ជាតិ
អ្នកស្រាវជ្រាវខ្មែរ និងកាណាដា បន្តរកឃើញស្លាកស្នាមបន្ថែមលើខឿនព្រះវិហារខាងកើតបាយ័ន
01, Mar 2024 , 9:29 pm        
រូបភាព
កំណាយខឿនព្រះវិហារពុទ្ធសាសនានៅខាងកើតប្រាសាទបាយ័ន។
កំណាយខឿនព្រះវិហារពុទ្ធសាសនានៅខាងកើតប្រាសាទបាយ័ន។
សៀមរាប៖ អ្នកស្រាវជ្រាវពីសាកលវិទ្យាល័យតូរិនតូ ប្រទេសកាណាដា បន្តសហការជាមួយ អ្នកស្រាវជ្រាវនៃអាជ្ញាធរជាតិអប្សរា ដើម្បីសិក្សានៅលើខឿនព្រះវិហារមួយកន្លែង ដែលស្ថិតនៅខាងកើត​ប្រាសាទបាយ័ន។
 
ប្រធានគម្រោងស្រាវជ្រាវព្រះវិហារសម័យអង្គរ លោក Andrew Harris បានឱ្យដឹងថា នេះ ជាលើកទី៤ ហើយចាប់ពីឆ្នាំ២០១៩មក   ដែលស្ថាប័នលោកបានសហការជាមួយ អ្នកជំនាញ ខ្មែរ បន្តធ្វើកំណាយស្រាយវជ្រាវនៅខឿនព្រះវិហារមួយចំនួន ស្ថិតនៅក្នុងបរិវេនប្រាសាទបាយ័ន។  លោកបន្តថា កំណាយនេះធ្វើឡើងក្នុងបំណងស្វែងយល់ពីតួនាទីរបស់ខឿនកាកបាទ និងខឿន ព្រះពុទ្ធសាសនា ជាពិសេសអាយុកាល និងការប្រើប្រាស់របស់វា។
 
កំណាយនៅពេលនេះ អ្នកស្រាវជ្រាវបានបើករណ្ដៅតូចធំចំនួន៧បន្ថែម នៅលើទីតាំង​ខឿនព្រះវិហារ ដែលនៅចម្ងាយប្រមាណ១៥០ម៉ែត្រ​ពីប្រាសាទបាយ័ន។ ​ការសិក្សាស្រាវជ្រាវ​បន្តនេះ ដើម្បីស្វែងយល់បន្ថែមនូវទិន្នន័យ​សំខាន់ៗ នៃការតាំងទី​របស់សហគមន៍មនុស្ស ការរៀបចំខឿនព្រះវិហារ ដែលមានសម័យកាលវិវត្តជាបន្តបន្ទាប់ រហូតដល់ពេលលែងមាន​ការប្រើប្រាស់​​​ព្រះវិហារនេះ។ 



អ្នកស្រាវជ្រាវជនជាតិកាណាដា បានបន្ថែមថា លទ្ធផលស្រាវជ្រាវបានបង្ហាញនូវ ៤ដំណាក់កាលនៃការស្ថាបនា និងកែប្រែរូបរាងទម្រងរបស់ខឿនព្រះវិហារ។ ជាពិសេស​ក្រុមស្រាវជ្រាវ​​បានកំណាយនៅបរិវេណខាងជើង និងខាងកើត របស់ព្រះវិហារ​ ដើម្បីសិក្សាអំពីការរស់នៅរបស់បុព្វបុរសសម័យមុនស្ថាបនាព្រះវិហារ រហូតដល់ការ បោះបង់ក្រុងអង្គរ។
 
បុរាណវិទូអាជ្ញាធរជាតិអប្សរា លោក ឆាយ រចនា បានបង្ហាញក្ដីរីករាយ ក្នុងការចូលរួមសិក្សា​លើគម្រោងស្រាវជ្រាវនៅពេលនេះ។ ចំណែកការស្រាវជ្រាវលើកទី៤ ដែលចាប់ផ្តើមពីថ្ងៃទី៥ កុម្ភៈមកនេះ មានលទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់។ កំណាយពេលនេះបានប្រទះឃើញ​បំណែករូបចម្លាក់​ព្រះពុទ្ធ បំណែកបដិមាចំនួនធំ រួមនិងកុលាលភាជន៍មួយចំនួនទៀត។ បន្ថែមពីនេះ គេក៏ឃើញខឿនសំណង់​ចាស់មួយ ដែលស្ថាបនាមុនការកសាងខឿនកាកបាទ រួមនិងបំណែករូបចម្លាក់​ធំចំនួន៦ដុំ ដែលគេមិនទាន់កំណត់អត្តសញ្ញាណនៅឡើយ ដែលកប់ក្នុងគ្រឹះចាស់នោះ។ 
 


លោក រចនា បានពន្យល់ពីការកប់រូបបដិមា ក៏ដូចជាពុទ្ធរូបនៅខឿនព្រះវិហារ ដែលចាស់បុរាណ មានជំនឿថា ការប្រតិបត្តិនេះនឹងជួយឱ្យសំណង់ថ្មី និងរូបបដិមាថ្មីស្ថិតនៅខាងលើ​ឱ្យកាន់តែមានឫទ្ធិបារមីខ្លាំងក្លាជាង ឫបន្តបារមីបដិមាចាស់ៗទាំងនោះ។
 
សូមបញ្ជាក់ថា នេះជាលើកទី៤ហើយដែលសាកលវិទ្យាល័យតូរិនតូ បានសហកាជាមួយអាជ្ញាធរជាតិអប្សរា ស្រាវជ្រាវនៅខឿនព្រះវិហារនេះ។ គម្រោងលើកនេះ គ្រោងនឹងបញ្ចប់ ឬលុបរណ្ដៅកំណាយវិញនៅថ្ងៃទី៨ ខែមីនា។ ប្រធានគម្រោងបញ្ជាក់ថា នេះជាគម្រោងចុងក្រោយដែលស្ថាប័នលោកបានសហការជាមួយអាជ្ញាធរជាតិអប្សរា និងរំពឹងថា នឹងមានកិច្ចសហការថ្មីបន្ថែមនាពេលខាងមុខ៕

ការដ្ឋានកំណាយ

Tag:
 ខឿនព្រះវិហារ
  ការវិវត្តសង្គមមនុស្សសម័យបុរាណ
  បាយ័ន
© រក្សាសិទ្ធិដោយ thmeythmey.com