ជាតិ
​​​ន​យោ​បាយ​ជាតិ​
រដ្ឋមន្រ្តីការពារជាតិកម្ពុជា ៖ អាស៊ានស័ក្តិសមជាស្ពានដោះស្រាយបញ្ហាប្រឈមរបស់ពិភពលោក
07, Mar 2024 , 9:43 am        
រូបភាព
រដ្ឋមន្រ្តីការពារជាតិអាស៊ាន ចូលរួមកិច្ចប្រជុំចង្អៀតអាស៊ាន នៅទីក្រុងហ្លួងព្រះបាង ប្រទេសឡាវ ចាប់ពីថ្ងៃទី៤ ដល់៦ មីនា ២០២៤។ រូបពីហ្វេសប៊ុកក្រសួងការពារជាតិកម្ពុជា។
រដ្ឋមន្រ្តីការពារជាតិអាស៊ាន ចូលរួមកិច្ចប្រជុំចង្អៀតអាស៊ាន នៅទីក្រុងហ្លួងព្រះបាង ប្រទេសឡាវ ចាប់ពីថ្ងៃទី៤ ដល់៦ មីនា ២០២៤។ រូបពីហ្វេសប៊ុកក្រសួងការពារជាតិកម្ពុជា។
បញ្ហាភូមិសាស្រ្តនយោបាយ និងជម្លោះនានា នៅលើពិភពលោក ត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំចង្អៀត រដ្ឋមន្ត្រីការពារជាតិអាស៊ាន នៅទីក្រុងហ្លួងព្រះបាង ប្រទេសឡាវ ចាប់ពីថ្ងៃទី៤ ដល់៦ មីនា។ អាស៊ានស័ក្តិសមជាស្ពានដោះស្រាយបញ្ហាប្រឈមទាំងនេះ។
 
បណ្តារដ្ឋមន្ត្រីការពារជាតិអាស៊ាន បានផ្លាស់ប្តូរទស្សនៈគ្នា ស្ដីពីទំនាក់ទំនងខាងក្រៅរបស់អាស៊ានជាមួយដៃគូពាក់ព័ន្ធ ។ ជាពិសេសការគិតគូលើការឯកភាព និងការធ្វើឱ្យមានប្រសិទ្ធិភាពនូវកិច្ចសហប្រតិបត្តិការជាក់ស្ដែង ក្រោមយន្តការកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM ) និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM -Plus ) ដែលមានស្រាប់។ 
 
ជាមួយគ្នានេះ បញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីបារម្ភរួមគ្នានោះ ត្រូវបានរដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកយកមកពិភាក្សា និងផ្លាស់ប្តូរទស្សនៈគ្នាផងដែរ។ ថ្លែងក្នុងកិច្ចប្រជុំចង្អៀតនេះ រដ្ឋមន្ត្រីការពារជាតិកម្ពុជា លោក ទៀ សីហា បានសង្កត់ធ្ងន់ថា ការបែងចែកភូមិសាស្ត្រនយោបាយ គឺជាកត្តារួមចំណែកឱ្យមានអសន្តិសុខសកលលោក ហើយបង្កឱ្យកើតមានជម្លោះថ្មីៗ និងពិបាកស្វែងរកដំណោះស្រាយ។ 
 
រដ្ឋមន្រ្តីការពារជាតិអាស៊ាន ចូលរួមកិច្ចប្រជុំចង្អៀតអាស៊ាន នៅទីក្រុងហ្លួងព្រះបាង ប្រទេសឡាវ ចាប់ពីថ្ងៃទី៤ ដល់៦ មីនា ២០២៤។ រូបពីហ្វេសប៊ុកក្រសួងការពារជាតិកម្ពុជា។

«ការកើនឡើងនៃភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ក៏នឹងធ្វើឱ្យប៉ះពាល់ដល់សមត្ថភាពរួមគ្នារបស់យើងក្នុងការឆ្លើយតបរួមគ្នាចំពោះបញ្ហាប្រឈមធំៗ ដែលយើងអាចនឹងជួបប្រទះ។ ក្នុងន័យនេះយើងចាំបាច់ត្រូវពង្រឹងកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីស្វែងរកនូវដំណោះស្រាយជាពហុភាគី និងដោះស្រាយនូវការបោកបក់នៃភូមិសាស្ត្រនយោបាយ»។ នេះជាសម្តីរបស់លោក ទៀ សីហា ដែលត្រូវបានផ្សព្វផ្សាយលើហ្វេសប៊ុកផ្លូវការរបស់ក្រសួងការពារជាតិកម្ពុជា កាលពីថ្ងៃទី៦ មីនា។
 
ឧបនាយករដ្ឋមន្រ្តីកម្ពុជា ដែលបានដឹកនាំប្រតិភូការពារជាតិ ចូលរួមកិច្ចប្រជុំចង្អៀតនេះ បានបន្ថែមទៀតថា អាស៊ាន ជាកម្លាំងមួយ ដែលអាចដោះស្រាយបញ្ហាប្រឈមរបស់ពិភពលោកនេះបាន។ «អាស៊ានគឺសក្តិសមជាស្ពានជួយលើបញ្ហានោះ។ ជាពិសេសកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM -Plus)ជាវេទិកាតែមួយគត់ ដែលប្រទេសមហាអំណាចចូលរួមកិច្ចសហប្រតិបត្តិការផ្នែកយោធា និងកិច្ចសហប្រតិបត្តិការជាក់ស្តែងរួមគ្នាឆ្ពោះទៅការដោះស្រាយបញ្ហាប្រឈមរួម»។ នេះបើតាមលោក ទៀ សីហា ដែលបានស្វាគមន៍បណ្តាប្រទេសនានា និងដៃគូខាងក្រៅ ក្នុងការចាប់អារម្មណ៍ចូលរួមកិច្ចសហប្រតិបត្តិការជាមួយ ADMM និងADMM បូក ។
 
សម្រាប់លោក ទៀ សីហា ការទទួលបានចំណាប់អារម្មណ៍ពីដៃគូនានានេះ ជាសក្ខីកម្មមួយ ដែលបង្ហាញថា ADMM និង ADMM បូក ជាវេទិកាមានប្រសិទ្ធិភាព និងសក្ដានុពល ជំរុញការកសាងទំនុកចិត្តជាយុទ្ធសាស្រ្ត និងសហប្រតិបត្តិការការពារជាតិ សម្រាប់សន្តិភាព សន្តិសុខ និងភាពធន់ក្នុងតំបន់៕

Tag:
 អាស៊ាន
  ភូមិសាស្រ្តនយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com