អន្តរជាតិ
លោកសេដ្ឋាទទួលស្គាល់ថា បុព្វបុរសថៃមកពីចិន
03, Mar 2024 , 2:59 pm        
រូបភាព
លោកវ៉ាង​ យី រដ្ឋមន្រ្តីការបរទេសចិន (ខាងឆ្វេង) និងលោកសេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ នៅខែមករា ឆ្នាំ២០២៤។ រូបភាព Xinhua
លោកវ៉ាង​ យី រដ្ឋមន្រ្តីការបរទេសចិន (ខាងឆ្វេង) និងលោកសេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ នៅខែមករា ឆ្នាំ២០២៤។ រូបភាព Xinhua
បុព្វជនរបស់ថៃ គឺមកពីចិន។ នេះជាពាក្យសម្តីរបស់លោកសេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ នៅក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានចិនមួយចេញផ្សាយនៅថ្ងៃទី២ ខែមីនា។ មេដឹកនាំរូបនេះ បានអះអាងថា ជនជាតិថៃភាគច្រើន មានកេរ្តិ៍តំណែលចិនជាប់ជាមួយខ្លួន។
 
នៅថ្ងៃទី១ ខែមីនា ថៃ និងចិន បានចាប់ផ្តើមអនុវត្តជាផ្លូវការលើការលុបចោលទិដ្ឋាការរយៈពេលវែង សម្រាប់ភ្ញៀវទេសចរប្រទេសទាំងពីរ។ គោលនយោបាយបែបនេះ នឹងធ្វើឱ្យថៃ អាចទាក់ទាញភ្ញៀវទេសចរចិនមកលេងប្រទេសខ្លួន កាន់តែច្រើនបន្ថែមទៀត។ 
 
នៅក្នុងកិច្ចសម្ភាសន៍មួយជាមួយសារព័ត៌មានចិន ចេញផ្សាយនៅថ្ងៃទី២ ខែមីនា លោកសេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ ត្រូវបានសួរសំណួរពាក់ព័ន្ធនឹងមូលហេតុនៃការលុបចោលទិដ្ឋាការទៅវិញទៅមករយៈពេលវែង។ 
 
«ប្រជាជនថៃភាគច្រើនមានកេរ្តិ៍តំណែលចិន ហើយបុព្វជនរបស់យើងក៏មកពីចិនផងដែរ»។ នាយករដ្ឋមន្រ្តីថៃ បានតបនឹងសំណួររបស់អ្នកសារព័ត៌មានជាភាសាអង់គ្លេសបែបនេះ ដោយបន្តក្នុងទឹកមុខញញឹមថា ទំនាក់ទំនងប្រជាជនទាំងពីរ ក៏មានភាពល្អជាមួយគ្នាផងដែរ។ 
 
បន្ថែមពីនេះ មេដឹកនាំថៃ បានបន្តថា មូលហេតុដែលថៃអនុវត្តគោលនយោបាយលុបចោលទិដ្ឋាការរយៈពេលវែងជាមួយចិន គឺដោយសារប្រជាជនថៃ ចូលចិត្តធ្វើដំណើរទៅចិន ក្នុងនោះមានដូចជាក្រុងប៉េកាំង សៀងហៃ និងទីក្រុងផ្សេងទៀត។ បន្ថែមពីនេះ ប្រមុខរដ្ឋាភិបាលរូបនេះ បានកត់សម្គាល់ផងដែរថា ចិនជាភ្ញៀវទេសចរលំដាប់ទីមួយរបស់ថៃ ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយ។ ត្រង់ចំណុចនេះ លោកសេដ្ឋា បានចាត់ទុកការលុបចោលការផ្តល់ទិដ្ឋាការ នឹងជួយសេដ្ឋកិច្ចក្នុងស្រុក។ 
 
កន្លងមក ថៃ បានដាក់គោលដៅទាក់ទាញភ្ញៀវចិនឱ្យបាន ៨លាននាក់ នៅដំណាច់ឆ្នាំ២០២៤៕ 
 

Tag:
 ថៃ
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com