សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ការលក់iPhone នៅចិនធ្លាក់ចុះ២៤ភាគរយ ព្រោះការប្រជែងពី Huawei
07, Mar 2024 , 8:29 am        
រូបភាព
ម៉ូដែល iPhone 14 ត្រូវបានបង្ហាញនៅហាង Apple ក្នុងទីក្រុងប៉េកាំង ។ រូបភាព ៖ AFP
ម៉ូដែល iPhone 14 ត្រូវបានបង្ហាញនៅហាង Apple ក្នុងទីក្រុងប៉េកាំង ។ រូបភាព ៖ AFP
ព្រោះមានការប្រឈមនឹងការប្រកួតប្រជែងដ៏ខ្លាំងក្លាពីក្រុមហ៊ុន Huawei ការលក់ ទូរសព្ទដៃ iPhone នៅចិនបានធ្លាក់ចុះ ២៤ភាគរយក្នុងរយៈពេល ៦សប្តាហ៍ដើមឆ្នាំ២០២៤។ នេះបើយោងតាមក្រុមស្រាវជ្រាវ ​​Counterpoint ។
 
ក្រុមហ៊ុន​Apple ដែលផលិតទូរសព្ទ iPhone  កំពុងស្ថិតក្រោមសម្ពាធខ្លាំងពីក្រុមហ៊ុន Huawei បន្ទាប់ពីស៊េរី Mate 60 ត្រូវបានដាក់លក់កាលពីចុងខែសីហា ឆ្នាំ២០២៣ និងទទួលការពេញនិយមច្រើនពីអតិថិជន។ នៅចុងសបា្តហ៍មុន Apple បានបញ្ចុះតម្លៃ iPhone 15 Pro Max មកត្រឹម ៨៨៤៩យ័ន (១២៣០ដុល្លារ) ដែលទាបថ្លៃដើម ១១៥០យ័ន (១៦០ដុល្លារ)។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC។
 
ក្រៅពី iPhone ម៉ូដែលទូរស័ព្ទក្រុមហ៊ុនចិនផ្សេងទៀតក៏មានការធ្លាក់ថ្លៃដែរនៅដើមឆ្នាំ២០២៤នេះ។ ស្ថិតិរបស់ក្រុមហ៊ុនពីក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Counterpoint បានបង្ហាញថា ប្រាក់ចំណូលនៃការលក់ស្មាតហ្វូនរបស់ Oppo ធ្លាក់ចុះ ២៩ភាគរយ ធៀបគ្រាដូចគ្នាកាលពី២ឆ្នាំមុន ខណៈ Vivo និង Xiaomi ធ្លាក់ចុះ ១៥ភាគរយ និង៧ភាគរយរៀងគ្នា។ 
 
សម្រាប់ម៉ូដែលទទួលបានប្រាក់ចំណូលខ្ពស់បំផុតរយៈពេល ៦សប្តាហ៍ដើមឆ្នាំ២០២៤ គឺ Huawei កើនឡើង ៦៤ភាគរយ និង Honor កើនឡើង ២ភាគរយ។ 
 
«Apple កំពុងរងការប្រកួតប្រជែងពីម៉ាកល្បីៗក្នុងស្រុកចិន ជាពិសេសនៅពេលដែលក្រុមហ៊ុន Huawei ហក់ចូលការប្រើប្រាស់បច្ចេកវិទ្យាកម្រិតខ្ពស់»។ នេះបើតាមសារព័ត៌មាន SCMP ដកស្រង់សម្តីលោក Guo Tianxiang អ្នកវិភាគទីផ្សារប្រចាំក្រុមហ៊ុន​ចិន IDC។ 
 
បើតាមលោក Guo ប្រាក់ចំណូលការលក់ iPhone បានធ្លាក់ចុះនៅដើមឆ្នាំនេះ ខណៈស្មាតហ្វូន Android លំដាប់ខ្ពស់តម្លៃលើ ៤០០០យ័ន (៥៥៥ដុល្លារ) កំពុងត្រូវប៉ាន់។ លោកថា អ្នកប្រើប្រាស់បានកត់សម្គាល់ស្មាតហ្វូន Android ពីរីកចម្រើនផ្នែកបច្ចេកវិទ្យា និងការរចនា ខណៈម៉ូដែល iPhone មិនសូវមានភាពខុសប្លែកពីជំនាន់មុនៗ។
 
កាល​ពី​ឆ្នាំ​មុន ក្រុមហ៊ុន​ Huawei ​បាន​ប្រកាស​ចេញត្រកូល Mate 60  ជាមួយ​នឹង​ការ​តភ្ជាប់បច្ចេកវិទ្យា 5G។ ការផ្លាស់ប្តូរនេះ បានក្លាយជាការភ្ញាក់ផ្អើលដ៏ធំមួយសម្រាប់ពិភពលោក ស្របពេលរដ្ឋាភិបាលអាម៉េរិកបានអនុវត្តវិធានការជាច្រើនដូចជា ការកាត់ផ្តាច់ការផ្គត់ផ្គង់បន្ទះឈីប និងបច្ចេកវិទ្យាសំខាន់ៗសម្រាប់បណ្តាញទូរស័ព្ទ 5G របស់ក្រុមហ៊ុន Huawei ៕ 

Tag:
 iPhone
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com