សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
កូរ៉េខាងត្បូងចាត់វិធានការព្យួរ​អាជ្ញាប័ណ្ណវេជ្ជបណ្ឌិតកម្មសិក្សា ដែលបានតវ៉ាជាច្រើនថ្ងៃ
05, Mar 2024 , 8:59 am        
រូបភាព
វេជ្ជបណ្ឌិតកូរ៉េបានតវ៉ានៅទីក្រុងសេអ៊ូលកាលពីថ្ងៃទី៣ ខែមីនា ដើម្បីតវ៉ាចំពោះការដំឡើងកូតាចូលរៀននៅសាលាវេជ្ជសាស្ត្រ។ រូបថត ៖ AFP
វេជ្ជបណ្ឌិតកូរ៉េបានតវ៉ានៅទីក្រុងសេអ៊ូលកាលពីថ្ងៃទី៣ ខែមីនា ដើម្បីតវ៉ាចំពោះការដំឡើងកូតាចូលរៀននៅសាលាវេជ្ជសាស្ត្រ។ រូបថត ៖ AFP
កូរ៉េខាងត្បូង បានចាប់ផ្តើមដំណើរការនីតិវិធីព្យួរអាជ្ញាប័ណ្ណវេជ្ជបណ្ឌិតកម្មសិក្សាប្រមាណ ៧០០០នាក់ ដែលបានផ្គើននឹងបទបញ្ជារបស់រដ្ឋាភិបាលឲ្យចូលធ្វើការវិញ។
 
​កូរ៉េខាងត្បូង​បាន​ប្រកាស​ត្រួតពិនិត្យ​មន្ទីរពេទ្យ​ដើម្បី​ដាក់ទណ្ឌកម្មដល់វេជ្ជបណ្ឌិតកម្មសិក្សា​ដែល​មិន​ចូល​ធ្វើការ​ និង​ព្យួរ​អាជ្ញាប័ណ្ណ​​មនុស្ស​ចំនួន៧០០០នាក់ដែលទៅចូលរួមធ្វើកូដកម្ម​។
 
«ចាប់ពីថ្ងៃនេះតទៅ យើងមានគម្រោងត្រួតពិនិត្យមន្ទីរពេទ្យដើម្បីកំណត់អត្តសញ្ញាណពេទ្យដែលមិនចូលធ្វើការ។ វេជ្ជបណ្ឌិត​ដែល​មិន​ទាន់​ចូល​ធ្វើ​ការ​វិញ អាច​ប្រឈម​នឹង​បញ្ហា​ធ្ងន់ធ្ងរ​ក្នុង​អាជីព​របស់​ពួក​គេ»។ រដ្ឋមន្ត្រីសុខាភិបាលកូរ៉េខាងត្បូង លោក Cho Kyoo-hong បាននិយាយតាមកញ្ចក់ទូរទស្សន៍នៅថ្ងៃទី៤ ខែមីនា។ 
 
អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល Park Min-soo បានប្រកាសនៅក្នុងសន្និសីទសារព័ត៌មានជាបន្តបន្ទាប់ថា រដ្ឋាភិបាលនឹងចាប់ផ្តើមដំណើរការដកហូតអាជ្ញាប័ណ្ណសុខាភិបាលរបស់ពេទ្យក្នុងស្រុកប្រហែល ៧០០០នាក់ដែលបានចូលរួមក្នុងកូដកម្ម។ នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ការ​ឆ្លើយ​តប​ដ៏​តឹងរ៉ឹង​បំផុត​របស់​រដ្ឋាភិបាល​កូរ៉េ​ចំពោះ​ចលនា​កូដកម្ម​រួម​របស់​ក្រុម​ពេទ្យកម្មសិក្សា។
 
លោក Park បាននិយាយថា ៖« យើងនឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ និងឆាប់រហ័សចំពោះអ្នកដែលបង្កឱ្យមានសកម្មភាពរួមដែលនាំឱ្យមានភាពវឹកវរក្នុងវិស័យសុខាភិបាល»។ នេះបើតាមសារព័ត៌មាន Yonhap ។
 
