ជាតិ
អាជ្ញាធរជាតិអប្សរា ផ្តល់សម្ភារនិងកម្មករបន្ថែមដល់WMF ដើម្បីជួសជុលប្រាសាទភ្នំបាខែង
02, Mar 2024 , 5:19 pm        
រូបភាព
ការដ្ឋានជួសជុលប្រាសាទភ្នំបាខែង។ រូបភាពពីអាជ្ញាធរជាតិអប្សរា
ការដ្ឋានជួសជុលប្រាសាទភ្នំបាខែង។ រូបភាពពីអាជ្ញាធរជាតិអប្សរា
សៀមរាប៖ សម្ភារ និងកម្លាំង កម្មករជំនាញមួយចំនួន ត្រូវបានអាជ្ញាធរជាតិអប្សរា បានផ្ដល់ជូនអង្គការមូលនិធិ ប្រាសាទពិភពលោក (WMF) ដើម្បីជួយធ្វើការជាប្រចាំថ្ងៃនៅការដ្ឋានជួសជុលប្រាសាទភ្នំបាខែង។

 
បើតាមអាជ្ញាធរជាតិអប្សរា កម្លាំងមនុស្ស ដែលអាជ្ញាធរជាតិអប្សរាផ្ដល់ទៅជួយ WMF រួមមានជំនាញ ខាងគូរប្លង់ រកថ្ម ជួសជុលថ្ម រើថ្ម រៀបថ្ម ឆ្លាក់ក្បាច់ អ្នកជំនាញផ្នែកជួសជុលពង្រឹងគ្រឹះ និងអ្នកជំនាញការពារប្រព័ន្ធទឹក។ ពួកគេទាំងនោះសុទ្ធតែមានបទពិសោធន៍ជាង១០ឆ្នាំ។ នេះជាការបញ្ជាក់របស់អាជ្ញាធរជាតិអប្សរា។  
 
អ្នកស្រី ជាម ផល្លី ស្ថាបត្យករនៃស្ថាប័ន WMF បានឱ្យដឹងថា ការទ្រទ្រង់ជាសម្ភារ និងកម្លាំងពលកម្មនេះ ជាផ្នែកមួយជួយពន្លឿនការងារនៅការដ្ឋានជួសជុលប្រាសាទភ្នំបាខែង ឱ្យកាន់តែបានលឿន និងមានប្រសិទ្ធភាព។ «អាជ្ញាធរជាតិអប្សរា និងអង្គការមូលនិធិប្រាសាទពិភពលោក(WMF) គឺជាដៃគូសហប្រតិបត្តិការយ៉ាងល្អក្នុងកិច្ចការអភិរក្ស និងជួសជុលប្រាសាទបុរាណរយៈពេល៣៥ឆ្នាំមកហើយ»។ អ្នកស្រី ជាម ផល្លី លើកឡើងដូច្នេះ មុននឹងបន្តថា ជាង៣៥ឆ្នាំមកនេះ WMF បានជួយជួសជុលប្រាសាទចំនួន៥ក្នុងរមណីយដ្ឋានអង្គរ រួមមាន ប្រាសាទព្រះខ័ន ប្រាសាទតាសោម ប្រាសាទអង្គរវត្ត ប្រាសាទភ្នំបាខែង។ រីឯប្រាសាទនាគព័ន្ធ ស្ថិតក្នុងគម្រោងថែទាំ សម្អាតស្មៅនៅជុំវិញស្រះ អស់រយៈពេលជាង១០ឆ្នាំមកដែរ។
 
ក្រៅជាស្ថាប័នអន្ដរជាតិជួយអភិរក្សប្រាសាទ ក្នុងនោះ WMF ក៏បានកម្ពុជាលើការបណ្ដុះបណ្ដាលធនធាន មនុស្ស និស្សិត កម្មករ មេជាង ឱ្យក្លាយជាអ្នកជំនាញពិតប្រាកដ និងលែងពឹងពាក់អ្នកជំនាញអន្ដរជាតិតទៅទៀត៕

Tag:
 ប្រាសាទភ្នំបាខែង
© រក្សាសិទ្ធិដោយ thmeythmey.com