ជាតិ
សង្គមជាតិ
ឆ្នាំ២០២៣ ក.យ.គ បានបណ្ដុះបណ្ដាលជំនាញ និងសមត្ថភាពដល់យុវជនច្រើន
07, Mar 2024 , 6:59 pm        
រូបភាព
ភ្នំពេញ៖ ជិត៣ឆ្នាំនេះ ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា ក.យ.គ នៃសហភាពសហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក. បានអនុវត្តការងារយ៉ាងច្រើន។ ជាពិសេសបណ្ដុះបណ្ដាលជំនាញ បច្ចេកទេស និងការអភិវឌ្ឍបច្ចេកវិទ្យាក្នុងយុគសម័យឌីជីថល សម្រាប់យុវជន។


នាសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ នៅថ្ងៃទី៧ ខែមីនា លោក ស សុខា ប្រធានក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា បានលើកឡើងថា ២០២៣ ជាឆ្នាំដែល ក.យ.គ បានជំរុញឱ្យយុវជនមានសកម្មភាពច្រើន ក្នុងព្រឹត្តិការណ៍សង្គមសំខាន់ៗ។ ក្នុងនោះ មានការសង្កេតការណ៍បោះឆ្នោតថ្នាក់ជាតិ, ព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម​ , យុទ្ធនាការ Beyond The Games , បត់បេះដូងច្រើនជាងគេលើពិភពលោក ,កម្មវិធីអង្គរសង្រ្កាន្ត និងកៀរគរយុវជនចូលជាសមាជិកស.ស.យ.ក. ផងដែរ។
  


លើសពីនេះ ក.យ.គ ក៏បានសហការជាមួយស្ថាប័នពាក់ព័ន្ធ ពង្រឹងសមត្ថភាពយុវជន ក្នុងការថែរក្សាសន្តិភាពសង្គម,ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះ។ ទន្ទឹងនឹងនេះ ក.យ.គ ក៏បានចូលរួមជួយពង្រឹងការអភិវឌ្ឍន៍បច្ចេកវិទ្យា ក្នុងវិស័យអប់រំ នាយុគសម័យឌីជីថល និងការប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម ប្រកបដោយភាពត្រឹមត្រូវថែមទៀតផង។
 
ថ្លែងចំពោះអង្គសន្និបាតជាង៥០០នាក់ ប្រធានក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា ប្ដេជ្ញាចូលរួមពង្រឹងសមត្ថភាពយុវជនលើគ្រប់វិស័យ ពិសេសជួយជំរុញលើការបណ្ដុះបណ្ដាល បច្ចេកវិទ្យាដល់យុវជន ដែលជាតម្រូវការដ៏ចាំបាច់បំផុតក្នុងយុគសម័យឌីជីថល។ លោកក៏លើកទឹកចិត្តដល់យុវជនឱ្យចូលរួមក្នុងដំណើរការអភិវឌ្ឍសង្គម និងយុវជនរបស់ក.យ.ក នៃស.ស.យ.ក ដើម្បីកសាងស្នាដៃ និងភាពរីកចម្រើន៕



Tag:
 ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា
 កយគ
© រក្សាសិទ្ធិដោយ thmeythmey.com