ជាតិ
ស្រ្តីវ័យចំណាស់៣នាក់ រួមចំណែកថែរក្សាមរតកដូនតា តាមរយៈការងារសម្អាតប្រាសាទ
02, Mar 2024 , 11:00 pm        
រូបភាព
សៀមរាប៖ ការងារសម្អាតបរិស្ថាន អាចមិនមានតម្លៃប៉ុន្មានសម្រាប់មនុស្សទូទៅ បើសិនជាមើលដោយមិនយកចិត្តទុកដាក់ ។ តែការងារនេះជាផ្នែកសំខាន់មួយ ក្នុងរក្សាសោភណ្ឌភាព និងអនាម័យប្រាសាទខ្មែរ មិនឱ្យរងការយាយីពីរុក្ខជាតិតូចធំ ដែលដុះចាក់ញែកថ្ម ​ឱ្យដួលរលំក្នុងហេតុណាមួយ។ ស្រ្តីចំណាស់បីរូប បង្ហាញក្ដីមោទកភាពដែលបានបំពេញការងារ​ ត្រួសរុក្ខជាតិ សម្អាតប្រាសាទ ដែលជាផ្នែកមួយ ​ជួយថែមរតកដូនតាខ្មែរ​ដូច្នោះដែរ។
ស្ថិតក្នុងវ័យ៦៧ឆ្នាំ អ្នកស្រី ឡម ស៊ីម នៅមានកម្លាំងមាំមួនក្នុងការត្រួសរុក្ខជាតិតាមប្រាសាទ និងកាប់ កាយដី ក្នុងរណ្ដៅកំណាយ។ សព្វថ្ងៃដូនចាស់រូបនេះ កំពុងបំពេញការងារនៅការដ្ឋានកំណាយស្រះទឹក នៅប្រាសាទបាយ័ន។ ដូរពីការត្រួសព្រៃ មកកាប់កាយដី ជួយឱ្យអ្នកស្រី ស៊ីម បានកើនចំណេះ​មួយផ្នែកទៀត។ 


អ្នកស្រី ឡម ស៊ីម 

មានប្ដីធ្លាប់ជាអ្នកជួសជុលប្រាសាទមួយរូបផងនោះ អ្នកស្រី ឡម ស៊ីម ដែល បានចូលមក​ធ្វើការជាអ្នកសម្អាតតាមប្រាសាទតាំងពីឆ្នាំ១៩៩៣មក មានឱកាស​ស្គាល់ប្រាសាទ​​ជាច្រើន ទាំងក្នុងតំបន់ និងក្រៅអង្គរ ហួសដល់តំបន់ប្រាសាទបេងមាលា តាមរយៈការងារនេះ។ បញ្ចេញសំនៀងតាមរបៀបអ្នកសៀមរាប និងញញឹមជាប់ អ្នកស្រី ឡម​ ស៊ីម   បានបង្ហាញ​មនោសញ្ចេតនា​ជ្រា​លជ្រៅជាមួយប្រាសាទ សូម្បីពេលបំពេញការងារ ក៏អ្នកស្រីប្រយ័ត្នមិនឱ្យប៉ះ ឬធ្វើឱ្យខូចខាតថ្មដែរ។ នេះជាការគោរពដល់ប្រាសាទបុរាណ។ 
 
អ្នកស្រីក៏បានរំឭកថា ក្រោយផុតពីសង្រ្គាមថ្មីៗខ្ទង់ទសវត្ស៨០ និង៩០ មានចលនាចូលលួចគាស់ កកាយ និងលួចវត្ថុបុរាណក្នុងប្រាសាទ តែអ្នកស្រីមិនធ្លាប់មកធ្វើបែបនេះឡើយ ទោះបីអ្នកភូមិជាច្រើន​នាំគ្នាមករុករកកំណប់ក៏ដោយ។ ទោះបីមិនមានបានដូចគេ ក៏អ្នកភូមិនគរក្រៅ​រូបនេះ មិនខ្វល់ឡើយ ព្រោះមិនចង់ប៉ះពារបំពានដល់ប្រាសាទដូនតាបន្ដិចសោះឡើយ ។  
អ្នកស្រីលើកឡើង​ដូច្នេះថា៖« សូម្បីជំនាន់គេនៅលេងមាស ខ្ញុំមិនដែលមកលេងទេ កាលណោះទើបចូលស្រុកថ្មីៗ គេនាំគ្នាមកជីក រកវត្ថុមានតម្លៃ។ ខ្ញុំនឹកឃើញថា មិនមានបានដូចគេ មិនបានមកបង្ហិន​លេងប៉ះពាល់ខូចប្រាសាទទេ»។ 
 

