កីឡាអន្តរជាតិ
អន្តរជាតិ
Al Nassr បានត្រឹមស្មើ! អ្នកគាំទ្រស្រែកឈ្មោះ ​Ronaldo ដែលអង្គុយក្រៅទីលាន
01, Mar 2024 , 8:29 pm        
រូបភាព
អ្នកគាំទ្រក្រុម Al Nassr ស្រែកហៅឈ្មោះខ្សែប្រយុទ្ធ Cristiano Ronaldo ពេញកីឡដ្ឋាន ខណៈកីឡាករព័រទុយហ្កាល់ត្រូវបានគេឃើញអង្គុយមើលការប្រកួតដែលក្រុមពួកគេស្មើ Al Hazm លទ្ធផល ៤-៤។  ប្រធានក្រុមវ័យ ៣៩ឆ្នាំ ដែលជាប់បម្រាមមួយប្រកួត ចំពោះកាយវិការអាសអាភាសកាស បានលើកដៃបង្ហាញសញ្ហាឆ្លើយតបទៅអ្នកគាំទ្រដែលបានស្រែកហៅឈ្មោះខ្លួន។


​កាលពីថ្ងៃទី២៩ ខែកុម្ភៈ សហព័ន្ធបាល់ទាត់អារ៉ាប៊ីសាអូឌីត (SAFF) បានដាក់ពិន័យលើ Ronaldo មិនឱ្យចូលលេងចំនួន ១ប្រកួត ព្រោះតែការបង្ហាញកាយវិការអាសអាភាសទល់អ្នកគាំទ្រក្រុម Al Shabab កាលពីសប្តាហ៍មុន។ 
 
បញ្ហាបានកើតឡើងនៅពេល អ្នកគាំទ្រក្រុម Al Shabab ស្រែកចម្អកដោយប្រើពាក្យអតីតគូប្រជែង Lionel Messi ហើយកីឡាករវ័យ ៣៩ឆ្នាំ ក៏ឆ្លើយតបដោយកាយវិការមិនសមរម្យត្រឡប់ទៅវិញ។ លើរឿងហេតុនេះ តារាបាល់ទាត់ព័រទុយហ្កាល់ ត្រូវបានសហព័ន្ធ SAFF ពិន័យជាប្រាក់បន្ថែមជាង ៨ពាន់ដុល្លារ បូករួមទាំងសំណងទៅក្លិប Al Shabab។
 
ដោយឡែកនៅក្នុងការប្រកួតដែល Al Nassr បានត្រឹមស្មើជាមួយនឹងក្រុមភ្ញៀវ Al Hazm លទ្ធផល ៤-៤ ក្នុងជំនួបក្របខណ្ឌ Saudi Pro League នាថ្ងៃទី២៩ ខែកុម្ភៈ Ronaldo បានត្រឹមអង្គុយមើលការប្រកួតពីចម្ងាយប៉ុណ្ណោះ។
 
អ្នកគាំទ្រ Al Nassr បាននាំគ្នាស្រែកឈ្មោះ តារាបាល់ទាត់វ័យចំណាស់នៅត្រឹមនាទី៧ ខណៈម្ចាស់ពាន Ballon d’Or ៥សម័យ បានឆ្លើយតបដោយការលើកដៃជាកម្លាំងចិត្តទៅកាន់អ្នកគាំទ្រវិញ។
 
ទោះគ្មានវត្តមាន Ronaldo ប៉ុន្តែ Al Nassr នៅតែជាក្រុមខ្លាំងមួយនៅក្នុងការប្រកួត ខណៈដែលកីឡាករខ្សែប្រយុទ្ធ Anderson Talisca រកបានគ្រាប់បាល់ ៣គ្រាប់ម្នាក់ឯង ហើយគ្រាប់ទី៤ ធ្វើបានដោយខ្សែប្រយុទ្ធសេណេហ្គាល់ Sadio Mane ដោយការស៊ុតបាល់ពិន័យ ១១ម៉ែត្រ។
 
ក្រុមភ្ញៀវ Al Hazm ក៏មិនបណ្តោយឱកាសរបូតពិន្ទុដោយព្យាយាមស៊ុតបាល់តាមស្មើមកវិញ ៤គ្រាប់ដោយកីឡាករ Ahmad Al Mhemaid, Paulo Ricardo, Toze និងកីឡាករ Faiz Selemani៕

Tag:
 Al Nassr
  Cristiano Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com