សង្គមអន្តរជាតិ​
អន្តរជាតិ
ថៃ និងហ្វីលីពីន មិនសប្បាយចិត្ត ក្រោយសិង្ហបុរី ម៉ៅផ្តាច់តន្ត្រី Taylor Swift នៅអាស៊ីអាគ្នេយ៍
06, Mar 2024 , 9:29 am        
រូបភាព
នាយករដ្ឋមន្រ្តីសិង្ហបុរី លី សៀនឡូង និងតារាចម្រៀង taylor swift។ រូបភាព ៖​ AFP
នាយករដ្ឋមន្រ្តីសិង្ហបុរី លី សៀនឡូង និងតារាចម្រៀង taylor swift។ រូបភាព ៖​ AFP
សិង្ហបុរី អាចក្លាយជាគោលដៅតែមួយគត់នៃការប្រគំតន្ត្រីរបស់តារាចម្រៀង Taylor Swift ប្រចាំតំបន់អាស៊ីអាគ្នេយ៍។ លោកនាយករដ្ឋមន្ត្រី លី សៀនឡុង បានអះអាងបែបនេះ ក្នុងសន្និសីទសារព័ត៌មានមួយនៅក្រុងមែលប៊ន។ វាជាដំណឹងដែលមិនអាចទទួលយកបាននោះឡើយសម្រាប់ថៃ និងហ្វីលីពីន។


ការប្រគំតន្ត្រីទេសចរណ៍ពិភពលោក Eras Tour របស់តារាចម្រៀងប៉ុប Taylor Swift នៅកីឡដ្ឋានជាតិសិង្ហបុរីរយៈពេល ៦យប់ ពោលគឺពីថ្ងៃទី២ ដល់ថ្ងៃទី៩ ខែមីនា នេះ បានលក់អស់សំបុត្រចូលទស្សនា។ បើតាមសារព័ត៌មាន Bloomberg បុរីរដ្ឋមួយនេះ បានចំណេញកប់ក្តោង ដោយសារតែ Taylor Swift មានប្រជាប្រិយភាពយ៉ាងខ្លាំងនៅតំបន់អាស៊ីអាគ្នេយ៍។

យ៉ាងណាមិញ កាលវិភាគសម្រាប់សម្តែងរបស់ Taylor Swift នៅសិង្ហបុរីកំពុងបង្កភាពចម្រូងចម្រាស និងទាញការរិះគន់ពីមន្ត្រីប្រទេសជិតខាងមួយចំនួន។ ពួកគេនិយាយថា សិង្ហបុរីបានដើរខ្សែលើ ខណៈពេលស្នើសុំឱ្យ Taylor Swift សម្តែងផ្តាច់មុខ។

កាលពីខែមុន នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន បាននិយាយថា សិង្ហបុរីបានបង់ប្រាក់ឱ្យ Taylor Swift ១០០លានបាត (ជាង ២,៧លានដុល្លារ) ជាមួយនឹងលក្ខខណ្ឌថាសិង្ហបុរីជាប្រទេសតែមួយគត់សម្រាប់ការសម្តែងនៅអាស៊ីអាគ្នេយ៍។

ស្របពេលជាមួយគ្នានេះ សមាជិកសភាម្នាក់របស់ហ្វីលីពីន ក៏បានទាមទារឱ្យក្រសួងការបរទេសរបស់ខ្លួនលើកយករឿងនេះ ទៅនិយាយជាមួយតំណាងទូតសិង្ហបុរីប្រចាំហ្វីលីពីន ផងដែរ។

នាសន្និសីទសារព័ត៌មានមួយនៅក្រុងមែលប៊ន កាលពីថ្ងៃ៥ ខែមីនា នាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី សៀនឡុង បានអះអាងថា ទីភ្នាក់ងារសិង្ហបុរីបានចរចាដើម្បីរៀបចំការអញ្ជើញ Taylor Swift ទៅកាន់ប្រទេសនេះ និងជាកន្លែងសម្តែងផ្តាច់មុខតែមួយគត់នៅអាស៊ីអាគ្នេយ៍។

លោក លី បានសង្កត់ធ្ងន់ថា៖ «យើងបានឈានដល់កិច្ចព្រមព្រៀងមួយ ហើយវាទទួលបានជោគជ័យខ្លាំងណាស់ ខ្ញុំមិនគិតថាវាជាសកម្មភាពមិនរាក់ទាក់នោះទេ»។
 
រដ្ឋមន្ត្រីក្រសួងវប្បធម៌ សហគមន៍ និងយុវជនសិង្ហបុរីលោក Edwin Tong បានឆ្លើយតបថា ចំនួនទឹកប្រាក់ដែលសិង្ហបុរីបានចំណាយដើម្បី Taylor Swift ក្លាយជាតារាចម្រៀងតែមួយគត់នៅអាស៊ីអាគ្នេយ៍ មិនច្រើនដូចពាក្យចចាមអារ៉ាមតាមអ៊ីនធឺណិតទេ។
 
បើតាមលោក Tong សម្រាប់ហេតុផលសម្ងាត់នៃកិច្ចសន្យាជាមួយតារាសម្តែងរូបនេះ សិង្ហបុរីមិនអាចបង្ហាញពីចំនួនជាក់លាក់ ឬលក្ខខណ្ឌសម្រាប់ការអញ្ជើញតារាចម្រៀងនោះទេ។
 
គួរបញ្ជាក់ថា ដំណើរកម្សាន្តរបស់តារាចម្រៀង Taylor Swift នៅសិង្ហបុរីនឹងបញ្ចប់នៅថ្ងៃទី ៩ ខែមីនា។ សារព័ត៌មាន The Straits Times បានដកស្រង់សម្តីអ្នកជំនាញសេដ្ឋកិច្ចដែលប៉ាន់ស្មានថាព្រឹត្តិការណ៍តន្ត្រីអាចជំរុញសេដ្ឋកិច្ចសិង្ហបុរីបាន ៥០០លានដុល្លារពីប្រាក់ចំណូលក្នុងវិស័យទេសចរណ៍៕



Tag:
 ​សិង្ហបុរី
  ​លី សៀនឡុង​
  Taylor Swift
© រក្សាសិទ្ធិដោយ thmeythmey.com