សង្គមអន្តរជាតិ​
អន្តរជាតិ
វៀតណាម ចាប់ផ្តើមកាត់ទោសសេដ្ឋិនីអចលនទ្រព្យពីបទឆបោកទ្រង់ទ្រាយធំ
05, Mar 2024 , 3:59 pm        
រូបភាព
លោកស្រី Truong My Lan នៅតុលាការប្រជាជនហូជីមិញព្រឹកថ្ងៃទី៥ ខែមីនា ។ រូបភាព ៖ VnExpress
លោកស្រី Truong My Lan នៅតុលាការប្រជាជនហូជីមិញព្រឹកថ្ងៃទី៥ ខែមីនា ។ រូបភាព ៖ VnExpress
តុលាការប្រជាជនទីក្រុងហូជីមិញ នៅថ្ងៃទី៥ ខែមីនា បានចាប់ផ្តើមកាត់ទោសលោកស្រី Truong My Lan ដែលជាសេដ្ឋិនីអចលនព្រទ្យដ៏ធំមួយនៅវៀតណាម និងជនជាប់ចោទដទៃទៀតក្នុងសំណុំរឿងឆបោកទឹកប្រាក់ប្រមាណ ១២ពាន់លានដុល្លារ។
 
តុលាការប្រជាជនទីក្រុងហូជីមិញនៅថ្ងៃទី៥ ខែមីនា​ បានបើកសវនាការកាត់ទោសជនជាប់ចោទ Truong My Lan អាយុ៦៨ ឆ្នាំ ជាប្រធានក្រុមហ៊ុនអចលនទ្រព្យ Van Thinh Phat Group និងអ្នកសមគំនិតចំនួន ៨៥នាក់ពាក់ព័ន្ធនឹងឆបោកទឹកប្រាក់ ៣០៤ទ្រីលានដុង (១២,៤៦ពាន់លានដុល្លារពីធនាគារ Saigon Joint Stock Commercial Bank (SCB) និងអង្គភាពពាក់ព័ន្ធ។ ការកាត់ក្តីរំពឹងថា នឹងអូសបន្លាយពេលរហូតដល់ថ្ងៃទី២៩ ខែមេសា។ 
 
កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ អយ្យការកំពូលបានចោទ​ប្រកាន់​លោកស្រី Lan ពី​បទ​កេង​បន្លំ, ​ផ្តល់​សំណូក និង​បំពាន​បទប្បញ្ញត្តិ​ធនាគារដែលអាចប្រឈមនឹងទោសប្រហារជីវិត។ 
 
កន្លងមកបូលិសវៀតណាមបានចោទប្រកាន់ថា ទោះបីជាជនជាប់ចោទ Truong My Lan មិនបានកាន់តំណែងនៅធនាគារ SCB ក៏ដោយ ក៏លោកស្រីជាអ្នករៀបចំ និងគ្រប់គ្រងមេដឹកនាំជាបន្តបន្ទាប់នៃធនាគារនេះ ដើម្បីជួយពួកគេដកហូតប្រាក់ជាង ៣០៤ទ្រីលានដុង។
 
ដីកា​ចោទ​ប្រកាន់​របស់អយ្យការកំពូលបាន​ចែង​ថា ចាប់​ពី​ឆ្នាំ​២០១២ ដល់​ខែ​តុលា ឆ្នាំ​២០២២ លោកស្រី Truong My Lan បាន​ទិញ​និង​កាន់​កាប់​ភាគហ៊ុន SCB ៨៥-៩១,៥ភាគរយ។ ចាប់ពីពេលនោះមក ចុងចោទបានក្លាយជាម្ចាស់ភាគហ៊ុនដែលមាន អំណាចដើម្បីដឹកនាំ ប្រតិបត្តិការ និងរៀបចំសកម្មភាពទាំងអស់របស់ SCB ដើម្បីមប្រើផលប្រយោជន៍បក្សពួកខ្លួន។ 
 
គួរបញ្ជាក់ថា មានជនជាប់ចោទ៨៥នាក់នៅសេសសល់ផ្សេងទៀតរួមមានអតីតមេដឹកនាំ និងមន្ត្រីធនាគារ SCB ៤៥ នាក់, អតីតមន្ត្រីធនាគាររដ្ឋ១៥នាក់, អតីតមន្ត្រីអធិការកិច្ចរដ្ឋាភិបាលចំនួន៣នាក់ និងអតីតមន្ត្រីសវនកម្មរដ្ឋ១នាក់ ត្រូវបានចោទពីបទកេងបន្លំទ្រព្យសម្បត្តិ ការសូកប៉ាន់ ការរំលោភលើមុខតំណែង និងអំណាចក្នុងពេលបំពេញមុខងារ៕ 

Tag:
 ហូជីមិញ
  វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com