ជាតិ
សហគមន៍នេសាទនៅកំពត ប្រឹងប្រែងអភិរក្សស្មៅសមុទ្រ
02, Mar 2024 , 2:59 pm        
រូបភាព
ស្មៅសមុទ្រ គឺជាប្រភពចំណី និងជម្រកពងកូនដ៏សំខាន់សម្រាប់ពពួកសត្វសមុទ្រកម្រៗ និងជីវចម្រុះដទៃទៀតនៅក្នុងសមុទ្រ។ សហគមន៍នេសាទនៅក្នុងខេត្តកំពត កំពុងប្រឹងប្រែងការពារ និងអភិរក្សស្មៅសមុទ្រ ដែលប្រឈមនឹងការថយចុះដោយសារការនេសាទដោយប្រើឧបករណ៍នេសាទខុសច្បាប់។ មានស្មៅសមុទ្រ នឹងធានាបាននូវវត្តមានជីវចម្រុះផ្សេងៗក្នុងសមុទ្រ ពិសេសប្រភេទសត្វកម្រៗដូចជាសត្វផ្សោតពណ៌ផ្កាឈូក សត្វផ្សោតក្បាលត្រឡោក ជ្រូកទឹក អណ្តើក និងត្រីសេះជាដើម។
 
 
ស្មៅសមុទ្រ គឺជាប្រភពចំណី និងជម្រកពងកូនដ៏សំខាន់សម្រាប់ពពួកសត្វសមុទ្រកម្រៗ និងជីវចម្រុះដទៃទៀតនៅក្នុងសមុទ្រ។ ស្មៅសមុទ្រ ក៏មានតួនាទីជារនាំងធម្មជាតិទប់ស្កាត់សំណឹកដី កាត់បន្ថយរលកសមុទ្រ ស្រូបយកនិងផ្ទុកឧស្ម័នកាបូនឌីអុកស៊ីត និងជួយផលិតអុកស៊ីសែនសម្រាប់ដកដង្ហើម។ បច្ចុប្បន្ន ស្មៅសមុទ្រ កំពុងប្រឈមនឹងការថយចុះ ដោយសារការនេសាទដោយប្រើឧបករណ៍នេសាទខុសច្បាប់។ 
 
លោក អ៊ុក សុវណ្ណរិទ្ធ ប្រធានសហគមន៍នេសាទព្រែកត្នោត បញ្ជាក់ថានៅក្នុងខេត្តកំពតមានស្មៅសមុទ្រច្រើនជាងគេ ក្នុងចំណោមបណ្តាខេត្តជាប់សមុទ្រផ្សេងទៀតនៅកម្ពុជា។ គ្រាន់តែនៅក្នុងសហគមន៍នេសាទព្រែកត្នោត ស្មៅសមុទ្រគ្របដណ្តប់ប្រមាណ៧០០ហិកតា ក្នុងនោះសហគមន៍បានកំណត់ជាតំបន់សម្រាប់អភិរក្សចំនួន ២០០ហិកតា។ 

 
ហេតុអ្វីបានជាសហគមន៍ប្រឹងប្រែងអភិរក្សស្មៅសមុទ្រ ប្រធានសហគមន៍ មានប្រសាសន៍ថា សហគមន៍នេសាទព្រែកត្នោត មិនមែនមានតែជីវចម្រុះសមុទ្រ ដូចជាក្តាម បង្កង បង្គា និងត្រីនោះទេ ប៉ុន្តែសហគមន៍នេសាទព្រែកត្នោតដែនមានផ្ទៃដីជាង ១ពាន់ហិកតានេះ  ក៏ជាជម្រករស់នៅ និងបង្កកំណើត និងជាប្រភពចំណី របស់សត្វផ្សោតពណ៌ផ្កាឈូក សត្វផ្សោតក្បាលត្រឡោក ជ្រូកទឹក អណ្តើក និងត្រីសេះផងដែរ។  
 
សហគមន៍ត្រពាំងសង្កែ ដែលជាសហគមន៍នេសាទ និងតំបន់ទេសចរណ៍គំរូមួយនៅក្នុងខេត្តកំពត ក៏កំពុងប្រឹងប្រែងការពារស្មៅសមុទ្រដែលជារុក្ខជាតិដ៏មានសារៈសំខាន់នេះដែរ។ សហគមន៍ បានចុះល្បាត និងហាមប្រាមមិនឱ្យមានការនេសាទដោយប្រើប្រាស់ឧបករណ៍ខុសច្បាប់ ដែលធ្វើឱ្យស្មៅសមុទ្រដាច់ ឬបាត់បង់។ 

 
ក្រៅពីសកម្មភាពល្បាត សហគមន៍ក៏កំពុងប្រឹងប្រែងទប់ស្កាត់ការកាប់បំផ្លាញព្រៃកោងកាង និងការដាំកោងកាងឡើងវិញផងដែរ។ បើតាមលោក សឹម ហ៊ីម ប្រធានសមាគមន៍នេសាទត្រពាំងសង្កែ ព្រៃកោងកាង គឺប្រៀបដូចជាអង្គរក្សការពារស្មៅសមុទ្រដូច្នោះដែរ។

 
ទាក់ទងនឹងការចូលរួមក្នុងកិច្ចការការពារ និងអភិរក្សធនធានធម្មជាតិនៅតំបន់ឆ្នេរនេះ អង្គការ អេដ អេ អាកស្យុង បានដឹកនាំអង្គការដៃគូរបស់ខ្លួនអនុវត្តគម្រោង សម្ព័ន្ធភាពដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព និងការគាំទ្រសំឡេង ដើម្បីសមធម៌សង្គម (CO-SAVED) ដើម្បីពង្រឹសមត្ថភាព និងលើកកម្ពស់ជីវភាពរបស់របស់ប្រជាសហគមន៍ ឱ្យកាន់តែប្រសើរ។ លោក វន់ សំភាស់ នាយកអង្គការ អេដ អេ អាកស្យុង បានបញ្ជាក់ថា គម្រោង CO-SAVED បានផ្តល់វគ្គបណ្តុះបណ្តាលជាច្រើនដល់ប្រជាសហគមន៍ ដូចជាការបើកទូកទេសចរណ៍ បដិសណ្ឋារកិច្ច ផ្តល់បច្ចេកទេស និងទុនសម្រាប់ការចិញ្ចឹមត្រី មាន់ អយស្ទ័រ និងការដាំដំណាំដែលធន់នឹងនឹងបម្រែបម្រួលអាកាសធាតុ។ នាយកអង្គការ អេដ អេ អាកស្យុង បង្ហាញក្តីសង្ឃឹមថា តាមរយៈសកម្មភាពទាំងនេះ នឹងជួយគាំទ្រឱ្យប្រជាពលរដ្ឋមានប្រភពចំណូលកាន់តែរឹងមាំ ហើយអាចបន្តសកម្មភាពអភិរក្សនៅក្នុងសហគមន៍របស់ខ្លួន ពិសេសស្មៅសមុទ្រ ដែលជាប្រភពចំណី និងជម្រករបស់ជីវចម្រុះរស់នៅក្នុងសមុទ្រ កាន់តែមានប្រសិទ្ធភាព៕

© រក្សាសិទ្ធិដោយ thmeythmey.com