អ្នកស្រី ពួយ យឺក 
 
វ័យកាន់តែចាស់ទៅហើយ តែអ្នកស្រី ឡម ស៊ីម មិនទាន់ចង់ទៅណាឆ្ងាយពីប្រាសាទឡើយ។ យ៉ាងណា ភាពជរា ពេលវេលា និងកម្លាំងកាន់តែខើចទៅៗនោះ ជំរុញឱ្យស្រ្តីដែលមានចៅ១១នាក់ និងចៅទួត២នាក់រូបនេះ ចង់មានពេលសម្រាក និងសប្បាយជាមួយចៅៗក្នុងជីវិតចុងក្រោយឱ្យ​បានកាន់តែច្រើន បន្ទាប់ពីសម្រាកពីការងារនៅឆ្នាំក្រោយនេះ។
 
ចំណែកអ្នកស្រី គង់ ស៊ត់ វ័យ៥៧ឆ្នាំ ក៏បំពេញការងារជាអ្នកសម្អាតប្រាសាទជាង២០ឆ្នាំមកដែរ។ អ្នកភូមិសំរោង ឃុំលាងដៃ ស្រុកអង្គរធំ រូបនេះធ្លាប់មានឪពុកជាអ្នកជួសជុលប្រាសាទនៅជំនាន់បារាំង។ សព្វថ្ងៃអ្នកស្រី និងក្រុមការងារផ្សេងទៀតភាគច្រើនជាស្រ្តី ត្រូវបានចាត់ចែងឱ្យមកជួយធ្វើកំណាយ​នៅស្រះទឹ​កប្រាសាទបាយ័ន និងបានរៀនសូត្រការងារច្រើនពីទីនេះ។ សម្រាប់អ្នកស្រី គង់ ស៊ត់ ការងារសម្អាតស្មៅ រុក្ខជាតិតាមប្រាសាទ ប្រើកម្លាំងបន្ដិច ហើយការងារនៅកន្លែងកំណាយដូចជាកាប់ ចូកដី រៀងស្រាល មិនសូវធ្ងន់ប៉ុន្មានឡើយ។ 
 
ស្រ្តីរូបនេះ បានចាប់ផ្តើមធ្វើផ្នែកសម្អាតនេះតាំងពីប្រាក់ឈ្នួលថ្ងៃ ៤៥០០រៀល ហើយបច្ចុប្បន្ន​នេះ កើនដល់ ២៣០០០រៀលក្នុងមួយថ្ងៃ។ រាល់ថ្ងៃអ្នកស្រីត្រូវជិះកង់ពីភូមិ ដោយប្រើពេលជិត៣០នាទី ទម្រាំដល់​កន្លែងធ្វើការ។ ជាស្រ្តីមេម៉ាយ រស់នៅម្នាក់ឯង អ្នកស្រី គង់ ស៊ត់ ពឹងលើការងារនៅអាជ្ញាធរជាតិអប្សរា ដើម្បីទ្រទ្រង់ជីវិត។ 
 

អ្នកស្រី គង់ ស៊ត់
 
សម្រាប់អ្នកស្រី គង់ ស៊ត់ ការងារនៅប្រាសាទនេះហើយ ជួយឱ្យខ្លួនបានស្គាល់ប្រាសាទជាច្រើន និងមានចំណែកថែរក្សាមរតកបុរាណរបស់ដូនតាមួយនេះ។ អ្នកស្រីលើកឡើងថា៖« សប្បាយចិត្ត មិនដែលចង់ឈប់ទេ សូម្បីតែឈឺក៏មិនចង់ខានទៅទៀត ធ្វើការជាង២០ឆ្នាំឃើញចង់គ្រប់ប្រាសាទ ទាំងតូច ទាំងធំ បើមិនបានធ្វើការ ក៏មិនបានឃើញដែរ»។
 
រីឯអ្នកស្រី ពួយ យឺក ក៏ជាអ្នកភូមិសំរោង ឃុំលាងដៃ នៅមិនឆ្ងាយប៉ុន្មានពីក្រុងអង្គរធំ បានចូលបម្រើការងារជាអ្នកសម្អាតនៅតាមប្រាសាទនៅឆ្នាំ ២០០៣ ក្រោយសម្រាកពីការងារធ្វើស្រែ ចម្ការ។ ទោះប្រាក់ឈ្នួលប្រចាំថ្ងៃមិនសូវច្រើន តែអ្នកស្រី ពួយ យឺក រីករាយជាមួយការងារនេះ ដោយអ្នកស្រីបញ្ជាក់ថា មិនបាច់ចូលព្រៃបោចវល្លិ៍រពាក់ ឬវល្លិ៍ផ្ដៅដូចអ្នកភូមិឯទៀត ដែលអ្នកស្រីយល់ថា វាពិបាកនោះឡើយ។
 
អ្នកស្រី យឺក លើកឡើងដូច្នេះថា៖«សប្បាយចិត្តពេលឃើញប្រាសាទស្អាត បានបោសប្រាសាទស្អាត ឃើញភ្ញៀវទេសចរមកទស្សនាច្រើន គឺសប្បាយ បើបោសមិនស្អាតក៏មិនពេញចិត្តមើលខ្លួនឯងដែរ»៕

Tag:
 សម្អាតប្រាសាទ
  រមណីយដ្ឋានអង្គរ
  អ្នកថែប្រាសាទ
© រក្សាសិទ្ធិដោយ thmeythmey.com