុង​ពេល​កន្លង​ទៅ​ ដែល​រួមមាន ផ្លែ​មង្ឃុត ចាហួយខ្មៅ​ ធុរេន​ ចេក​ និង​ដំឡូង​ជ្វា។
 
លោក Dang និយាយ​ថា​ ទីផ្សារ​ប្រទេស​ចិន​ មាន​អំណោយផល​ល្អ​ខ្លាំងដល់​ផ្លែ​ឈើនិង​បន្លែ​វៀតណាម។​ លោក​បន្ថែម​ទៀត​ថា​ អតិថិជន​ចិនចូលចិត្ត​ផលិតផល​ធុរេន​វៀតណាម។ ប្រសិន​បើ​កិច្ចព្រមព្រៀង​អនុញ្ញាត​ឱ្យ​មាន​ការ​នាំចូល​ធុរេន​បង្កក​ត្រូវ​បាន​ចុះហត្ថលេខា​នោះ ​លោក​ប៉ាន់ស្មាន​ថា​ ទីផ្សារ​ចិន​នឹង​ស្រូប​ទាញ​ផ្លែធុរេន​ស្រស់​និង​បង្កក​ពី​វៀតណាម​ ដែល​មាន​ទឹក​ប្រាក់​ប្រមាណ ​៣.​៥០០ ​លាន​ដុល្លារ​អាមេរិក៕

© រក្សាសិទ្ធិដោយ thmeythmey.com