អន្តរជាតិ
អាស៊ាន
អូស្ត្រាលី-អាស៊ាន ជំរុញឱ្យបញ្ឈប់ជាបន្ទាន់ចំពោះអំពើហិង្សានៅមីយ៉ាន់ម៉ា
07, Mar 2024 , 10:29 am        
រូបភាព
កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី នៅថ្ងៃទី៦ ខែមីនា។ រូបភាព AFP
កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី នៅថ្ងៃទី៦ ខែមីនា។ រូបភាព AFP
នាយករដ្ឋមន្ត្រីអូស្រ្តាលីលោក អាន់តូនី អាល់បានីស រួមជាមួយមេដឹកនាំអាស៊ាន នៅថ្ងៃទី៦ ខែមីនា ដោយបានទទូចឱ្យបញ្ឈប់ជាបន្ទាន់ចំពោះអំពើហិង្សាទាំងអស់នៅមីយ៉ាន់ម៉ា ហើយជ្រោមជ្រែងការអនុវត្តតាមផែនការ ៥ចំណុច។ ការអំពាវនាវបែបនេះ ធ្វើឡើងស្របពេលការប៉ះទង្គិចរវាងរបបសឹក និងក្រុមជនជាតិភាគតិច បន្តប៉ះទង្គិចជាមួយគ្នា។
 
អូស្ត្រាលីធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលពិសេសជាមួយបណ្ដាប្រទេសអាស៊ាននៅទីក្រុងមែលប៊ន ដើម្បីប្រារព្ធខួបលើកទី ៥០នៃទំនាក់ទំនងរបស់ខ្លួនជាមួយប្លុក និងដើម្បីពិភាក្សាអំពីបញ្ហា ជាច្រើនរាប់ចាប់ពីទំនាក់ទំនងរវាងប្រទេស និងប្លុក ដល់ជម្លោះសមុទ្រចិនខាងត្បូង ការប៉ះទង្គិចនៅតំបន់កាហ្សា មីស៊ីលកូរ៉េខាងជើង និងជម្លោះអ៊ុយក្រែនជាដើម។ 
 
តាមសេចក្តីប្រកាសទីក្រុងមែលប៊ន អូស្រ្តាលី និងអាស៊ាន បានបញ្ជាក់ជាថ្មីពីស្ថានភាពនៅមីយ៉ាន់ម៉ា។ ក្នុងកិច្ចប្រជុំមួយនេះ តំណាងមីយ៉ាន់ម៉ា នៅតែអវត្តមាន។ 
 
«យើងបានពិភាក្សាអំពីការវិវដ្តនៅមីយ៉ាន់ម៉ា និងបញ្ជាក់ឡើងវិញនូវការគាំទ្ររបស់យើង ចំពោះផែនការ ៥ ចំណុចរបស់អាស៊ាន ដែលជាឯកសារយោងសំខាន់របស់អាស៊ានក្នុងការដោះស្រាយវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា»។ សេចក្ដីថ្លែងការណ៍រួមខាង បានលើកឡើងបែបនេះ ដោយបន្តថា បណ្ដាប្រទេសអាស៊ាន រួមជាមួយអូស្ត្រាលីថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះអំពើហិង្សាដែលនៅតែបន្តកើតមាន។ ភាគីទាំងពីរ បានអំពាវនាវជាថ្មីឱ្យបញ្ឈប់អំពើហិង្សាជាបន្ទាន់ផងដែរ។ 
 
ការធ្វើទុក្ខបុកម្នេញ និងអំពើហិង្សាដោយរបបយោធាមីយ៉ាន់ម៉ាបានកើតឡើងតាំងពីរដ្ឋប្រហារ កាលពីឆ្នាំ ២០២១។ ការប្រឈមមុខរវាងយោធា និងក្រុមប្រដាប់អាវុធជនភាគតិចថ្មីៗនេះ ក៏បានបង្កឱ្យប៉ះពាល់ដល់អាយុជីវិតជន់ស៊ីវិលផងដែរ។
 
ទន្ទឹមនេះ សេចក្តីថ្លែងការណ៍រួម បានអរគុណចំពោះកិច្ចខិតខំជាបន្តបន្ទាប់របស់ ប្រធានអាស៊ានតាមរយៈបេសកជនពិសេស ក្នុង ការបង្កើនការចូលរួមជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីកសាងទំនុកចិត្ត បង្កើតបរិយាកាសអំណោយផល ការផ្សារភ្ជាប់និងគម្លាត និងភាពខុសគ្នាដែលនាំទៅដល់ការសន្ទនាថ្នាក់ ជាតិដែលរួមបញ្ចូលសម្រាប់ដំណោះស្រាយនយោបាយដ៏ទូលំទូលាយ។
 
បណ្ដាប្រទេសចូលរួមក៏បានសង្កត់ធ្ងន់ពីសារសំខាន់ នៃការគាំទ្របន្តសម្រាប់ការប្តេជ្ញាចិត្ត របស់មីយ៉ាន់ម៉ាក្នុងការធានាសុវត្ថិភាព និងសន្តិសុខសម្រាប់សហគមន៍ទាំងអស់នៅក្នុងរដ្ឋ រ៉ាក់ឃីនប្រកបដោយប្រសិទ្ធភាពតាមដែលអាចធ្វើទៅបាន និងសម្របសម្រួលការវិលត្រឡប់ ដោយស្ម័គ្រចិត្តរបស់ជនភៀសខ្លួនប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ក្រោមកិច្ចព្រម ព្រៀងរវាងមីយ៉ាន់ម៉ា និងបង់ក្លាដែស៕

Tag:
 អូស្រ្តាលី
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com