កីឡាអន្តរជាតិ
អន្តរជាតិ
AP Bren ឈ្នះជើងឯកជាមួយទឹកប្រាក់ ៣៥ម៉ឺនដុល្លារ, ONIC រងជើងឯក ១៦ម៉ឺន រីឯ Burn x Flash ២,៥ម៉ឺន
03, Mar 2024 , 8:59 pm        
រូបភាព
ក្រុមកីឡាអេឡិចត្រូនិក AP Bren ជើងខ្លាំងរបស់ហ្វីលីពីនគ្រងពានរង្វាន់ធំថ្មីមួយបន្ថែមទៀត Games of The Future ទទួលបានថ្លៃប្រាក់រង្វាន់ចំនួន ៣៥០,០០០ម៉ឺនដុល្លារ នៅក្នុងទីក្រុង Kazan ប្រទេសរុស្ស៊ី នាថ្ងៃទី២ ខែមីនា។ ចំណែកក្រុម ONIC Esports រងបរាជ័យវគ្គផ្តាច់ព្រ័ត្រក្រោមថ្វីដៃ AP Bren លើកទី២ ក្រុមរងជើងឯកទទួលបានប្រាក់រង្វាន់ ១៦០,០០០ម៉ឺនដុល្លារ រីឯក្រុម Burn X Flash របស់កម្ពុជាចំណាត់ថ្នាក់លេខ ៨ បាន ២៥,០០០ដុល្លារ។

 
Games of The Future លើវិញ្ញាសារកីឡាអេឡិចត្រូនិក Mobile Legends Bang Bang មានតម្លៃប្រាក់រង្វាន់សរុប ១លានដុល្លារ ហើយត្រូវបែងចែកតាមចំណាត់ថ្នាក់ចំពោះក្រុមចំនួនដែលចូលរួមទាំង ១៦ មកពីតំបន់ផ្សេងគ្នា។
 
ជាការប្រកួតឆ្លងកាត់វគ្គចែកពូលមាន ៤ក្រុម ហើយក្រុមដែលមានចំណាត់ថ្នាក់លេខ ១ ត្រូវរង់ចាំរួចជាស្រេចនៅកៅអីវគ្គ ៨ក្រុមចុងក្រោយ ខណៈដែលក្រុមលេខ ២ និងលេខ៣ ពីពូល A, B, C និង D ត្រូវប្រជែងគ្នាដណ្តើមកៅអីវគ្គ ៨ក្រុម។ AP Bren បានយកឈ្នះការប្រកួតតាំងពីវគ្គចែកពូលរហូតដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយបានទម្លាក់ក្រុម RRQ Hoshi មកពីឥណ្ឌូណេស៊ី ដើម្បីរង់ចាំនៅវគ្គផ្តាច់ព្រ័ត្រ។ 


 
ONIC Esports ជាក្រុមខ្លាំងមួយនៅក្នុងការប្រកួតដោយតែងយកឈ្នះការប្រកួតលើគូប្រជែងដោយងាយស្រួលហើយកាលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពួកគេបានទម្លាក់ក្រុមខ្លាំងមកពីតួកគី Fire Flux ដើម្បីប៉ះគ្នាជាថ្មីជាមួយនឹង AP Bren។
 
ONIC ឥណ្ឌូណេស៊ីធ្លាប់រងបរាជ័យលទ្ធផល ៤-៣ ក្រោមថ្វីដៃរបស់ AP Bren ដែលមានកីឡាករកំពុងលេងយល់ចិត្តគ្នាខ្លាំងទាំងទៅផ្លូវចិត្ត និងយុទ្ធសាស្ត្រក្រុមទាំងមូល នៅក្នុងការប្រកួតដ៏ស្វិតស្វាញក្នុងព្រឹត្តិការណ៍ M5 World Championship នៅក្នុងប្រទេសហ្វីលីពីន កាលពីខែធ្នូ ឆ្នាំ ២០២៣ កន្លងទៅ។ ពេលនេះ ONIC បន្តចាញ់ការប្រកួរក្រោមថ្វីដៃ AP Bren ជាថ្មី និងជាលើកទី២ ចាប់តាំងពីវគ្គផ្តាច់ព្រ័ត្រព្រឹត្តិការណ៍ M5។


 
AP Bren ក្រសោមបានពានរង្វាន់ធំបន្ថែមទៀត និងជាពានដំបូងក្នុងឆ្នាំ ២០២៤ ជាមួយប្រាក់រង្វាន់ ៣៥០,០០០ដុល្លារ, ONIC Esports លេខ២ បានប្រាក់រង្វាន់ ១៦០,០០០ដុល្លារ, ក្រុម Fire Flux Esports ចំណាត់ថ្នាក់លេខ៣ ទទួលបានប្រាក់ ១២០,០០០ដុល្លារ ហើយ RRQ Hoshi បាន ៧០,០០០ដុល្លារ។
 
ក្រុមចំណាត់ថ្នាក់ពីលេខ៥ ដល់លេខ៨ ទទួលបានប្រាក់រង្វាន់ ៣៥,០០០ដុល្លារដូចៗគ្នា ចំណែកក្រុមចំណាត់ថ្នាក់ពីលេខ៩ ដល់លេខ១២ ដែលក្នុងនោះមានក្រុម Burn X Flash របស់កម្ពុជាបានប្រាក់រង្វាន់ ២៥,០០០ដុល្លារ។ ក្រុមពីលេខ១៣ ដល់លេខ ១៦ ទទួលបានប្រាក់រង្វាន់ ១៥,០០០ដុល្លារ ពីការប្រកួត៕
 

Tag:
 Mobile Legends Bang Bang
  Games of The Future
© រក្សាសិទ្ធិដោយ thmeythmey.com