ជាតិ
រាជរដ្ឋាភិបាលបន្តរក្សាប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» សម្រាប់ទិវាវប្បធម៌ជាតិ លើកទី២៦
03, Mar 2024 , 8:00 am        
រូបភាព
សៀមរាប៖ រាជរដ្ឋាភិបាលបានចេញសារាចរស្ដីពីការការរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤ ដោយបន្តរក្សាប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ដូចឆ្នាំកន្លងទៅដែរ។
សារាចររបស់រាជរដ្ឋាភិបាល បានបញ្ជាក់ថា ទិវាវប្បធម៌ជាតិ ៣មីនា មានសារសំខាន់សម្រាប់​ប្រជាជាតិកម្ពុជា ដើម្បីរំឭកគុណូបការៈបុព្វបុរសខ្មែរគ្រប់ជំនាន់ដែលបានលះបង់ទាំងកម្លាំងកាយ និងចិត្ត បញ្ញាស្មារតី និងអាយុជីវិត ក្នុងការបង្កើត ថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៏សម្បូរបែប និងមានតម្លៃមិនអាចកាត់ថ្លៃបាន បន្សល់ទុកសម្រាប់អ្នកជំនាន់ក្រោយ។ ក្នុងស្មារតីនេះ រាជរដ្ឋាភិបាល បានសម្រេចរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤ ដោយបន្តរក្សាប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ក្នុងបំណងជំរុញទឹកចិត្តប្រជាជនខ្មែរ ជាពិសេសយុវជនបន្តវេនឱ្យចូលរួម កាន់តែសកម្មថែមទៀតក្នុងសកម្មភាពវប្បធម៌ជាតិ។
 
ក្នុងនោះដើម្បីរៀបចំទិវាខាងលើឱ្យកាន់តែទូលំទូលាយ រាជរដ្ឋាភិបាលបានណែនាំដូចជា ពេលវេលាសម្រាប់ប្រារព្ធទិវាវប្បធម៌ជាតិ គឺធ្វើឡើងនៅចន្លោះថ្ងៃទី៣មីនា រហូតដល់ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដោយក្រសួង ស្ថាប័ន អង្គភាព និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវរៀបចំកម្មវិធី និងសកម្មភាពគាំទ្រនានា។ រីឯក្រសួងវប្បធម៌ ត្រូវរៀបចំឯកសារពាក់ព័ន្ធ ដើម្បីឃោសនាផ្សព្វផ្សាយអំពី ទិវានេះ ហើយអាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិព្រះវិហារ និងអាជ្ញាធរសំបូរព្រៃគុក មន្ទីរវប្បធម៌ រៀបចំផ្សព្វផ្សាយ បង្ហាញសមិទ្ធផលការងារសំខាន់ៗរបស់ខ្លួន។ល។
 
ជាមួយគ្នានោះ ក្រសួងពាក់ព័ន្ធត្រូវរៀបចំណែនាំឱ្យមានការផ្សព្វផ្សាយទិវាវប្បធម៌ជាតិ និងគោលបំណង សកម្មភាព ព្រឹត្តិការណ៍ពាក់ព័ន្ធ ឱ្យបានកាន់តែទូលំទូលាយ។ ក្រសួងទេសចរណ៍ត្រូវ​ផ្សព្វផ្សាយ​វប្បធម៌ជាតិ  និងខ្លឹមសារទិវាវប្បធម៌ ដល់ភ្ញៀវទេសចរ ទីភ្នាក់ងារទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ សណ្ឋាគារជាដើម ឱ្យស្របតាមកម្មវិធី «ទស្សនាសៀមរាបឆ្នាំ២០២៤»។ល៕

Tag:
 (ទិវាវប្បធម៌ជាតិ ៣មីនា)
© រក្សាសិទ្ធិដោយ thmeythmey.com