អន្តរជាតិ
អាមេរិកថា ចិនអាច​បង្កើន​ការ​ហោះហើរ​មក​អាមេរិក​រហូត​ដល់ ៥០ ជើង​ក្នុង​មួយ​សប្ដាហ៍
02, Mar 2024 , 10:20 pm        
រូបភាព
យន្តហោះដឹកជញ្ជូន​ទំនិញ​របស់​ចិន​ចុះសំចត​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ John F. Kennedy នៅក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០។
យន្តហោះដឹកជញ្ជូន​ទំនិញ​របស់​ចិន​ចុះសំចត​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ John F. Kennedy នៅក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០។
ដោយ: VOA
ក្រសួង​ដឹកជញ្ជូន​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​កាលពី​ថ្ងៃ​ទី ២៦ ខែ​កុម្ភៈ​ថា ក្រុមហ៊ុន​អាកាសចរណ៍​ចិន​នឹង​ត្រូវ​អនុញ្ញាត​ឱ្យ​បង្កើន​ជើង​ហោះហើរ​ទៅមក​ប្រចាំ​សប្តាហ៍​របស់​ខ្លួន​ដល់​ចំនួន ៥០ ជើង​ចាប់ពី​ថ្ងៃ​ទី ៣១ ខែ​មីនា​ខាងមុខ​នេះ​តទៅ ដោយ​កើន​ពី​ចំនួន ៣៥ ជើង​នៅ​ពេល​បច្ចុប្បន្ន។ ការ​បង្កើន​នេះ​បាន​ធ្វើ​ឱ្យ​ទីផ្សារ​ទេសចរណ៍​នេះ​កើន​ដល់​កម្រិត​ជិត​មួយ​ភាគ​បី​នៃ​កម្រិត​មុន​វិបត្តិ​ជំងឺ​កូវីដ១៩។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។
ក្រសួង​ដឹកជញ្ជូន​សហរដ្ឋ​អាមេរិក​ថា ការ​អនុញ្ញាត​នេះ «គឺជា​ជំហាន​ដ៏​សំខាន់​មួយ​ក្នុង​ការ​ធ្វើឱ្យ​ទីផ្សារ​រវាង​សហរដ្ឋ​អាមេរិក​និង​ចិន​មាន​ប្រក្រតីភាព​បន្ថែម​ទៀត​ក្នុង​ការ​ត្រៀម​សម្រាប់​រដូវ​ធ្វើដំណើរ​នៅ​រដូវក្តៅ​ឆ្នាំ ២០២៤ នេះ»។
 
ជើង​ហោះហើរ​ដឹក​អ្នកដំណើរ​ទៅមក​ជាង ១៥០ ជើង​ក្នុង​មួយ​សបា្តហ៍​ត្រូវ​បាន​ភាគី​ទាំង​ពីរ​អនុញ្ញាត​មុន​ពេល​មាន​ការ​រឹតត្បិត​ដោយសារ​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ កាលពី​ដើម​ឆ្នាំ ២០២០ តែ​គិត​ត្រឹម​ខែ​សីហា​ឆ្នាំ​មុន យន្តហោះ​ក្រុមហ៊ុន​អាកាសចរណ៍​ចិន​និង​អាមេរិក​អាច​ហោះហើរ​តែ ១២ ជើង​ប៉ុណ្ណោះ​ក្នុង​មួយ​សប្ដាហ៍​រវាង​ប្រទេស​ទាំង​ពីរ។
 
ចំនួន​នេះ​បាន​កើនឡើង​នៅ​ថ្ងៃ​ទី ១ ខែ​កញ្ញា​ឆ្នាំ​មុន​ដល់ ១៨ ជើង​ក្នុង​មួយ​សប្ដាហ៍ ហើយ​បន្ទាប់មក​ដល់ ២៤ ជើង​ក្នុង​មួយ​សប្តាហ៍​ចាប់ពី​ថ្ងៃ​ទី ២៩ ខែ​តុលា​ឆ្នាំ​មុន​មក។ ក្រសួង​ដឹកជញ្ជូន​សហរដ្ឋ​អាមេរិក​បាន​យល់ព្រម​ឱ្យ​មាន​ជើង​ហោះហើរ​ចំនួន ៣៥ ជើង​សម្រាប់​យន្តហោះ​ដឹក​អ្នក​ដំណើរ​ចិន​កាលពី​ខែ​វិច្ឆិកា​ឆ្នាំមុន។
 
សមាគម Airlines for America គឺជា​ក្រុម​តំណាង​ក្រុមហ៊ុន​អាកាសចរណ៍ American Airlines ក្រុមហ៊ុន​អាកាសចរណ៍ Delta Air Lines និង​ក្រុមហ៊ុន​អាកាសចរណ៍ United Airlines ដែល​ក្រុមហ៊ុន​ទាំង ៣ នេះ​មាន​ជើង​ហោះហើរ​រួមគ្នា​ទៅ​ប្រទេស​ចិន​ចំនួន ៣១ ជើង​ក្នុង​មួយ​សប្ដាហ៍។
 
