អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
តុលាការ​លើកចោលបទចោទលោកស្រី ​យីងឡាក់ លើសំណុំរឿងដេញថ្លៃគម្រោងធ្វើផ្លូវ
04, Mar 2024 , 5:59 pm        
រូបភាព
រូបភាព ៖ X/@PouYingluck
រូបភាព ៖ X/@PouYingluck
តុលាការកំពូលថៃនៅថ្ងៃទី៤ ខែមីនា បានទម្លាក់ចោលការចោទប្រកាន់ក្នុងសំណុំរឿងប្រឆាំងនិងអតីតនាយករដ្ឋមន្ត្រី យីងឡាក់ ស៊ីណាវ៉ាត់  និងបក្សពួក៤នាក់ទៀតពាក់ព័ន្ធនឹងការដេញថ្លៃគម្រោង Thailand 2022 Roadshow ។ គម្រោងនោះមានតម្លៃ ២៤០លានបាត (៦,៧លានដុល្លារ) នៅក្នុងឆ្នាំ២០១៣។
 
តុលាការកំពូលថៃ បានសម្រេចលើកចោលលើសំណុំរឿងរបស់គណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយ ដែលបានប្តឹងលោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ និងមនុស្សបួននាក់ផ្សេងទៀត ជុំវិញការដេញថ្លៃគម្រោងហេដ្ឋារចនាសម្ព័ន្ធ Thailand 2022 Roadshow ក្នុងឆ្នាំ២០១៣ ដោយចោទប្រកាន់ពីបទបង្កការខូចខាតដល់ប្រទេស ដោយមិនអនុវត្តតាមនីតិវិធី ដែលមានតម្លៃ៦,៧ លានដុល្លារ។
 
តុលាការកំពូលថៃ បានបោះឆ្នោតលើកចោលបទចោទនោះក្នុងសំឡេងគាំទ្រ៩ ដោយគ្មានសំឡេងប្រឆាំង។ តុលាការដដែលក៏បានជំទាស់នឹងដីកាចាប់ខ្លួនលោកស្រី យីងឡាក់ ពាក់ព័ន្ធនឹងបទចោទខាងលើផង។
 
«តុលាការកំពូលថៃនៅថ្ងៃនេះ បានច្រានចោលសំណុំរឿងលោកស្រី យីងឡាក់ និងអ្នកផ្សេងទៀត ដោយលើកហេតុផលថា ពួកគេបំពេញភារកិច្ចរបស់ខ្លួនតាមច្បាប់ និងមិនបានស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួនឡើយ»។ នេះបើតាមសារព័ត៌មាន Reuters ដកស្រង់សម្តីលោកមេធាវី Noppadon Laothong។ 
 
កន្លងមក អតីតនាយករដ្ឋមន្ត្រីរបស់ថៃរូបនេះ ត្រូវតុលាការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ ពាក់ព័ន្ធនឹងកម្មវិធីស្រូវរបស់រដ្ឋាភិបាល ដែលត្រូវបានគេនិយាយថា បានបង្កការខូចខាតរាប់ពាន់លានដុល្លារ។
 
កម្មវិធី​ឧបត្ថម្ភធន​តម្លៃ​ស្រូវ​របស់​រដ្ឋបាល​របស់​អតីត​នាយក​រដ្ឋមន្ត្រី យីងឡាក់ បាន​ទិញ​ស្រូវ​ពី​កសិករ​ក្នុង​តម្លៃ​ខ្ពស់​ជាង​តម្លៃ​ទីផ្សារ ៥០ភាគរយ។ គោលនយោបាយនេះត្រូវបានគាំទ្រដោយកសិករ ប៉ុន្តែមានការរិះគន់ថាគោលនយោបាយនេះធ្វើឱ្យរដ្ឋខាតបង់ប្រហែល ៧-៨ពាន់លានដុល្លារ។
 
លោកស្រី យីងឡាក់ ធ្លាប់បាននិយាយថា លោកស្រីទទួលខុសត្រូវចំពោះគោលនយោបាយប៉ុណ្ណោះ មិនមែនការគ្រប់គ្រងកម្មវិធីប្រចាំថ្ងៃនោះទេ។ អតីត​នាយក​រដ្ឋមន្ត្រី​ថៃ​ក៏​បាន​បដិសេធ​ការ​ធ្វេសប្រហែស​នៃ​ការ​ទទួល​ខុស​ត្រូវ​ក្នុង​កម្មវិធី​អង្ករនោះ​ដែរ។
 
នៅថ្ងៃទី១៣ ខែកុម្ភៈ បង​ប្រុស​របស់​លោកស្រី យីងឡាក់ គឺ​លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ត្រូវ​បាន​លើកលែង​ទោស។ លោកថាក់ស៊ីនបានត្រឡប់មកថៃវិញកាលពីខែសីហាឆ្នាំមុន បន្ទាប់ពីបានស្នាក់នៅក្រៅប្រទេសអស់រយៈពេល ១៥ឆ្នាំ ដើម្បីចៀសវាងការចោទប្រកាន់ពីបទរំលោភអំណាច និងអំពើពុករលួយ៕
 

Tag:
 ថៃ
  តុលាការ
  យីងឡាក់ ស៊ីណាវ៉ាត់
© រក្សាសិទ្ធិដោយ thmeythmey.com