សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ហេតុអ្វីរដ្ឋមន្រ្តីហិរញ្ញវត្ថុ មិនអាចចេញសេចក្តីថ្លែងការណ៍រួមក្រោយប្រជុំនៅប្រេស៊ីល?
03, Mar 2024 , 10:19 am        
រូបភាព
រដ្ឋមន្ត្រីហិរញ្ញវត្ថុប្រេស៊ីល Fernando Haddad ថ្លែងក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ G20 នៅប្រស៊ីល ។​ រូបភាព​ ៖ AP
រដ្ឋមន្ត្រីហិរញ្ញវត្ថុប្រេស៊ីល Fernando Haddad ថ្លែងក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ G20 នៅប្រស៊ីល ។​ រូបភាព​ ៖ AP
កិច្ចប្រជុំរបស់រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលនៃបណ្តាប្រទេសដែលមានសេដ្ឋកិច្ចអភិវឌ្ឍឈានមុខគេលើពិភពលោកទាំង២០ (G20) ចាប់ពីថ្ងៃ២៨-២៩ ខែកុម្ភៈ នៅទីក្រុង Sao Paulo ប្រទេសប្រេស៊ីល មិនមានសេចក្ដីថ្លែងការណ៍រួមឡើយ។ រឿងចាស់នៅតែកើតឡើង ដោយសារប្រទេសចូលរួមមិនឯកភាពលើការប្រើប្រាស់ពាក្យលើបញ្ហាអ៊ុយក្រែន និងវិបត្តិនៅកាហ្សាថែមទៀត។
 
ប្រេស៊ីលដែលជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលមកពីក្រុមសេដ្ឋកិច្ចធំៗទាំង២០ (G20) បានចេញសេចក្តីសង្ខេបរបស់ខ្លួនជំនួសឱ្យសេចក្តីថ្លែងការណ៍រួមរបស់អង្គប្រជុំ។ ឥណ្ឌាធ្លាប់បានប្រើល្បិចស្រដៀងគ្នានេះ ក្នុងតំណែងជាប្រធានាធិបតី G20 របស់ខ្លួនកាលពីឆ្នាំមុន ប៉ុន្តែបានលើកឡើងច្រើនជុំវិញការថ្កោលទោសរុស្ស៊ីចំពោះការឈ្លានពានអ៊ុយក្រែន។
 
ការពិត បញ្ហាភូមិសាស្ត្រនយោបាយបានរារាំងដល់ការចេញសេចក្តីការថ្លែងការណ៍រួមបាននៅក្នុងកិច្ចប្រជុំនេះ។ រដ្ឋមន្ត្រីហិរញ្ញវត្ថុប្រេស៊ីលលោក Fernando Haddad បានប្រាប់អ្នកកាសែតថា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G20 ដែលពិភាក្សាអំពីជម្លោះក្នុងតំបន់កាលពីសប្តាហ៍មុន បានបំពុលកិច្ចពិភាក្សាលើរឿងហិរញ្ញវត្ថុដែលបំផ្លាញកិច្ចខិតខំប្រឹងប្រែងដើម្បីឈានដល់សេចក្តីថ្លែងការណ៍រួមមួយ។
 
ការឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែនបានក្លាយជាបញ្ហារសើបសារជាថ្មីវិញជុំវិញការប្រើប្រាស់ពាក្យពេជន៍។ ក្រុមប្រទេសរីកចម្រើនទាំង៧ (G7), ប្រទេសអ្នកមានលោកខាងលិច និងជប៉ុនចង់ប្រើប្រាស់ភាសានៅលើសេចក្តីថ្លែងការណ៍រួមថា សង្គ្រាមលើអ៊ុយក្រែន ខណៈរុស្ស៊ីចង់ប្រើពាក្យថា សង្រ្គាមក្នុងអ៊ុយក្រែន។ ទន្ទឹមនេះ ក្រុមប្រទេស G7 ចង់ពិពណ៍នាពីសង្រ្គាមនៅតំបន់កាហ្សាថាជាវិបត្តិមនុស្សធម៌ ដោយមិននិយាយពីអ៊ីស្រាអែល។
 
បើតាមប្រធានកិច្ចប្រជុំ G20 ក្នុងអំឡុងសន្និសីទរដ្ឋមន្រ្តីទាំងអស់បានផ្លាស់ប្តូរទស្សនៈគ្នាច្រើនអំពីសង្គ្រាម ជម្លោះ និងវិបត្តិមនុស្សធម៌ ជាពិសេសស្ថានភាពនៅអ៊ុយក្រែន និងកាហ្សា។ យ៉ាងណាមិញ លោក Fernando Haddad បានបញ្ជាក់ថា កិច្ចប្រជុំនេះមិនមែនជាវេទិកាសមស្របដើម្បីដោះស្រាយបញ្ហាភូមិសាស្ត្រនយោបាយនោះទេ ហើយបានស្នើថាបញ្ហាទាំងនេះនឹងបន្តពិភាក្សានៅក្នុងវេទិកា ឬកិច្ចប្រជុំពាក់ព័ន្ធបន្ទាប់ទៀត។
 