សមាគម​នេះ​បាន​បញ្ជាក់​ថា ខ្លួន «គាំទ្រ​របៀប​ដោះស្រាយ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ក្នុង​ការ​បើក​ទីផ្សារ​ជាមួយ​ប្រទេស​ចិន​ឡើង​វិញ​ដោយ​យឺតៗ ជា​បណ្ដើរៗ និង​ទៅវិញ​ទៅមក។ វា​គឺជា​ការ​ចាំបាច់​ដែល​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​គួរ​ប្រកាន់​យក​របៀប​ដោះស្រាយ​នេះ​តទៅទៀត»។
 
ស្ថានទូត​ចិន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​បាន​បញ្ជាក់​ថា ខ្លួន «សប្បាយ​រីករាយ​ដោយ​ឃើញ​ការ​វិវឌ្ឍ​បែប​វិជ្ជមាន​អំពី​កំណើន​ជើងហោះហើរ​ដឹក​អ្នកដំណើរ​ដោយ​ផ្ទាល់​រវាង​ប្រទេស​ចិន​និង​សហរដ្ឋ​អាមេរិក»។
 
ស្ថានទូត​នេះ​បាន​បន្ថែម​ថា ខ្លួន​កំពុង​ធ្វើការ​ដើម្បី «សម្រួល​បន្ថែម​ទៀត​ដល់​ការ​ធ្វើដំណើរ​ឆ្លងកាត់​ព្រំដែន​និង​លើកកម្ពស់​ការ​ផ្លាស់ប្តូរ​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ»។
 
ទីផ្សារ​អាកាសចរណ៍​អន្តរជាតិ​ផ្សេង​ទៀត​ដែល​ពាក់ព័ន្ធ​ជាមួយ​ប្រទេស​ចិន​បាន​បើក​ឡើងវិញ​យ៉ាង​លឿន​បំផុត ដោយ​អ្នក​ធ្វើដំណើរ​រវាង​ប្រទេស​ចិន​និង​ចក្រភព​អង់គ្លេស​នៅ​ខែ​កុម្ភៈ​មាន​ចំនួន ៣០% លើស​ពី​កម្រិត​មុន​វិបត្តិ​ជំងឺ​កូវីដ១៩ និង​រវាង​ប្រទេស​ចិន​និង​សិង្ហបុរី​មាន​ចំនួន ៦% លើល​ពី​កម្រិត​មុន​វិបត្តិ​ជំងឺ​នេះ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​ក្រុមហ៊ុន OAG ដែល​ផ្ដល់​ទិន្នន័យ​ផ្នែក​អាកាសចរណ៍។
 
ក្រសួង​ដឹកជញ្ជូន​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា ខ្លួន​បាន​ពិភាក្សា​ប្រកប​ដោយ​ផ្លែផ្កា​ជាមួយ​និយតករ​អាកាសចរណ៍​ចិន​អំពី «ការ​អនុវត្ត​ផែនទី​បង្ហាញ​ផ្លូវ​ដើម្បី​ឱ្យ​មាន​ការ​បើក​ឡើងវិញ​ជា​បណ្ដើរៗ​និង​ទូលំទូលាយ​ជាងមុន​នូវ​ទីផ្សារ​អាកាសចរណ៍​រវាង​សហរដ្ឋ​អាមេរិក​និង​ប្រទេស​ចិន​និង​ដើម្បី​ឱ្យ​មាន​ការ​ត្រឡប់​ជា​ដំណាក់កាល​និង​អាច​ទាយទុក​បាន​ទៅរក​សមត្ថភាព​ផ្ដល់​ឱ្យ» ដែល​មាន​ចែង​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​រវាង​អាមេរិក​និង​ចិន។
 
នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ចិន​កាលពី​ឆ្នាំ​មុន រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​អ្នកស្រី Gina Raimondo បាន​និយាយ​ថា អ្នកស្រី​ចង់​បង្កើន​ការ​ធ្វើដំណើរ​និង​ទេសចរណ៍​រវាង​ប្រទេស​ទាំងពីរ។
 
អ្នកស្រី Raimondo បាន​ថ្លែង​កាលពី​ខែ​សីហា​ឆ្នាំ​មុន​ថា ប្រសិនបើ​ទេសចរ​ចិន​មក​លេង​សហរដ្ឋ​អាមេរិក​ដូច​កម្រិត​កាលពី​ឆ្នាំ ២០១៩ វា​អាច​បន្ថែម​ចំណូល​ចំនួន ៣០ ពាន់​លាន​ដុល្លារ​ទៅ​ក្នុង​សេដ្ឋកិច្ច​អាមេរិក និង​បង្កើត​ការងារ​នៅ​អាមេរិក​បាន ៥០.០០០ បន្ថែម​ទៀត៕

© រក្សាសិទ្ធិដោយ thmeythmey.com