សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
បំណុលសាធារណៈអាម៉េរិកកើន ១ទ្រីលានដុល្លាររៀងរាល់១០០ថ្ងៃម្តង
04, Mar 2024 , 10:22 am        
រូបភាព
រូបភាព ៖ AFP
រូបភាព ៖ AFP
បន្ទុកបំណុលសាធារណៈអាម៉េរិកបានកើនឡើង ក្នុងអត្រាលឿនបំផុតមិនធ្លាប់មាន នៅប៉ុន្មានខែចុងក្រោយនេះ ដែលមានប្រហែល ១ទ្រីលានដុល្លាររៀងរាល់១០០ថ្ងៃម្តង។
 
យោងតាមក្រសួងអាម៉េរិក បំណុលសាធារណៈនេះ បានកើនឡើងលើសពី ៣៤ទ្រីលានដុល្លារនៅដើមឆ្នាំនេះ។ ពីមុន ទំហំបំណុលនេះមានប្រហែល ៣៣ទ្រីលានដុល្លារកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ និងចំនួនប្រមាណ ៣២ទ្រីលានដុល្លារនៅថ្ងៃទី១៥ ខែមិថុនាឆ្នាំ២០២៣។ 
 
ដំណើរនៃការកើនឡើង ១ទ្រីលានដុល្លារពីតួលេខ ៣១ទ្រីលានដុល្លារ វាចំណាយពេលត្រឹមតែ១០០ថ្ងៃប៉ុណ្ណោះ នារយៈពេលចុងក្រោយនេះ។ បំណុលសាធារណៈអាម៉េរិក ដែលរដ្ឋាភិបាលសហព័ន្ធខ្ចី ដើម្បីចាត់ចែងលើការចំណាយប្រតិបត្តិការនានា បច្ចុប្បន្នមានចំនួនជិត ៣៤,៤ទ្រីលានដុល្លារ។ 
 
លោក Michael Hartnett អ្នកជំនាញធនាគារអាម៉េរិក បាននិយាយថា វដ្តនៃការកើនឡើង ១ទ្រីលានដុល្លារក្នុង១០០ថ្ងៃ នឹងបន្តកើនឡើងពី ៣៤ទ្រីលានដុល្លារ ដល់៣៥ទ្រីលានដុល្លារ។ 
 


«មិនមានអ្វីគួរឲ្យភ្ញាក់ផ្អើលទេ ចំពោះវិធានការនិយមប្រើសម្រាប់ប្រឆាំងប្រាក់ដុល្លារ ស្របពេលមានការកើនឡើងបំណុលសាធារណៈដូចជា មាស Bitcoin សុទ្ធតែកើនឡើង។  តម្លៃមាសបច្ចុប្បន្នកំពុងជួញដូរនៅជុំវិញ ២០៨១ដុល្លារក្នុងមួយអោនស៍ កើនឡើងប្រហែល៦ភាគរយ ក្នុងរយៈពេល៦ខែកន្លងមក។ ទន្ទឹមនេះ bitcoin បានកើនឡើងដល់ ៦១ពាន់ដុល្លារដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២១ និងកើនឡើងជិត ៥០ភាគរយចាប់តាំងពីដើមឆ្នាំមក»។ លោក Michael Hartnett បានប្រាប់ទូរទស្សន៍ CNBC បែបនេះនៅថ្ងៃទី១ ខែមីនា។ 
 
លើសពីនេះ ក្រុមហ៊ុនប្រឹក្សាវិនិយោគ Moody បានទម្លាក់ទស្សនវិស័យចំណាត់ថ្នាក់រដ្ឋាភិបាលអាម៉េរិក ពីមានស្ថិរភាពមកមកអវិជ្ជមាន កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ដោយសារមានហានិភ័យផ្នែកហិរញ្ញវត្ថុនៅក្នុងប្រទេសនេះ។
 
ការទម្លាក់ចំណាត់ថ្នាក់របស់ Moody ធ្វើឡើងក្នុងបរិបទអត្រាការប្រាក់ខ្ពស់, គោលនយោបាយសារពើពន្ធមិនមានប្រសិទ្ធភាពក្នុងការកាត់បន្ថយចំណាយ និងបង្កើនចំណូល។ Mooody បាននិយាយថា​ ៖ «ឱនភាពសារពើពន្ធរបស់អាម៉េរិកនឹងនៅតែមានចំនួនច្រើន ដែលធ្វើអោយសមត្ថភាពលើការដោះបំណុលនៅតែខ្សោយ»៕  

Tag:
 អាម៉េរិក
  បំណុលសាធាណៈ
© រក្សាសិទ្ធិដោយ thmeythmey.com