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានក្រោយបិទបញ្ចប់កិច្ចប្រជុំ រដ្ឋមន្ត្រីហិរញ្ញវត្ថុប្រេស៊ីល លោក Fernando Haddad បានសង្កត់ធ្ងន់ថា ៖ «យើងមិនអាចចេញសេចក្តីថ្លែងការណ៍រួមបានទេ។ យើងសង្ឃឹមថាបញ្ហារសើបបន្ថែមទៀតទាក់ទងភូមិសាស្ត្រនយោបាយនឹងត្រូវបានពិភាក្សាដាច់ដោយឡែកជាលក្ខណៈការទូត។ ភាគីនានាបានបរាជ័យក្នុងការទទួលបានសម្លេងរួមមួយនៅឯសន្និសីទ G20 កាលពីមុន រឿងនេះបានធ្វើឲ្យប៉ះពាល់ដល់ការបង្កើតការឯកភាពគ្នា»។
 
ហេតុអ្វីកិច្ចប្រជុំនេះ ពិភាក្សាច្រើនលើភូមិសាស្រ្តនយោបាយ ?
 
ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយទាំងនោះបានដំណើរការពេញមួយកិច្ចប្រជុំរយៈពេលពីរថ្ងៃ ដែលពេលខ្លះគ្របដណ្ដប់លើរបៀបវារៈផ្លូវការ ដូចជាការពិភាក្សាអំពីពន្ធលើទ្រព្យសម្បត្តិអប្បបរមាជាសកលលើអ្នកមានជ្រុលដែលស្នើឡើងដោយប្រេស៊ីលទៅទៀត។
 
ប្រេស៊ីលដែលធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍នេះ បានព្យាយាមផ្តោតការពិភាក្សាលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចដើម្បីដោះស្រាយបញ្ហាដូចជាការប្រែប្រួលអាកាសធាតុ និងភាពក្រីក្រ ប៉ុន្តែបណ្តាប្រទេសនានារួមទាំងអាល្លឺម៉ង់បានជំរុញឱ្យមានសេចក្តីថ្លែងការណ៍រួមដែលនិយាយអំពីសង្គ្រាមនៅអ៊ុយក្រែន និងកាហ្សា។
 
អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុនទទួលបន្ទុកកិច្ចការអន្តរជាតិ លោក Masato Kanda ដែលបានចូលរួមក្នុងនាមរដ្ឋមន្ត្រីហិរញ្ញវត្ថុបានច្រានចោលទស្សនៈថា កិច្ចប្រជុំ G20 នៅពេលនេះត្រូវតែដើរតាមរបៀបវារៈ។ លោកថា ជម្លោះមានផលប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចពិភពលោក ដែលវាប៉ះពាល់ដល់តម្លៃថាមពល និងអាហារក្នុងចំណោមរបស់ផ្សេងទៀត។
 
តើកិច្ចប្រជុំ G20 បានពិភាក្សាលើបញ្ហាសេដ្ឋកិច្ចអ្វីខ្លះ ? 
 
ក្រៅពីការខ្វែងគំនិតគ្នាលើភូមិសាស្ត្រនយោបាយ រដ្ឋមន្ត្រីហិរញ្ញវត្ថុ G20 និងទេសាភិបាលធនាគារកណ្តាលបានចែករំលែកទស្សនៈជុំវិញបញ្ហាសេដ្ឋកិច្ចពិភពលោក។ សេចក្តីសង្ខេបរបស់ប្រធាន G20 បានកត់សម្គាល់ថា សង្គ្រាម ជម្លោះ ការបែងចែកសេដ្ឋកិច្ច និងការការពារពាណិជ្ជកម្មជាហានិភ័យធ្លាក់ចុះដល់សេដ្ឋកិច្ច។ 
 
ទោះបីជាមានកំណើនយឺត រហូតមកដល់ពេលនេះសេដ្ឋកិច្ចពិភពលោកបានជៀសផុតពីវិបត្តិសេដ្ឋកិច្ច ក្រោយមានការបារម្ភពីការដំឡើងអត្រាការប្រាក់យ៉ាងខ្ពស់នៅក្នុងប្រទេសសេដ្ឋកិច្ចធំៗដូចជាអាម៉េរិក និងតំបន់ចាយប្រាក់អឺរ៉ូ រួមទាំងបញ្ហាអចលនទ្រព្យនៅចិន។
 
G20 បានកត់សម្គាល់ថា ការរក្សាអត្រាប្តូរប្រាក់បរទេសជាមូលដ្ឋានគ្រឹះសេដ្ឋកិច្ចដ៏រឹងមាំស្របពេលការប្រែប្រួលអត្រាប្តូរប្រាក់ដោយគ្មានសណ្តាប់ធ្នាប់ នឹងជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ចពិភពលោក។
 
ទន្ទឹមនេះ ប្រេស៊ីលបានផ្តល់អាទិភាពក្នុងការប្រយុទ្ធប្រឆាំងនឹងវិសមភាព និងបង្កើតពិភពលោកប្រកបដោយនិរន្តរភាព និងយុត្តិធម៌។ ក្នុងអំឡុងពេលកិច្ចប្រជុំ G20 រដ្ឋមន្ត្រីហិរញ្ញវត្ថុប្រេស៊ីលបានអំពាវនាវឱ្យមានការយកពន្ធសមធម៌បន្ថែមទៀត សំដៅលើក្រុមអ្នកមាន៕ 
 

Tag:
 G20
  ហិរញ្ញវត្ថុ
  សេចក្តីថ្លែងការណ៍
© រក្សាសិទ្ធិដោយ thmeythmey.com