RFI
អន្តរជាតិ
ប្រធានាធិបតីហ្វីលីពីនប្រកាសមិនបណ្តោយឱ្យបរទេសរំលោភបូរណភាពដែនដី 01, Mar 2024 , 9:59 pm
ប្រធានាធិបតីហ្វីលីពីនប្រកាសនៅមុខសភាអូស្ត្រាលីមិនបណ្តោយឱ្យបរទេសរំលោភបូរណភាពដែនដីសូម្បីតែមួយសង់ទីម៉ែត្រ AP - Mick Tsikas
×
ដោយ៖អៀង សុខម៉ិញ/RFI ខេមរភាសា
នាពេលបំពេញទស្សនកិច្ចនៅក្នុងប្រទេសអូស្ត្រាលី ប្រធានាធិបតីហ្វីលីពីន លោក ហ្វ៊ែរឌីណង់ ម៉ាកូស ជូញ៉រ បានប្រកាសសន្យានៅចំពោះមុខសភាក្រុងកង់បេរ៉ាថា មិនបណ្តោយឱ្យមហាអំណាចបរទេសណារំលោភបំពានបូរណភាពដែនដីហ្វីលីពីន សូម្បីតែមួយសង់ទីម៉ែត្រ។ សេចក្តីប្រកាសនេះធ្វើឡើងបន្ទាប់ពីហ្វីលីពីននិងចិនបានប៉ះទង្គិចគ្នាជាបន្តបន្ទាប់នៅក្នុងដែនទឹកជាប់ជម្លោះនាតំបន់សមុទ្ទចិនខាងត្បូង។
លោកប្រធានាធិបតីហ្វីលីពីន ហ៊្វែរឌីណង់ ម៉ាកូស ជូញ៉រ កំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅក្នុងប្រទេសអូស្ត្រាលី។ ក្រៅអំពីជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រី លោកម៉ាកូស ជូញ៉រ បានថ្លែងទៅកាន់សភាកង់បេរ៉ា ដោយសន្យាមិនអនុញ្ញាតឱ្យមហាអំណាចបរទេសណាមួយ រំលោភយកបូរណភាពដែនដីហ្វីលីពីនទេ។ បើតាមប្រសាសន៍របស់លោកប្រធានាធិបតី ហ្វីលីពីនកំពុងស្ថិតនៅជួរមុខទល់នឹងសកម្មភាពដែលប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពតំបន់។ ហ្វីលីពីនត្រូវប្រឈមនឹងអ្វីដែលទំនងជាខ្លាំងគួរឱ្យខ្លាច តែក៏មានវិធីតបតវិញក៏ខ្លាំងក្លា មិនព្រឺខ្លាចនិងបណ្តោយឱ្យនរណាធ្វើអ្វីស្រេចចិត្តទេ។ នេះពាក្យប្តេជ្ញារបស់លោកប្រមុខរដ្ឋហ្វីលីពីន ក្រោមស្នូរទះដៃយ៉ាងកងរំពងរបស់សភាអូស្រ្តាលី។ លោកម៉ាកូស បានប្រកាសទៀតថា ការការពារសមុទ្ទចិនខាងត្បូង ជាផ្លូវសម្រាប់ចរាចរណ៍ដឹកជញ្ជូនពាណិជ្ជកម្មពិភពលោគ ជាប្រការចាំបាច់ក្នុងការថែរក្សាសន្តិភាពតំបន់ និងពិភពលោកតែម្តង។
ជាមួយនឹងការទទួលស្វាគមន៍យ៉ាងកក់ក្តៅ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អង់តូនី អាល់បានីស៊ី ប្រកាសចាត់ទុកហ្វីលីពីនជាប្រទេសដៃគូយុទ្ធសាស្ត្រ។ ប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសមុទ្ទ និងបានសន្យាសហការគ្នាកាត់ស្អិតល្មួតដើម្បីជំរុញទស្សនវិស័យរួមក្នុងតំបន់។
ហ្វីលីពីនអាចទទួលទទួលការគាំទ្រពីអូស្ត្រាលីបានយ៉ាងស្រួល ប៉ុន្តែម៉ានីលទំនងត្រូវជួបការលំបាកខ្លាំងនៅក្នុងជំនួបកំពូលអាស៊ានដែលនឹងប្រព្រឹត្តទៅនៅក្រុងមែលប៊ូនសប្តាហ៍ក្រោយ។ ប្រទេសជាសមាជិកអាស៊ានជាច្រើន មានជាអាទិ៍កម្ពុជា ឡាវ ដែលមានទំនាក់ទំនងជិតស្និទ្ធខ្លាំងជាមួយចិន មិនចង់ធ្វើអ្វីឱ្យឃ្នើសចិត្តចិនជាដៃគូពាណិជ្ជកម្មទេ។
ម្សិលមិញ លោកម៉ាកូស បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះវត្តមានរបស់នាវាយោធាចិនកាលពីសប្តាហ៍មុន នៅជុំវិញកូនកោះថ្មប៉ប្រះទឹកScarborough ក្នុងសមុទ្ទចិនខាងត្បូង ដែលជាប្រភពតានតឹងរវាងប្រទេសទាំងពីរ តាំងពីចិនចូលទៅកាន់កាប់នៅឆ្នាំ២០១២មក។ កាលពីឆ្នាំទៅ មានប៉ះទង្គិចគ្នា ដល់ថ្នាក់នាវាចិនបាញ់ទឹកដាក់នាវាហ្វីលីពីនផង។ ប៉េកាំងទាមទារគ្រប់គ្រងស្ទើរទាំងស្រុងតំបន់ដែនទឹកដែលជាផ្លូវផ្តោះប្តូរពាណិជ្ជកម្មរាប់ពាន់លានដុល្លារ ហើយមិនខ្យល់នឹងសេចក្តីសម្រេចរបស់តុលាការអន្តរជាតិឆ្នាំ២០១៦ថាការទាមទារចិនមិនត្រឹមត្រូវ។ ប៉ុន្តែព្រុយណេ ម៉ាឡេស៊ី តែវ៉ាន់និងវៀតណាម ព្រមទាំងហ្វីលីពីនផ្ទាល់ យល់ថាពួកគេក៏មានចំណែកដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com