អន្តរជាតិ
អាម៉េរិក ទម្លាក់ជំនួយតាមផ្លូវអាកាសលើកដំបូងនៅក្នុងតំបន់កាហ្សា
03, Mar 2024 , 1:59 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
អាម៉េរិក នៅថ្ងៃទី២ ខែមីនា បានចាប់ផ្តើមទម្លាក់ជំនួយផ្នែកស្បៀងអាហារតាមផ្លូវអាកាសលើកដំបូង នៅក្នុងតំបន់កាហ្សា ស្របពេលក្រសួងសុខាភិបាលនៅក្នុងតំបន់មួយនេះ បានបញ្ជាក់ថា កុមារជាច្រើននាក់ បានបាត់បង់ជីវិត ដោយសារខ្វះអាហារបរិភោគ និងកង្វះទឹកក្នុងខ្លួន។
 
១ថ្ងៃក្រោយប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន បានប្រកាសពីផែនការទម្លាក់ជំនួយស្បៀងអាហារនៅតំបន់កាហ្សា យោធាអាម៉េរិក បានបើកប្រតិបត្តិការទម្លាក់ជំនួយស្បៀងអាហារតាមផ្លូវអាកាស នៅថ្ងៃទី២ ខែមីនា។ ជំនួយបែបនេះ នឹងជួយប្រជាជនប៉ាឡេស្ទីន បានកាន់តែច្រើន ព្រោះប្រជាជន កំពុងត្រូវការជំនួយខ្លាំង ដើម្បីរស់រានមានជីវិត ស្របពេលអុីស្រាអែល នៅតែបន្តបើប្រតិបត្តិការយោធាក្នុងតំបន់កាហ្សា។
 
«យើងបានដឹកនាំការផ្តល់ជំនួយមនុស្សធម៌តាមផ្លូវអាកាសទៅក្នុងតំបន់កាហ្សា»។ មន្រ្តីយោធាអាម៉េរិកម្នាក់បានបញ្ជាក់បែបនេះ នៅថ្ងៃទី២ ខែមីនា ដោយបន្តថា ប្រតិបត្តិការនោះ មានការចូលរួមពីយន្តហោះដឹកជញ្ជូនC-130 ផងដែរ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
 
តាមការបញ្ជាក់របស់បញ្ជាការដ្ឋាន US Central Command យោធាអាម៉េរិក និងហ្សកដានី ជាក្រុមទទួលបន្ទុកទម្លាក់ជំនួយស្បៀងអាហារតាមផ្លូវអាកាស។ បញ្ជាការដ្ឋានដដែល បានបន្តថា ខ្លួននឹងនៅតែបន្តបេសកកម្មផ្តល់ជំនួយផ្នែកស្បៀងអាហារនៅក្នុងតំបន់កាហ្សា ហើយនៅពេលខាងមុខ អាម៉េរិក គ្រោងដឹកជញ្ជូនស្បៀងតាមផ្លូវសមុទ្រវិញម្តង។
 
ការទម្លាក់ជំនួយស្បៀងអាហារប្រមាណ ៣៨០០០មុខនេះ ត្រូវបានធ្វើឡើងជាលើកដំបូង បើគិតចាប់តាំងពីជម្លោះរវាងអុីស្រាអែល និងហាម៉ាស ផ្ទុះឡើងនៅក្នុងខែតុលា ឆ្នាំ២០២៣។ ជំនួយដ៏សំខាន់នេះ ធ្វើឡើងក្រោយ ក្រសួងសុខាភិបាលគ្រប់គ្រងដោយក្រុមហាម៉ាស ក្នុងតំបន់កាហ្សា បានបញ្ជាក់ថា កុមារចំនួន ១៣នាក់ បានបាត់បង់ជីវិត ដោយសារខ្វះស្បៀងអាហារ និងកង្វះទឹកក្នុងខ្លួន៕ 
 

Tag:
 អាម៉េរិក
  អុីស្រាអែល
© រក្សាសិទ្ធិដោយ thmeythmey.com