អន្តរជាតិ
ក្រុមហ៊ុនប្រេងថៃ គាំទ្ររដ្ឋាភិបាលបន្តការចរចារុករកប្រេងនៅតំបន់ត្រួតស៊ីគ្នាជាមួយកម្ពុជា
02, Mar 2024 , 4:39 pm        
រូបភាព
រូបភាព បាងកកប៉ុស្តិ៍
រូបភាព បាងកកប៉ុស្តិ៍
ក្រុមហ៊ុន ដែលជាសមាជិកក្លឹបឧស្សាហកម្មផលិតកម្ម និងរុករុកប្រេងថៃ បានបង្ហាញការគាំទ្រជំរុញឱ្យរដ្ឋាភិបាលពន្លឿនកិច្ចចរចារករុកប្រេងនៅក្នុងតំបន់ត្រួតស៊ីគ្នា ក្នុងឈូងសមុទ្រថៃ ជាមួយភាគីកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ នៅថ្ងៃទី២ ខែមីនា។
 
ក្នុងដំណើរទស្សនកិច្ចរបស់សម្តេច ហ៊ុន ម៉ាណែត នៅថៃ ក្នុងថ្ងៃទី៧ ខែកុម្ភៈ ប្រមុខរដ្ឋាភិបាលថៃ និងកម្ពុជា បានឯកភាពលើកិច្ចចរចាបន្ថែម ដើម្បីអភិវឌ្ឍរួមគ្នានៅតំបន់ត្រួតស៊ីគ្នាក្នុងឈូងសមុទ្រថៃ។ ក្រោយការឯកភាពគ្នានេះ ក្រុមហ៊ុនថាមពលថៃ បានបង្ហាញការគាំទ្រ។ 
 
«ប្រសិនបើកិច្ចចរចាជោគជ័យ ថៃ និងកម្ពុជា នឹងមានប្រភពប្រេង ដែលអាចរួមគ្នាបង្កើតតម្លៃសេដ្ឋកិច្ចដ៏ធំ»។ លោក Nipatsin Yimyam ប្រធានឧស្សាហកម្មផលិតកម្ម និងរុករុកប្រេង ស្ថិតក្រោមសហព័ន្ធឧស្សាហកម្មថៃ បានបញ្ជាក់បែបនេះ ដោយបន្តថា ក្លឹបគាំទ្រការបន្តកិច្ចចរចារវាងរដ្ឋាភិបាលនៃប្រទេសជិតខាងទាំងពីរ។ 
 
បើតាមប្រធានក្លឹបរូបនេះ ថៃមានឧស្សាហកម្មគ្រប់គ្រាន់ ក្នុងការគាំទ្រការរកស៊ីប្រេង ហើយក្លឹប ឧស្សាហកម្មផលិតកម្ម និងរុករុកប្រេងថៃ ដែលមានសមាជិកប្រមាណ ៣០ ត្រៀមខ្លួនជាស្រេច ក្នុងការជួយរដ្ឋាភិបាល និងពន្លឿនសេដ្ឋកិច្ចថៃ។ 
 
បើតាមលោក Nipatsin ប្រសិនបើអាចទទួលបានប្រេងនៅក្នុងតំបន់ត្រួតស៊ីគ្នា ថៃនឹងកាត់បន្ថយការចំណាយច្រើនលើការនាំចូលឧស្ម័នពីប្រទេស និងកាត់បន្ថយតម្លៃឧស្ម័នផងដែរ ដោយសារវាមានតម្លៃទាបជាងឧស្ម័ននាំចូល។ 
 
កន្លងមក នាយករដ្ឋមន្រ្តីថៃ លោកសេដ្ឋា ថាវីស៊ីន បានសន្យាទាញយកធនធានធម្មជាតិ ដែលមាននៅក្នុងតំបន់ត្រួតស៊ីគ្នាឱ្យបាន ដើម្បីអាចគ្រប់គ្រងតម្លៃអគ្គិសនីបាននៅក្នុងប្រទេស ហើយឈានទៅដល់ការប្រើប្រាស់ថាមពលស្អាតបាន៕
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com