គួរជម្រាបថា វេជ្ជបណ្ឌិតកម្មសិក្សាកូរ៉េខាងត្បូងប្រហែល ៩០០០នាក់ ស្មើនឹង ៧០ភាគរយនៃក្រុមគ្រូពេទ្យកម្មសិក្សារបស់ប្រទេសបានឈប់ពីការងារចាប់តាំងពីថ្ងៃទី២០ ខែកុម្ភៈ បណ្តាលឲ្យការវះកាត់ជាច្រើនត្រូវបានលុបចោល ព្រមទាំងធ្វើឱ្យសេវាពិនិត្យ និងព្យាបាលនៅទ្រឹងនៅក្នុងប្រទេស។
 
រដ្ឋាភិបាលកូរ៉េខាងត្បូងព្រមានថា ក្រុមគ្រូពេទ្យដែលធ្វើកូដកម្មនឹងត្រូវប្រឈមមុខនឹងការដាក់ទណ្ឌកម្មផ្នែករដ្ឋបាល និងព្រហ្មទណ្ឌ រួមទាំងការព្យួរអាជ្ញាប័ណ្ណរយៈពេល១ឆ្នាំ ជាប់ពន្ធនាគារចំនួន៣ឆ្នាំ ឬពិន័យជាប្រាក់ចំនួន៣០លានវ៉ុន (ជាង២ម៉ឺនដុល្លារ) ប្រសិនបើពួកគេមិនចូលធ្វើការនៅថ្ងៃទី២៩ ខែកុម្ភៈ។ បច្ចុប្បន្ន​មាន​តែ​វេជ្ជបណ្ឌិត​ជាង​៥៦០​នាក់​ប៉ុណ្ណោះ​ដែល​បាន​ត្រឡប់​ទៅ​ធ្វើ​ការ​វិញ​តាម​ដីកា ខណៈអ្នក​ខ្លះនៅ​បន្ត​ធ្វើ​កូដកម្ម។
 
គួរបញ្ជាក់ថា ក្រុមគ្រូពេទ្យកូរ៉េខាងត្បូងបានរួមគ្នាលាឈប់ពីការងារ ដើម្បីតវ៉ាចំពោះផែនការរបស់រដ្ឋាភិបាលក្នុងការបង្កើនការចុះឈ្មោះសិស្សចូលរៀនពេទ្យបន្ថែម
 
ចំនួន ២០០០នាក់ ពីលើចំនួន ៣ពាន់នាក់ក្នុងពេលបច្ចុប្បន្ន ចាប់ពីឆ្នាំ២០២៥ទៅ។ 
 
ការបង្កើនកូតាគ្រូពេទ្យនេះ ជាមធ្យោបាយមួយផ្នែករបស់រដ្ឋាភិបាលដើម្បីដោះស្រាយកង្វះវេជ្ជបណ្ឌិតនៅតាមតំបន់ជនបទ និងផ្នែកវេជ្ជសាស្ត្រសំខាន់ៗដូចជា ពេទ្យកុមារ និងវះកាត់សរសៃប្រសាទ និងការថែទាំប្រជាជនដែលមានវ័យចំណាស់។ 
 
ក្រុមគ្រូពេទ្យដែលចូលរួមកូដកម្មបានអះអាងថា ការដំឡើងកូតានឹងធ្វើឱ្យខូចគុណភាពនៃការអប់រំផ្នែកវេជ្ជសាស្រ្ត និងសេវាកម្មផ្សេងទៀត ហើយនាំឱ្យតម្លៃថ្លៃព្យាបាលកាន់តែខ្ពស់សម្រាប់អ្នកជំងឺ៕ 

Tag:
 កូរ៉េខាងត្បូង
  វេជ្ជបណ្ឌិត
© រក្សាសិទ្ធិដោយ thmeythmey.com