ជាតិ
លោក ពុត សុខមាន៖ សិស្សដែលរៀនចប់ពីអនុវិទ្យាល័យតាពេន ជា«ទូត»​ឆ្លុះបញ្ចាំង​តម្លៃ​នៃ​ការអប់រំ
02, Mar 2024 , 4:00 pm        
រូបភាព
លោក ពុត សុខមាន នាយកអង្គការដុងឌុយគ័រប្រចាំកម្ពុជា។ រូបភាព សហការីសារពត័មានថ្មីៗ៕
លោក ពុត សុខមាន នាយកអង្គការដុងឌុយគ័រប្រចាំកម្ពុជា។ រូបភាព សហការីសារពត័មានថ្មីៗ៕
សៀមរាប៖ ជារៀងរាល់ឆ្នាំ មុនបើកបវេសនកាលសាលារៀនតាពេន ដែលស្ថិតក្នុងភូមិ ស្រះ​ខ្វាវ ឃុំត្បែង ​ ស្រុក​បន្ទាយស្រី តែងធ្វើយុទ្ធនាការផ្សព្វផ្សាយឱ្យ អាណាព្យបាលបញ្ជូន កូនដែលគ្រប់អាយុ ទៅ​សា​លា​រៀន។ តែបច្ចុប្បន្ន លោក ពុត សុខមាន ប្រធានអង្គការ ដុងឌុយគ័រប្រចាំកម្ពុជាថា យុទ្ធនា​ការ​​នេះលែងមានទៀតហើយនៅសាលាតាពេន ព្រោះ សិស្សដែលបញ្ចប់​ការសិក្សា ពី​សាលានេះ​ហាក់បានក្លាយជា«ទូត» ដែលឆ្លុះបញ្ចាំង ឱ្យអាណាព្យាបាល​សិស្សមើល​ឃើញ​ពីតម្លៃនៃការអប់រំ ហើយពួកគាត់បញ្ជូនកូនៗដែលគ្រប់អាយុចូលសាលា​ដោយខ្លួនឯង។
ដើម្បីជ្រាបច្បាស់សូមលោកអ្នកនាងទស្សនាបទសម្ភាសរវាង លោក ស៊ុល រ៉វី និងលោក ពុត សុខមាន ប្រធានអង្គការដុងឌុយគ័រប្រចាំកម្ពុជាដូចតទៅ៖ 

 ភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ជាភូមិមួយដែលហាក់ដាច់​ឆ្ងាយ​​ពី​គេឯង និងជាឧបសគ្គសម្រាប់កុមារនៅតំបន់នេះ ពិបាក​ធ្វើដំណើរទៅសាលារៀន។ ដើម្បី​ការអប់រំរបស់កុមារក្នុងភូមិ ​ក្នុងឆ្នាំ២០១៤ ក្រសួងអប់រំ យុវជន និងកីឡា សហការ​ជាមួយ​អង្គការដុងឌុយគ័រ ​​បើកទ្វារសាលាតាពេន ដែលផ្តល់ការអប់រំ ពីថ្នាក់​មេតេយ្យ ដល់ថ្នាក់ទី៩ ។ ​អង្គការឌុងដុយគ័រ ​បានរួមចំណែក​បន្ថែមដោយការផ្ដល់សម្លៀកបំពាក់ សម្ភារសិក្សា អា​ហារ និង​មធ្យោបាយធ្វើដំណើរ ដល់សិស្សានុសិស្ស​ផងដែរ។
 
ក្នុងកិច្ចសម្ភាសន៍មួយជាមួយសារព័ត៌មានថ្មីៗ លោក ពុត សុខមាន ប្រធានអង្គការដុង ឌុយគ័រប្រចាំកម្ពុជា រំឭកថាពីមុនសាលាតែងតែងធ្វើយុទ្ធនាការផ្សព្វផ្សាយ ​ឱ្យអាណាព្យា​បាល បញ្ជូនកូនៗរបស់គេមកសាលារៀន។ តែបច្ចុប្បន្នសាលារៀននេះ មិនធ្វើដូច្នោះទៀត ឡើយ ព្រោះពលរដ្ឋបានយល់ពីតម្លៃនៃការអប់រំ។ លោក ពុត សុខមាន បន្ថែមដូច្នេះ៖« នៅពេល សិស្ស​បាន​ចូលរៀននៅទីនេះ​ ឃើញសិស្សខ្លះបានទៅរៀនដល់សកលវិទ្យាល័យ មួយផ្នែក ទៀតគាត់បានរៀនជំនាញវិជ្ជាជីវៈរយៈពេលខ្លី គាត់មានការងារធ្វើ។ ដូច្នេះ អ្នកទាំងអស់ នេះហើយជាទូតមួយ ជាអ្នកផ្សព្វផ្សាយសហគមន៍របស់គាត់ ដោយគាត់បង្ងាញថាមាន​តែការអប់រំទេ ដែលជួយជីវភាពរបស់ពួកគាត់បាន»។
 
បើតាមរបាយការណ៍របស់អង្គការដុងឌុយគ័រ ចាប់ពីបើកទ្វារសាលាក្នុងឆ្នាំ២០១៤ មកទល់ ពេលនេះ សាលាបឋមសិក្សា និងអនុវិទ្យាល័យតាពេន បានទទួលសិស្សឱ្យចូលរៀនចំនួន ៥៨៥នាក់ ក្នុងនោះ​មាន១៥៤នាក់កំពុងសិក្សានៅវិទ្យាល័យ។ ៨០ភាគរយ នៃសិស្ស​ដែល​បានបញ្ចប់ការសិក្សាពីអនុវិទ្យាល័យតាពេន បានបន្តការសិក្សានៅវិទ្យាល័យ និងបន្តដល់សាកលវិទ្យាល័យ ហើយខ្លះរើសសិក្សាជំនាញវិជ្ជាជីវៈ។ នេះបើតាមរបាយការណ៍ដដែល៕

Tag:
 ThmeyThmey
  សាលាតាពេន
  ពុត សុខមាន
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com